Tuesday, July 2, 2024
Homeសង្គម និងជីវិតយាយ៩១ឆ្នាំ ប្រគល់ស្នាដៃត្បាញហូលពិតាន ជូនសារមន្ទីរ

យាយ៩១ឆ្នាំ ប្រគល់ស្នាដៃត្បាញហូលពិតាន ជូនសារមន្ទីរ

ខេត្តតាកែវ ៖ លោកយាយអាយុ៩១ឆ្នាំម្នាក់ ដែលមានជំនាញត្បាញហូល តាំងពីអាយុ២០ឆ្នាំ បានសម្រេចត្បាញហូលពិតាន (ហូលមានក្បាច់គោមសាច់រឿងព្រះវេស្សន្តរជាតក) ដែលជាស្នាដៃតម្បាញជំនាញយ៉ាងប៉ិនប្រសប់ និងជាស្នាដៃចុងក្រោយរបស់លោកយាយ សម្រាប់ជា ទាន ប្រគល់ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើ ម្បីអភិរក្ស និងតាំងបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកយាយ ម្ចាស់ស្នាដៃត្បាញហូលពិតាន មានឈ្មោះលឹម មាជ អាយុ៩១ឆ្នាំ ជាអ្នកភូមិត្រពាំងស្តុក ឃុំតាំង យ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

យោងតាមប្រភពអាជ្ញាធរអប្សរា បានឱ្យដឹង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ទទួលបានអំណោយហូលពិតាន ចំនួន៣ផ្ទាំង ពីពលរដ្ឋដែលជាអ្នកតម្បាញសូត្រ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។ ហូលពិតាននេះ មានក្បាច់គោមសាច់រឿងព្រះវេស្សន្តរជាតក ដែលស្នាដៃពោរពេញដោយសិល្បៈ និងជំនាញយ៉ាងប៉ិនប្រសប់។

ប្រជាពលរដ្ឋ ដែលបរិច្ចាគហូលពិតាន មានបំណងចូលរួមផ្សព្វផ្សាយពីតួនាទីហូលពិតាន នៅក្នុងសង្គមខ្មែរ ទៅកាន់សារធារណជន ព្រមទាំងបណ្តុះផ្នត់គំនិតស្រឡាញ់ និងជួយថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត។

លោកយាយ លឹម មាជ អាយុ៩១ឆ្នាំ ជាអ្នកភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស បានឱ្យដឹងថា គាត់ចេះជំនាញត្បាញហូល តាំងពីអាយុ២០ឆ្នាំ ហើយក៏អាចត្បាញហូលពិតានផង។ ថ្វីត្បិតតែសព្វថ្ងៃ គាត់មានវ័យជរា មិនអាចត្បាញបាន ក៏ប៉ុន្តែគាត់បរិច្ចាគហូលពិតានចំនួន ១ផ្ទាំង ដែលជាស្នាដៃចុងក្រោយ សម្រាប់ជាទាន មកដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីអភិរក្ស និងតាំងបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ។ លោកយាយ លឹម មាជ បង្ហាញទឹកចិត្តត្រេកអរជាខ្លាំង ក្នុងការធ្វើអំណោយហូលពិតាន ដល់សារមន្ទីរ ដោយលោកយាយចង់ឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ និងជួយថែរក្សាកុំឱ្យបាត់បង់។

អ្នកស្រី គង់ សុភ័ក្រ មន្ត្រីអភិរក្សវាយនភណ្ឌនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា ថ្មីៗនេះសារមន្ទីរទទួលបានសមុច្ច័យ ចំនួន៤៤ ពីប្រជាពលរដ្ឋ ២៧គ្រួសារ រស់នៅខេត្តតាកែវ។ ក្នុងចំណោមនោះ មានហូលពិតាន ចំនួន៣ ហើយហូលពិតាននេះ មានតួនាទីសំខាន់ ដូចជារូបព្រះបត់ដែរ ដែលពួកគាត់ត្បាញសម្រាប់តាំងនៅទីសក្ការៈ ឬវត្តអារាម និងមានអ្នកជាវដើម្បីប្រគេនព្រះសង្ឃ ជាដើម។ ស្នាដៃសិល្បៈ ត្បាញហូលពិតាន របស់អ្នកខេត្តតាកែវ គឺមានជាច្រើនជំនាន់មកហើយ ដែលផ្ទេរជំនាញនេះបន្តគ្នារហូតមកដល់សព្វថ្ងៃ។

អ្នកស្រី គង់ សុភ័ក្រ បានពន្យល់ថា បច្ចុប្បន្ននេះ កូនខ្មែរជំនាន់ក្រោយ មិនសូវស្គាល់ហូលពិតាននេះទេ គឺស្គាល់តែហូលដែលគេត្បាញសម្រាប់កាត់ជាសម្លៀកបំពាក់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រៅពីតាំងបង្ហាញសម្លៀកបំពាក់សហសម័យ និងឧប ករណ៍តម្បាញមកពីបណ្តាប្រទេសចំនួន៥ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គា ក៏មានការអភិរក្ស និងតាំងបង្ហាញជាអចិន្ត្រៃយ៍នូវហូលពិតាន ចំនួន៦ផ្ទាំង មាន ក្បាច់គោមសាច់រឿងពុទ្ធប្រវត្តិ ក្បាច់គោមសត្វហង្ស និងក្បាច់គោមសត្វនាគ ជាដើម៕

RELATED ARTICLES