ខេត្តកំពត ៖ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាព នៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅគេហដ្ឋាន ស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ ។

មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមរតកមនុស្សរស់ នៃសិល្បៈចាប៉ីដងវែង ដែលជាមរតកសិល្បៈដូនតាខ្មែរ បន្សល់ទុកយូរលង់មកហើយ ជាពិសេស ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់សា្នដៃទុកសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ ។

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យ បានទៅសោយសុខនៅសុគតិភព៕
