Tuesday, January 21, 2025
Homeព័ត៌មានជាតិសកម្មជនប្រឆាំងផ្តាច់ខ្លួន បក្សកាន់អំណាចថា ពីមុនទ្រង់ទ្រាយតូច ឥឡូវទ្រង់ទ្រាយធំ

សកម្មជនប្រឆាំងផ្តាច់ខ្លួន បក្សកាន់អំណាចថា ពីមុនទ្រង់ទ្រាយតូច ឥឡូវទ្រង់ទ្រាយធំ

ភ្នំពេញ ៖ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា អតីតឧកញ៉ាស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្ស២នាក់ របួស២នាក់ ហើយត្រូវតុលាការ សម្រេចចោទបទប្រកាន់ពីបទឃាតកម្ម (មិនគិតទុកជាមុន) អាចជាប់ទោសពី១៥ឆ្នាំ ទៅ៣០ឆ្នាំនោះ គួរដាក់គុក១ជីវិត ទើបសម។ ជាមួយនេះ អ្នកនាំពាក្យបក្សកាន់អំណាច បានលើកឡើងទាក់ទងនឹងព្រឹត្តិការណ៍នយោបាយ ក្នុងន័យចំអកឲ្យបក្សប្រឆាំងថា សកម្មជនប្រឆាំង ពីមុនផ្ដាច់ខ្លួនទ្រង់ទ្រាយតូច តែឥឡូវផ្ដាច់ខ្លួនទ្រង់ទ្រាយធំ ។លោកសុខ ឥសាន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ថា នៅក្នុងសង្គមប្រជាធិបតេយ្យសេរី បក្សនយោបាយតែងតែទាក់ទាក់មក ជារឿងធម្មតា បក្សដែលទាក់គេមិនបាន កុំអាក់អន់ចិត្តអី? ការដែលមានសកម្មជនបក្សប្រឆាំង​ ចាកចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ធ្វើឲ្យពួកប្រឆាំងភិតភ័យស្លន់ស្លោ និងខឹងសម្បាយ៉ាងខ្លាំងពីភាពបរាជ័យរបស់ខ្លួន។ ពីពេលកន្លងទៅ សកម្មជនបក្សប្រឆាំង បានផ្តាច់ខ្លួនពីបក្សប្រឆាំង និងមករួមរស់ជាមួយបក្សកាន់អំណាច ជាទ្រង់ទ្រាយតូច ឥឡូវនេះបានមករួមរស់ជាមួយបក្សកាន់អំណាច ជាទ្រង់ទ្រាយធំ ដល់រយនាក់ ដោយហេតុថា ដឹងពីកំហុសឆ្គងរបស់ខ្លួន និងភ្ញាក់រលឹកមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ។

លោកសុខ ឥសាន បានសរសេរបន្តថា ការចូលទៅរករឿងគេដល់ក្នុងផ្ទះរបស់គេ ហើយបាញ់សម្លាប់មនុស្ស ដល់ទៅ២នាក់ គឺជាអំពើឃាតកម្មដោយគិតទុកជាមុន មិនមែនជាអំពើឃាតកម្មដោយអចេតនាទេ គួរតែដាក់គុកអស់មួយជីវិត​ ទើបសម។ តាមវីដេអូ អ្នកផ្ទះមិនបានប្រតិកម្មខ្លាំងទៅលើស្រី ស៊ីណា ទេ តែបើមានការជេរប្រមាថ ក៏ជាការសមមុខស្រី ស៊ីណា ហើយ ដែលអាងខ្លួនជាឧកញ៉ា បែរជាពាក់ស្បែកជើងចូលទៅក្នុងផ្ទះគេ ដោយអសីលធម៌ សមមុខឲ្យគេជេរហើយ…។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា ការផ្ដាច់ខ្លួនទ្រង់ទ្រាយតូច មកជាការផ្ដាច់ខ្លួនទ្រង់ទ្រាយធំ របស់សកម្មជនប្រឆាំង វាឆ្លុះបញ្ចាំងឲ្យឃើញថា ចរន្តនៃការផ្ដាច់ខ្លួនចេញពីក្រុមឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា កាន់តែមានលក្ខណៈទ្រង់ទ្រាយធំ ។ ចំណែកករណីអតីតឧកញ៉ា ស្រី ស៊ីណា ដែលថាបាញ់សម្លាប់មនុស្ស២នាក់ គួរដាក់គុក ១ជីវិតនោះ គឺជាកំហឹងរបស់មហាជន ដែលលោកគ្រាន់តែដកស្រង់មក ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ទ្រង់ទា្រយធំ ពីមុនមកមួយ មកពីរ មកបី មកបួន ឥឡូវហ្នឹង មកចង់រាប់រយហើយ ។ ប៉ុន្មានថ្ងៃមុននេះ គឺថាបូកសរុបទៅ បានមកម្ដង ១រយជាង ។ អ៊ីចឹងអានេះវាឆ្លុះបញ្ចាំងឲ្យឃើញថា ចរន្តនៃការផ្ដាច់ខ្លួនចេញពីក្រុមឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា វាកាន់តែមានលក្ខណៈទ្រង់ទ្រាយធំ ។ ក្នុងន័យនេះ អ្វីដែលខ្ញុំថា នៅក្នុងសង្គមប្រជាធិបតេយ្យសេរី បក្សនយោបាយតែងតែទាក់ទាក់មកជារឿងធម្មតា បក្សដែលទាក់គេមិនបានកុំអាក់អន់ចិត្តអីនោះ ខ្ញុំចង់បញ្ជាក់ថា អាហ្នឹងវាធម្មតាទេ បើយើងប្រកួតប្រជែងលើកម្មវិធីនយោបាយ ហើយបើប្រជាពលរដ្ឋ គេយល់ឃើញថា គណបក្សនយោបាយណាដែលមានកម្មវិធីនយោបាយល្អ ត្រឹមត្រូវ អាហ្នឹងគេមករួមរស់ជាមួយគណបក្សនយោបាយនោះ តែបើគណបក្សនយោបាយណា ឬក្រុមឧទ្ទាមក្រៅច្បាប់ណាដែលគេមិនទុកចិត្ត ហើយមើលទៅអំពីកម្មវិធីនយោបាយមិនខ្មេះទេ អាហ្នឹងគឺគេចាកចេញ ហើយគេមិនដើរតាម ។ អាហ្នឹងមានតែប៉ុណ្ណឹងទេ ក្នុងសង្គមប្រជាធិបតេយ្យ“ ។

 លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ហើយការដែលមានសកម្មជនបក្សប្រឆាំងចាកចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ធ្វើឲ្យពួកប្រឆាំង ភិតភ័យស្លន់ស្លោ និងខឹងសម្បាយ៉ាងខ្លាំងពីភាពបរាជ័យរបស់ខ្លួននោះ អាហ្នឹងជាការពិតហើយ ពីព្រោះកាលណាកម្លាំងនយោបាយ តែចេញពីក្នុងខ្លួនហើយ វាអស់ហើយ ។ យើងឃើញហើយ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៣ បក្សប្រឆាំង មានរហូតទៅដល់ ៣លាននាក់ ក៏ប៉ុន្តែឥឡូវនេះ នៅសល់មិនដល់ ១០% ផង យើងគិតមើល! អ៊ីចឹងទេ បានជាកម្លាំងនយោបាយ ដោយសារគេមើលឃើញអំពីកម្មវិធីនយោបាយមិនត្រឹមត្រូវ មិនជាទីសង្ឃឹមសម្រាប់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន អាហ្នឹងគេចាកចេញ ហើយគេមករួមរស់ជាមួយគណបក្សនយោបាយប្រជាជនកម្ពុជា ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ ដែលគេជឿទុកចិត្ត ហើយគេមានក្ដីសង្ឃឹមចំពោះអនាគតដ៏ភ្លើងស្វាងរបស់គេ ។ អ៊ីចឹងទេ បានគេមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហ្នឹងឯង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ម្យ៉ាងទៀត ការនិយាយថា ជាការបង្ខិតបង្ខំហ្នឹង វាហួសសម័យទៅហើយ ព្រោះក្នុងសង្គមប្រជាធិបតេយ្យ លំហនយោបាយ បានបើកទូលាយសម្រាប់ប្រជាពលរដ្ឋគ្រប់រូប គ្មាននរណាបង្ខិតបង្ខំអ្នកណាទេ ។ អាហ្នឹងការនិយាយបង្ខិតបង្ខំនេះ វាគ្រាន់តែជាការនិយាយលាបពណ៌ មើលងាយមើលថោកទៅដល់សកម្មជនរបស់ខ្លួនដែលចាកចេញតែប៉ុណ្ណោះ ។ និយាយទៅ ការផ្ដាច់ខ្លួន នឹងនៅមានបន្តទៀត ដោយឥឡូវចេះតែមកបន្តបន្ទាប់ ជារៀងរាល់ថ្ងៃហើយ ហើយមកនេះ មិនមែនមកអ្នកធម្មតាទេ មកសុទ្ធតែជាសកម្មជនជឿទុកចិត្តរបស់គណបក្សប្រឆាំង ពីមុនមក ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយឥឡូវនេះមិនត្រឹមតែជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទេ វាជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពេញសិទ្ធិទៅទៀត ។ ដូច្នេះគណបក្សយើងនៅតែស្វាគមន៍ទទួលជានិច្ច ពីព្រោះទោះបីថា គណបក្សប្រជាជន មានសមាជិក សមាជិកា ជាង៧លាននាក់ក៏ពិតមែន ក៏ប៉ុន្តែបើសិនណាជាបងប្អូនលះបង់នយោបាយអរិភាព អវិជ្ជមាន របស់ក្រុមឧទ្ទាមក្រៅច្បាប់ ហើយមកសុំរួមរស់ជាមួយគណបក្សប្រជាជន គណបក្សប្រជាជន នៅតែទទួលដោយដៃពីរដដែលទេ“ ។

 លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ចំពោះករណីអតីតឧកញ៉ា ស្រី ស៊ីណា ដែលថាការចូលទៅរករឿងគេដល់ក្នុងផ្ទះរបស់គេ ហើយបាញ់សម្លាប់មនុស្សដល់ទៅ ២នាក់ គឺជាអំពើឃាតកម្ម ដោយគិតទុកជាមុន មិនមែនជាអំពើឃាតកម្មដោយអចេតនាទេ គួរតែដាក់គុកអស់មួយជីវិត ទើបសមនោះ អានេះគ្រាន់តែដកស្រង់ចេញពីមតិសាធារណៈទូទៅដែលមានប្រតិកម្ម ហើយក្រោយពេលដែលឃើញបញ្ចេញវីដេអូឃើញស្រស់ៗអ៊ីចឹង គឺអ្នកណាក៏មានការថ្នាំងថ្នាក់ពីអំពើឃោរឃៅព្រៃផ្សៃរបស់អតីតឧកញ៉ា ស្រី ស៊ីណា ហ្នឹងដែរ ។ អ៊ីចឹងទេ ខ្ញុំគ្រាន់តែដកស្រង់អំពីទស្សនៈមហាជនទូទៅ ដែលគេមានសំណូមពរ ពីព្រោះការបាញ់សម្លាប់មនុស្ស ម្ដង២នាក់ហ្នឹង គឺថាជាអំពើឃោរឃៅព្រៃផ្សៃណាស់ ហើយដែលគ្នាអត់មានតដៃអីផង អង្គុយប្រជុំនៅក្នុងផ្ទះ ហើយទៅបាញ់ដូចសត្វតិរច្ឆានអ៊ីចឹង អាហ្នឹងវាជាការធ្វើឲ្យមហាជន ប្រជាជនហ្នឹងមានការក្ដៅក្រហាយ ហើយមានកំហឹងចំពោះជនដែលប្រព្រឹត្តបទល្មើសហ្នឹងខ្លាំងណាស់ ។ ដូច្នេះអាហ្នឹងជាកំហឹងមហាជន យើងមិនអាចជំទាស់បានទេ ក៏ប៉ុន្តែត្រង់ផ្លូវច្បាប់ អនុម័តយ៉ាងណា យើងផ្អែកទៅលើគោលការណ៍ច្បាប់ ជាពិសេសក្រមព្រហ្មទណ្ឌ ដែលចែងហើយ ។ ឥឡូវនេះ គឺថាតាមរយៈការធ្វើសន្និសីទសារព័ត៌មានរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ហ្នឹង គឺបញ្ជាក់ច្បាស់ហើយ តុលាការ នឹងចោទប្រកាន់ដោយពីរករណី ។ អ៊ីចឹងពីរករណីទៅ ជនជាប់ចោទយ៉ាងហោចណាស់ក៏ជាប់គុកលើសពី២០ឆ្នាំដែរ“ ។

ទោះបីយ៉ាងណា ការលើកឡើងរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ ថាសកម្មជនប្រឆាំង ពីមុនផ្ដាច់ខ្លួនទ្រង់ទ្រាយតូច តែឥឡូវផ្ដាច់ខ្លួនទ្រង់ទ្រាយធំ ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ដលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា ឃើញផ្ដាច់ខ្លួនតែរហូត មិនមែនមានន័យថា ប្រជាពលរដ្ឋ សកម្មជន បោះបង់ចោលបក្សប្រឆាំងទេ គឺបក្សប្រឆាំង នៅតែមាននៅក្នុងបេះដូងរបស់ពួកគាត់រហូត នៅពេលរឿងអយុត្តិធម៌របស់សង្គម នៅតែមានច្រើន ។ ដូច្នេះអ្នកដែលចុះចូលជាមួយគណបក្សកាន់អំណាចនោះ ភាគច្រើនដោយសារតែចង់រួចខ្លួនពីការបំភិតបំភ័យ គំរាមកំហែង ចាប់ដាក់គុកតែប៉ុណ្ណោះ ឯការពិត​ មិនមែនចុះចូលដោយសុទ្ធចិត្តនោះទេ ហើយបក្សប្រឆាំង មិនបរាជ័យនោះទេ បើសិនជាបើកឲ្យបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ) រស់ឡើងវិញ ចូលរួមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បក្សកាន់អំណាច ច្បាស់ជាចាញ់បក្សប្រឆាំង មិនខាន ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “យើងឃើញផ្ដាច់ខ្លួនតែរហូត ក៏ប៉ុន្តែនៅតែបក្សប្រឆាំងនៅតែមាន ប្រជាពលរដ្ឋនៅតែរងភាពអយុត្តិធម៌ និងការឈឺចាប់ ។ ដូច្នេះអ្នកចូលរួមជាមួយបក្សប្រឆាំង នៅតែមានអ៊ីចឹងឯង បានជាលោកហ៊ុន សែន តាមកម្ទេចបក្សប្រឆាំង រហូតដល់បញ្ជាឲ្យសកម្មជនរបស់ខ្លួនហ្នឹង ជាពិសេសអ្នកដែលចុះចូលហ្នឹង ឲ្យប្រើលលកទាក់លលក ហើយនិងគំរាមកំហែងថា នឹងចេញមួយ វ៉ៃមួយ ។ ដូច្នេះមានន័យថា បក្សប្រឆាំង នៅតែមាននៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋរហូត នៅពេលរឿងអយុត្តិធម៌របស់សង្គមហ្នឹង នៅតែមានច្រើន ។ ដូច្នេះមិនមែនជាការបរាជ័យរបស់បក្សប្រឆាំងនោះទេ តាមពិតដោយសារតែរបបលោកហ៊ុន សែន របបលោកហ៊ុន ម៉ាណែត ហ្នឹងកាន់អំណាចផ្ដាច់ការ អ៊ីចឹងធ្វើការគាបសង្កត់ បំភិតបំភ័យសកម្មជនហ្នឹង ចាប់គេដាក់ពន្ធនាគារ ។ ដូច្នេះអ្នកខ្លះចង់រួចខ្លួន ក៏ចុះចូលគណបក្សប្រជាជន ទៅ មិនមែនចុះចូលដោយសុទ្ធចិត្ត ដោយស្រលាញ់គណបក្សប្រជាជន នោះទេ ដោយសារការបង្ខិតបង្ខំ ការគំរាមកំហែង ចាប់ដាក់ពន្ធនាគារ បំភិតបំភ័យអ៊ីចឹងទៅ ឬក៏មិនឲ្យប័ណ្ណក្រីក្រអ៊ីចឹងទៅ ។ ដូច្នេះការដែលគេចូលហ្នឹង មិនមែនចូលដោយស្ម័គ្រចិត្តនោះទេ អ្នកដែលមិនពេញចិត្តគណបក្សប្រជាជន ហ្នឹងច្រើនណាស់ ។ អ៊ីចឹងបើសិនជាបរាជ័យរបស់បក្សប្រឆាំង ហើយឲ្យបក្សប្រឆាំង​ ចូលរួមបោះឆ្នោត ឲ្យសង្គ្រោះជាតិ ចូលរួមបោះឆ្នោតមើល! ឲ្យតែមេឃុំរបស់គណបក្សសង្រ្គោះជាតិ ឈរបេក្ខជននាយករដ្ឋមន្រ្តី ក៏លោកហ៊ុន ម៉ាណែត ហ្នឹងចាញ់គណបក្សសង្រ្គោះជាតិ ដែរ ។ ដូច្នេះមិនមែនជាបរាជ័យរបស់បក្សប្រឆាំងទេ ជាបរាជ័យរបស់លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ក្នុងការបង្រ្កាបសកម្មជនបក្សប្រឆាំងហ្នឹង មិនចេះអស់មិនចេះហើយ ឲ្យចុះចូលយ៉ាងម៉េច ក៏នៅតែចុះចូលមិនអស់ ទោះបីបង្រ្កាបយ៉ាងម៉េចក៏នៅតែមាន ដោយសារប្រជាពលរដ្ឋ នៅតែរងគ្រោះ រងភាពអយុត្តិធម៌ ។ ដូច្នេះមិនមែនជាបរាជ័យរបស់បក្សប្រឆាំងទេ ដូចខ្ញុំថាអ៊ីចឹង បើសិនជាបរាជ័យរបស់បក្សប្រឆាំង ឲ្យចូលរួមបោះឆ្នោតដោយសេរី និងយុត្តិធម៌មើល! គ.ជ.ប ហ្នឹងឯករាជ្យមើល! ឬឲ្យអង្គការសហប្រជាជាតិ អ៊ុនតាក់ មករៀបចំការបោះឆ្នោត ហើយបក្សសង្រ្គោះជាតិ ចូលរួមបោះឆ្នោតមើល! នឹងមិនដឹងថា លោកហ៊ុន ម៉ាណែត ហ្នឹងនៅកៀនជញ្ជាំងណាទេ កុំថាឡើយប្រកួតប្រជែងជាមួយលោកកឹម សុខា លោកសម រង្ស៊ី ឈរប្រកួតប្រជែងតែជាមួយមេឃុំរបស់គណបក្សសង្រ្គោះជាតិ ហ្នឹងមិនឈ្នះផង ឲ្យតែមានគណបក្សសង្រ្គោះជាតិ រស់ឡើងវិញ“ ។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានសកម្មជនគណបក្សប្រឆាំង សរុបប្រមាណជិត ៧០នាក់ បានបន្តសុំចុះចូលជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា)។

ដោយឡែក ពាក់ព័ន្ធករណីឃាតកម្មដ៏សាហាវ បង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ថែ្លងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានប្រកាសថា លោកនឹងចុះចេញពីតំណែង ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ភ្លាមៗ ប្រសិនបើករណីជនល្មើស ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សដ៏ឃោរឃៅ មិនត្រូវបានកាត់ទោស ឬជាប់ពន្ធនាគារ ពីរបីឆ្នាំ ហើយចេញមកវិញ ដូចបណ្តាញសង្គមមួយចំនួនបានបំភ្លៃមែន ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានស្នើឱ្យដាក់ឈ្មោះ ស្រី ស៊ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសណាមួយបានឡើយ ។ ការធ្វើបែបនេះ ដើម្បីធានាថា អំពើសម្លាប់មនុស្សដ៏សាហាវ របស់ឈ្មោះស្រី ស៊ីណា ត្រូវតែទទួលរងការអនុវត្តទោសនៅក្នុងពន្ធនាគារ ឲ្យបានធ្ងន់ធ្ងរ ស័ក្ដិសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ ៕ កុលបុត្រ

RELATED ARTICLES