Tuesday, July 2, 2024
Homeសង្គម និងជីវិតម៉ែពិការភ្នែក កូនពិការជើង ដើរលក់ផ្លែឈើ

ម៉ែពិការភ្នែក កូនពិការជើង ដើរលក់ផ្លែឈើ

ភ្នំពេញ ៖ ស្ត្រីម្នាក់ មានវាសនាអភ័ព្វខ្លាំងណាស់ ពិការភ្នែកទាំងសងខាងមើលអ្វីមិនឃើញ និងថែមទាំងផ្ទុកមេរោគអេដស៍ថែមទៀត រាល់ថ្ងៃប្រកបរបរលក់ផ្លែឈើ ដោយមានកូនប្រុសម្នាក់ ដែលជាជនពិការដូចគ្នា (ពិការជើង) ជាអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកម្តាយដើរលក់ផ្លែ ឈើគ្រាន់បានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារដែលមានសមាជិកដល់ទៅ ១១នាក់ ស្រាប់តែពេលនេះ ម៉ូតូក៏ចាស់ទ្រុឌទ្រោម សណ្តោងរ៉ឺម៉កលែងរួច មិនអាចចេញរកស៊ីបាន ធ្វើឱ្យជីវភាពគ្រួសារកាន់តែត្រដាបត្រដួស។

ស្ត្រីអភ័ព្វ មានឈ្មោះ ចន លំអង ប្រកបរបរលក់ដូរបន្តិចបន្តួចតាមចិញ្ចើមផ្លូវ និងត្រូវរ៉ាប់រងគ្រួសារ ដែលមានសមាជិកដល់ទៅ ១១នាក់ ក្នុងនោះ មានកូនចំនួន៥នាក់ក្នុងបន្ទុក (ពិការ៣នាក់) ម្តាយចាស់ជរាម្នាក់ និងក្មួយតូចៗចំនួន៤នាក់ទៀតផង។

អ្នកស្រី ចន លំអង បានរៀបរាប់ប្រាប់ថា  សព្វថ្ងៃគាត់មានរបរលក់ដូរបន្តិចបន្តួចតាមដងផ្លូវ ដើម្បីរកទទួលទានចិញ្ចឹមកូន៥នាក់ (ពិការ៣) ហើយចិញ្ចឹមម្តាយចាស់ជរា និងក្មួយតូចៗចំនួន៤នាក់ សរុបសមាជិកក្នុងគ្រួសារគាត់ មានគ្នាសរុបដល់ទៅ១១នាក់ឯណោះ។ ហើយអ្នកដែលត្រូវរ៉ាប់រងប្រកបរបរចិញ្ចឹមគ្រួសារមួយនេះ គឺមានតែរូបគាត់ ដែលជាជនមានពិការភ្នែក និងកូនប្រុសម្នាក់ ដែលពិការភាពដូចគ្នា (ពិការជើង) ជាអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកគាត់ជាម្តាយ ដើរលក់ផ្លែឈើបន្តិចបន្តួចក្នុងពិធីបុណ្យទាននានា និងនៅតាមដងផ្លូវ តាមបណ្តារាជធានីខេត្ត។

អ្នកស្រី ចន លំអង បន្តថា សព្វថ្ងៃនេះ គាត់មិនអាចចេញទៅលក់ដូរនៅទីឆ្ងាយៗបាននោះទេ ដោយសារតែ ម៉ូតូដែលគាត់ប្រើប្រាស់រាល់ថ្ងៃ មានសភាពចាស់ទ្រុឌទ្រោម ខូចមិនឈប់ មិនអាចជួសជុលសណ្តោងរ៉ឺម៉កទៀតនោះទេ។

ដោយសារតែមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារខាងលើ ទើបកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោកចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគោរពជម្រាបជូនលោករដ្ឋមន្ត្រី ជា សុមេធី ពីស្ថានភាពនិងទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារខាងលើនេះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រោមការសន្តោសប្រណី និងអាណិតអាសូរ លោករដ្ឋមន្ត្រី ជា សុមេធី បានឧបត្ថម្ភម៉ូតូហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ មួយគ្រឿង តម្លៃ ៦៥០ដុល្លារ ជូនក្រុមគ្រួសារលោកស្រី ចន លំអង គ្រាន់បានជាមធ្យោបាយរកស៊ីចិញ្ចឹមគ្រួសារ តទៅមុខទៀត។

អ្នកស្រី ចន លំអង និងគ្រួសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានចិត្តរំភើបសប្បាយរីករាយយ៉ាងក្រៃ លែង ដោយទទួលបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់គ្រួសាររបស់លោកស្រី ពីលោកជា សុមេធី និងលោកស្រី ជា ផល្គុន។

សូមបញ្ជាក់ផងដែរថា កន្លងមក លោកស្រី ញ៉ែម មរកត និងលោកចាប តូ ព្រមទាំងក្រុមការងារសមាគមតន្ត្រីសំនៀងជនពិការ តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជា មួយនិងសប្បុរសជននានា ជូនដល់ក្រុមគ្រួសារខាងលើផងដែរ៕

RELATED ARTICLES