Friday, October 18, 2024
Homeព័ត៌មានជាតិអតីតសង្ឃគាំទ្រសម រង្ស៊ី សំណាងជាងហោ សុខុន សម្តេចហ៊ុន សែន ស្វាគមន៍ចុះចូលបក្សកាន់អំណាច

អតីតសង្ឃគាំទ្រសម រង្ស៊ី សំណាងជាងហោ សុខុន សម្តេចហ៊ុន សែន ស្វាគមន៍ចុះចូលបក្សកាន់អំណាច

ភ្នំពេញ ៖ អតីតព្រះសង្ឃមួយអង្គ ដែលធ្លាប់គាំទ្រលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) មានដើមកំណើតជាខ្មែរក្រោម ក្រោយពីបានធ្វើលិខិតសុំអភ័យទោសសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្តេចហ៊ុន សែន ឆ្លើយតបស្វាគមន៍ ធ្វើឲ្យមជ្ឈដ្ឋានមហាជនលើកឡើងថា អន្ទិតអតីតសង្ឃប្រឆាំងរូបនេះ មានសំណាងជាងអន្ទិត ហោ សុខុន អតីតចៅអធិការវត្តច្បារអំពៅ ដែលសុំចូលបម្រើគណបក្សកាន់អំណាច និងសម្ដេចហ៊ុន សែន តែសម្ដេចហ៊ុន សែន មិនឆ្លើយតប ។

គួរបញ្ជាក់ថា ថ្មីៗនេះ លោកឡាយ ឡាត់ អតីតគ្រូសូត្រឆ្វេងវត្តសាមគ្គីរង្សី បច្ចុប្បន្នរស់នៅប្រទេសបារាំង មានតួនាទីជាអគ្គលេខាធិការសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បានចេញវីដេអូ និងធ្វើលិខិតសុំទោសសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកបានដឹកនាំចូលរួមធ្វើចលនាប្រឆាំងសម្តេច តាំងពីនៅជាព្រះសង្ឃនៅក្នុងវត្តសាមរង្សី និងចូលរួមដឹកនាំបាតុកម្មនៅក្រៅប្រទេស ហើយបានរៀបចំសម្រួលគ្រប់បែបយ៉ាងឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) យកវេទិកាវត្តសាមគ្គីរង្ស៊ី ថ្លែងសារនយោបាយ។

លិខិតរបស់លោកឡាយ ឡាត់ គោររពជូនសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានជម្រាបជូនសម្ដេចហ៊ុន សែន ថា “ខ្ញុំបាទឈ្មោះ ឡាយ ឡាត់ អតីតជាគ្រូសូត្រឆ្វេង ប្រចាំនៅវត្តសាមគ្គីរង្សី បច្ចុប្បន្នរស់នៅប្រទេសបារាំង មានតួនាទីអគ្គលេខាសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងបច្ចុប្បន្នជាសមាជិកអចិន្ត្រៃយ៍គណៈកម្មការវត្តច័ន្ទរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម។ ខ្ញុំបាទសុំធ្វើការអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកន្លងមក ខ្ញុំបាទបានប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចតេជោ និងប្រទេសជាតិ យ៉ាងធ្ងន់ធ្ងរបំផុត ដែលខ្ញុំបានដឹកនាំចូលរួមធ្វើចលនាប្រឆាំងសម្តេចតេជោ តាំងពីនៅព្រះសង្ឃ នៅក្នុងវត្តសាមគ្គីរង្សី ចូលរួមដឹកនាំបាតុកម្មនៅក្រៅប្រទេស ពិសេសប្រទេសបារាំង ស្វីស ប៊ែលហ្សិក…និងបានរៀបចំសម្រួលគ្រប់បែបយ៉ាងឲ្យសម រង្ស៊ី បានចូលក្នុងកម្មវិធីក្នុងវត្តច័ន្ទរង្សី នៅបារាំង (វត្តខ្មែរកម្ពុជាក្រោម) ដោយជំទាស់ជាមួយគណៈកម្មការ និងព្រះសង្ឃ សម្រួលឲ្យសម រង្ស៊ី បានថ្លែងយកវេទិកាបុណ្យក្នុងវត្ត កេងចំណេញនយោបាយ។ ខ្ញុំបាទបានគិតខុសជឿតាមការញុះញង់ពីក្រុមប្រឆាំង ដោយមិនបានគិតពិចារណាឱ្យបានល្អិតល្អន់ និងដោយកន្លងមក ខ្ញុំបាទបានឃើញនិងដឹងខ្លួន ដោយការលះបង់របស់សម្ដេច ដ៏ធំធេងសម្រាប់ប្រទេសជាតិ ជាពិសេសការប្តូរយកសន្តិភាព ដោយយកជីវិតទៅប្តូរ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច ទើបតែឡើងធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច បានបំពេញការងារដើម្បីជាតិ ទំនាក់ទំនងការទូតជាមួយអន្តរជាតិ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតនោះ គឺអញ្ជើញមកសាធារណរដ្ឋបារាំង ដែលជាប្រវត្តិសាស្ត្រដំបូងបំផុត សម្រាប់ប្រទេសកម្ពុជា ដែលសហគមន៍អឺរ៉ុប បានក្រាលកម្រាលព្រំក្រហម ស្វាគមន៍ទទួលសម្តេចបវរធិបតី ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ធ្វើឲ្យក្រុមប្រឆាំងជាច្រើន ភ្ញាក់ខ្លួន។ អ្វីដែលធ្វើឱ្យខ្ញុំបាទកាន់តែអស់ជំនឿទៅលើសម រង្ស៊ី ជាពិសេសបក្សប្រឆាំង ដែលខ្ញុំធ្លាប់ជួយជាកម្លាំងចិត្ត ថវិកា ដែលមានសម រង្ស៊ី នៅពីក្រោយ បែកបាក់ផ្ទៃក្នុង តែងតែប្រឆាំងការអភិវឌ្ឍន៍ការរីកចម្រើន ជាន់ឈ្លីនូវកិត្តិយសជាតិ ជាពិសេសដើរញុះញង់ឲ្យអន្តរជាតិផ្តាច់ជំនួយ EBA ដែលជាឆ្នាំងបាយកម្មករ កម្មការិនី ប្រជាពលរដ្ឋកម្ពុជា។ អ្វីដែលខ្ញុំបាទហួសចិត្តបំផុត គឺរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលព្រែកនេះ មានផលប្រយោជន៍សម្រាប់នាវាចរណ៍ វិស័យកសិកម្ម ទីផ្សារ ជាពិសេសយើងមានច្រមុះសម្រាប់ដកដង្ហើមខ្លួនឯង សម្រាប់កម្ពុជា បែរជាទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី រារាំង ដោយចោទមកលើរាជរដ្ឋាភិបាល ថាដាក់កងទ័ពប្រជាជនចិន ទៅវិញ។ ការរារាំងនេះ តែងតែលាបពណ៌វ៉ៃប្រហារមកលើសម្តេចអគ្គសេនាបតីតេជោ បម្រើផលប្រយោជន៍ប្រទេសជិតខាង តែជនក្បត់ជាតិនេះ មិនទាន់បានធ្វើអ្វីផង ស្រែកប្រកាសកាត់ខេត្តបី ឲ្យទៅពួកយួនម៉ុងតាញ៉ា ទៅវិញ។ ដោយឃើញសកម្មភាពចេតនារបស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ការធ្វើបំផ្លាញជាតិសាសន៍ឯង បម្រើផលប្រយោជន៍បរទេស ចូលរួមជាមួយវិទ្យុអាស៊ីសេរី ផ្សព្វផ្សាយបំផ្លើសការពិត និយាយអាក្រក់ពីប្រទេសជាតិរបស់ខ្លួនទៅវិញ“ ។

លិខិតលោកឡាយ ឡាត់ បញ្ជាក់បន្តថា “ជាចុងបញ្ចប់ ខ្ញុំបាទសូមគោរពស្នើសុំចូលរួមជីវភាពនយោបាយ និងសុំចូលរួមថែរក្សាសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទមិនចង់បានអ្វីទាំងអស់ សូមត្រឹមតែបានចូលសូមអភ័យទោសកំហុសក្រាបសំពះសូមការសន្ដោសដោយផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជា ដោយក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ“ ។

ចំណែកនៅក្នុងវីដេអូសុំទោស លោកឡាយ ឡាត់ បាននិយាយថា “ខ្ញុំឈ្មោះឡាយ ឡាត់ កាលនៅជាសង្ឃ នៅប្រទេសខ្មែរ ជាអគ្គលេខាសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ខ្ញុំបាទមានការខុសឆ្គង ដោយគាំទ្រនូវទណ្ឌិតសម រង្ស៊ី ។ កាលនោះ សម រង្ស៊ី និងកឹម សុខា បានបង្កើតជាគណបក្សសង្រ្គោះជាតិ ហើយខ្ញុំបាទ បានគាំទ្រនូវគោលការណ៍របស់គណបក្សសង្គ្រោះជាតិ បានជេរប្រមាថ តិះដៀលរាជរដ្ឋាភិបាល កាលនោះ នៅសម្ដេចពុក អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូល គឺជានាយករដ្ឋមន្រ្តី ហើយក៏ខ្ញុំបានចូលរួមបាតុកម្មជាច្រើន ចាប់តាំងពីចាប់ផ្ដើមបោះឆ្នោត រហូតដល់ខ្ញុំបាទចេញមកដល់ប្រទេសបារាំងនេះ ក៏នៅចូលរួមបាតុកម្មជាមួយគណបក្សសង្រ្គោះជាតិ ហើយនៅតែមើលមិនឃើញនូវការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ដូច្នេះហើយការគាំទ្រនិងការចូលរួមបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលខ្មែរ មានសម្ដេចពុក ជាមគ្គុទេសក៍ ពេលដែលខ្ញុំមកដល់ប្រទេសបារាំងនេះ គឺខ្ញុំបានទៅចូលរួមបាតុកម្មនៅប្រទេសស្វីស នៅប្រទេសប៊ែលហ្សិក ហើយនិងប្រទេសនានា ដែលនៅសហគមន៍អឺរ៉ុប ដែលឮសូរថា សម្ដេចពុក បានតំណាងរាជរដ្ឋាភិបាលយើង តំណាងប្រទេសយើងមកចូលរួមនូវកិច្ចការផ្សេងៗ ដើម្បីអភិវឌ្ឍ ហើយនិងសុំជំនួយដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា ។ ដូច្នេះពីឆ្នាំ២០១៣ រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំបាទឃើញថា ការឃោសនានយោបាយ និងការដឹកនាំរបស់ទណ្ឌិតសម រង្ស៊ី ពិសេសគឺគណបក្សសង្រ្គោះជាតិ គឺមិនធ្វើឲ្យរីកចម្រើនដល់ប្រទេសជាតិទេ គឺថែមទាំងធ្វើឲ្យហិនហោចនូវប្រទេសជាតិ ធ្វើឲ្យប្រជាពលរដ្ឋក្រីក្រ ធ្វើឲ្យបរទេសកាត់បន្ថយនូវអនុគ្រោះពន្ធ EBA គ្រប់បែបសព្វយ៉ាង ។ ដោយឃើញទង្វើរបស់សម រង្ស៊ី ដូច្នេះហើយ បានជាខ្ញុំមានការសោកស្ដាយ ដោយសារការជឿតាមការឃោសនារបស់សម រង្ស៊ី ។ ប៉ុន្តែពេលនេះ ខ្ញុំបាទមើលឃើញថា ការដឹកនាំរបស់រាជរដ្ឋាភិបាល មាគ៌ារបស់រាជរដ្ឋាភិបាល និងទស្សនវិស័យរបស់សម្ដេចពុក ដែលចង្អុលបង្ហាញ ហើយនិងដឹកនាំប្រទេសកម្ពុជា ឈានបន្តិចម្ដងៗទៅរកនូវការអភិវឌ្ឍដ៏គួរឲ្យស្ញប់ស្ញែងនោះ ខ្ញុំមានការសោកស្ដាយខ្លួនឯង ដែលជឿតាមការឃោសនារបស់សម រង្ស៊ី ។ តែពេលនេះ ខ្ញុំសូមអភ័យទោសពីសម្ដេចពុក រាជរដ្ឋាភិបាល ជាពិសេសគឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សព្វថ្ងៃនេះ សូមមេត្តាអភ័យទោសដល់ខ្ញុំបាទផង ហើយខ្ញុំបាទសូមចូលរួមនឹងជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ហើយបើសិនជាសម្ដេចពុក និងសម្ដេចបវរធិបតី មេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទ ខ្ញុំបាទនឹងសុំអភ័យទោស ហើយបើសិនជាមិនអភ័យទោសឲ្យខ្ញុំទេ ថ្ងៃណាមួយ គឺខ្ញុំនឹងទៅស្រុកខ្មែរ ឲ្យសម្ដេចពុក ហើយនិងរាជរដ្ឋាភិបាល ចង់ដាក់ទោសកំហុសខ្ញុំបែបណាក៏បានដែរ ពីព្រោះខ្ញុំបាទហ្នឹងឃើញថា ការគាំទ្ររបស់ខ្ញុំទៅលើសម រង្ស៊ី គឺមិនត្រូវ ហើយខ្ញុំគាំទ្រទាំងស្រុងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល មានការដឹកនាំរបស់សម្ដេចហ៊ុន ម៉ាណែត ជាដើម ហើយខ្ញុំសូមគាំទ្រទាំងស្រុងនូវរាល់ការអភិវឌ្ឍផ្សេងៗ  ជាពិសេសគឺគម្រោងព្រែកជីកហ្វូណនតេជោ សព្វថ្ងៃនេះ គឺជាគម្រោងមួយដែលល្អ ដែលអភិវឌ្ឍ ដែលធ្វើឲ្យប្រទេសជាតិ ឲ្យប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើនយ៉ាងខ្លាំង ខ្ញុំព្រះករុណា ខ្ញុំបាទសូមគាំទ្រទាំងស្រុងពេញពីបេះដូង ។ ខ្ញុំសង្ឃឹមជឿជាក់ថា ថ្ងៃណាមួយ ខ្ញុំនឹងបានជួបសម្ដេចពុកផ្ទាល់ ដើម្បីនឹងនិយាយឲ្យអស់ពីចិត្តដែលខ្ញុំគាំទ្រ ដែលខ្ញុំស្រលាញ់ ហើយដែលខ្ញុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានបក្ស ហើយនិងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន…” ។

ក្រោយបានឃើញការចេញវីដេអូសុំទោស និងលិខិតសុំសារភាពកំហុស សុំទោស និងផ្តាច់ខ្លួនពីលោកសម រង្ស៉ី របស់លោកឡាយ ឡាត់ អតីតសង្ឃកម្ពុជាក្រោម មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខាងលើនេះ សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបស្វាគមន៍ដោយរីករាយ។

 សម្តេចហ៊ុន សែន បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក និងតេឡេក្រាម របស់សម្តេច នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា “ជូនលោក ឡាយ ឡាត់ ជាទីរាប់អាន! ដំបូងខ្ញុំសូមសម្ដែងនូវការអបអរសាទរចំពោះលោកដែលបានទទួលយកកំហុសដែលធ្លាប់បានសាងក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំនៃមេដឹកនាំក្រុមជ្រុលនិយម ដើម្បីប្រឆាំងផលប្រយោជន៍ជាតិឯង។ ខ្ញុំសង្ឃឹមថា តាមរយៈលោក បងប្អូនផ្សេងទៀត នឹងបន្តផ្តាច់ខ្លួនចេញពីមេដឹកនាំក្រុមជ្រុលនិយម មកចូលរួមកសាងប្រទេស ជាមួយរាជរដ្ឋាភិបាលវិញ។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍សំណើរបស់លោក ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សូមលោកទទួលនូវការរាប់អានពីខ្ញុំ ។ ថ្ងៃ២៧ មិថុនា ២០២៤ ហ៊ុន សែន” ។

គួរកត់សម្គាល់ដែរថា ការចេញវីដេអូ និងធ្វើលិខិតសុំទោសសម្តេចហ៊ុន សែន និងសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា របស់អតីតសង្ឃ ឡាយ ឡាត់ ខាងលើនេះ បានធ្វើឡើងស្របពេលនឹងអតីតចៅអធិការវត្តច្បារអំពៅ គឺអន្ទិត ហោ សុខុន អតីតសកម្មជនគណបក្សប្រឆាំង (គណបក្សភ្លើងទៀន) បានធ្វើលិខិតសុំចូលបម្រើសម្ដេចហ៊ុន សែន ផងដែរ តែអស់រយៈពេលច្រើនខែ មិនមានការឆ្លើយតបពីសម្ដេចហ៊ុន សែន ឡើយ ទើបមានការលើកឡើងថា អតីតសង្ឃ ឡាយ ឡាត់ នៅប្រទេសបារាំង មានសំណាងជាងអតីតចៅអធិការវត្ត ហោ សុខន ដែលកំពុងនៅក្នុងស្រុកខ្មែរ ព្រោះបានទទួលការស្វាគមន៍ពីសម្ដេចហ៊ុន សែន ។ ផ្ទុយពីអន្ទិតហោ សុខុន ត្រូវបានខកបំណង រហូតខឹងសម្បា ប្រកាសស្បថមិនបម្រើសម្តេចហ៊ុន សែន និងត្រកូលហ៊ុន ទាំងជាតិនេះ ជាតិខាងមុខគ្រប់ៗជាតិទៀតផង៕ កុលបុត្រ

RELATED ARTICLES