Saturday, June 29, 2024
Homeសង្គម និងជីវិត វ៉ៃខ្នោះនិស្សិត ឆបោកប្រាក់តាមតាមបណ្តាញសង្គម

 វ៉ៃខ្នោះនិស្សិត ឆបោកប្រាក់តាមតាមបណ្តាញសង្គម

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្ក្រាបលើករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការបង្ក្រាបនេះ សមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ក.រ.ស ភេទប្រុស ជានិស្សិត មានលំនៅក្នុងខេត្តកំពង់ធំ។

តាមប្រភពសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានជនល្មើសដែលជាមេខ្លោង អូសទាញនិងបញ្ជាឱ្យធ្វើសកម្មភាពទទួលប្រាក់ពីអំពើឆបោកពីប្រជាពលរដ្ឋ តាមរូបភាពវិនិយោគ ក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram ហើយបំប្លែងជារូបិយប័ណ្ណឌីជីថល (Cryptocurrentcy) តាមកម្មវិធី Binance ។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះការអូសទាញពីជនអនាមិកក្នុងការវិនិយោគដែលគ្មានប្រភពច្បាស់លាស់ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ជាមធ្យោបាយឆបោក ដែលនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ និងខាតបង់ប្រាក់ ហើយសូមកុំធ្វើជាបុគ្គលិក ឬភ្នាក់ងារទទួលប្រាក់ដែលគ្មានប្រភពច្បាស់លាស់ ដែលអាចបណ្តាលឱ្យខ្លួនក្លាយជាសហចារី និងត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

RELATED ARTICLES