Saturday, July 6, 2024
Homeព័ត៌មានជាតិតាចេក ដើរសំលៀងកាំបិត យំអាណិតខ្លួន នាយកុយ-នាយក្រឹម មិនហៅសម្តែង

តាចេក ដើរសំលៀងកាំបិត យំអាណិតខ្លួន នាយកុយ-នាយក្រឹម មិនហៅសម្តែង

ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ លោកឈុំ ប៊ុនឈឿន ហៅតាចេក បានធ្លាក់ខ្លួនដើរស៊ីឈ្នួលសំលៀងកាំបិត ដងទឹកឲ្យគេ បានយំអាណិតខ្លួន ដែលធ្លាប់រកបានប្រាក់ចំណូលសមរម្យ និងមានកេរិ៍្តឈ្មោះល្បីគួរសមនៅក្នុងវិស័យសិល្បៈសម្ដែង តែឥឡូវកុំថាឡើយខាងទូរទស្សន៍ ឬកម្មវិធីនានា ហៅលោកទៅសម្ដែង សូម្បីតែនាយកុយ នាយក្រឹម ដែលធ្លាប់ហៅលោកទៅសម្ដែងជាមួយ នាពេលកន្លងមក ក៏លែងហៅលោកទៅសម្ដែងទៀតដែរ ។

លោកឈុំ ប៊ុនឈឿន ហៅតាចេក​ បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ថា លោកពិតជាធ្លាក់ខ្លួនដើរសំលៀងកាំបិតឲ្យគេ និងបាត់ឈ្មោះពីវិស័យសិល្បៈកំប្លែងមែន ហើយផ្ទះសម្បែងរស់នៅក៏គ្មាន គឺបានសុំដីគេរស់នៅពីរនាក់ប្ដីប្រពន្ធ លក់ចាប់ហួយ និងបាយបន្តិចបន្តួច នៅក្នុងភូមិព្រៃ ឃុំរាប ស្រុមពារាំង ខេត្តព្រៃវែង ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកឈុំ ប៊ុនឈឿន ហៅតាចេក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ៖

នគរធំ ៖ ជម្រាបសួរលោកឈុំ ប៊ុនឈឿន ហៅតាចេក ! តើជាការពិតទេ ដែលថាលោកធ្លាក់ខ្លួនដើរស៊ីឈ្នួលសំលៀងកាំបិតឲ្យគេ?

តាចេក ៖ បើនិយាយទៅ សំលៀងកាំបិតហ្នឹង វាជាមុខរបរមួយ ហើយនិងលក់អីវ៉ាន់ចាប់ហួយ នំ និងលក់បាយបួនប្រាំកំប៉ុង បបរ ១កំប៉ុង ឲ្យក្មេងៗ ហើយដល់ពេលយើងទំនេរអ៊ីចឹងទៅ ជួនកាលចាស់ៗហៅយើងទៅសំលៀងកាំបិត ឲ្យអ៊ីចឹងទៅ យើងសំលៀងឲ្យគាត់អ៊ីចឹងទៅ ហើយដល់ពេលមួយទៀត គេហៅសំលៀង ក៏ទៅសំលៀងមួយទៀតទៅ ។ តាមពិតយើងសំលៀងកាំបិតមែន ប៉ុន្តែដល់គេហៅ បានយើងទៅសំលៀងឲ្យ ហើយយើងទំនេរអ៊ីចឹងទៅ គេហៅទៅបូមទឹក យើងក៏បូមឲ្យគេដាក់ពេញពាង យួរដាក់ពាងឲ្យគេជិតៗអ៊ីចឹងទៅ គេឲ្យលុយអ៊ីចឹងទៅ ។ អានេះប្រវត្តិពិតរបស់យើងទេ មែនទែន ។

នគរធំ ៖ អ៊ីចឹងឥឡូវជីវភាពរបស់លោក យ៉ាប់យ៉ឺនខ្លាំងទេ?

តាចេក ៖ បាទ! យ៉ាប់យ៉ឺនមែនទែន! បើនិយាយទៅ សឹងតែគ្មានផ្ទះតែម្ដង ព្រោះរាល់ថ្ងៃហ្នឹង មុនដំបូងសុំក្រោមផ្ទះគេនៅ ដល់ពេលនៅអ៊ីចឹងទៅ ភ្លៀងមកទឹកលិចដល់ត្រឹមជង្គង់ឯណោះ ។ ដល់អ៊ីចឹងទៅ មិនដឹងធ្វើម៉េច ពូគាត់នៅលិចឲ្យលើករោងមកដាក់អែបថ្នល់ គាត់ចេញចូលសិនមក ។ អ៊ីចឹងរាល់ថ្ងៃហ្នឹង តូបហ្នឹងដាក់នៅថ្នល់គេចេញចូលទេ ផ្លូវផ្ទះចេញចូលផ្ទះគេហ្នឹង ។ ដល់ឥឡូវគ្រែពីរហ្នឹង ដេកផង និងលក់ផង ហើយថ្នល់ហ្នឹង មិនមែនថ្នល់ជាតិទេ ថ្នល់ក្នុងភូមិ ។ ដល់ពេលហើយអ៊ីចឹងទៅ ឥឡូវគេប្រាប់ថា កូនគេជិតមកពីកូរ៉េ វិញហើយ អ៊ីចឹងពូអាចរកកន្លែងណាលក់ទៀតក៏បានដែរ ព្រោះថាគេចូលឡានអត់ចុះ ។ អ៊ីចឹងយើងប្រហែលជារើទៅនៅឯណាទៀត នៅក្នុងភូមិហ្នឹង ប៉ុន្តែយើងមិនទាន់សុំកន្លែងគេបាន ។

នគរធំ ៖ ស្ដាប់ការរៀបរាប់ទៅ បានន័យថា លោកដាច់ខ្សែរយៈពីសិល្បៈ លែងបានលេងកំប្លែងហើយមែនទេ?

តាចេក ៖ បើនិយាយទៅ ពីរអាណិត្ត (១០ឆ្នាំ) ហើយ ។ អ៊ីចេះ! មុនដំបូង ខ្ញុំឈឺ ទៅចូលដេកពេទ្យកាល់ម៉ែត ហើយដល់ពេលចេញមកវិញ ខ្ញុំសួរមេក្រុម (នាយកុយ) ថា ខ្ញុំជាវិញហើយ បង ហៅខ្ញុំលេងផង ។ ដល់ពេលខ្ញុំប្រាប់គាត់អ៊ីចឹង គាត់ថាបាទ ។ ដល់បាទអ៊ីចឹងទៅ យើងនិយាយឲ្យអស់ទៅ ដល់ថ្ងៃហែបក្ស ហែបានតែថ្ងៃទេ យប់ឡើង គេលេង គេអត់ហៅខ្ញុំលេងទេ គេលេងតែនាយ កយ នាយអី ប៉ុន្មាននាក់ហ្នឹងទៅ ។ អ៊ីចឹងខ្ញុំសួរគាត់ ម៉េចអត់ហៅខ្ញុំលេង? គាត់ថា បើគេត្រូវការតែប៉ុណ្ណឹង ។ ដល់ពេលចប់ការងារបក្សហើយ ក៏គេលែងហៅដែរ ដល់ខ្ញុំសួរគាត់ថា បង! ហៅខ្ញុំលេងផង គាត់ថា ចាំមើលសិន! ដល់សួរនាយ កយ (កូននាយកុយ) នាយកយ ថាបាទ!ៗៗ រហូតដល់សព្វថ្ងៃហ្នឹង គេបំភ្លេចចោលតែម្ដង ។

នគរធំ ៖ ចុះជាមួយនាយក្រឹម ធ្លាប់សុំគាត់លេងទេ?

តាចេក ៖ នាយក្រឹម គាត់ហៅថតបានខ្លះដែរ ដល់ពេលហើយ ថ្ងៃមួយ គាត់ហៅខ្ញុំថតនៅបាសិត តែទទួលចៃដន្យខ្ញុំដួលម៉ូតូ រលាកបំពង់ស៊ីម៉ាំងជើង ក៏បា្រប់គាត់ថា ទៅអត់បានទេ ព្រោះខ្ញុំដួលម៉ូតូ រលាកកំភួនជើង នៅសម្លាកទល់សព្វថ្ងៃ ។ ដល់អ៊ីចឹង គាត់ថា មិនបាច់ក៏បានដែរ ហើយមកទល់ឥឡូវ គាត់ថា ហៅចេក រវល់ គាត់ថាអ៊ីចឹង ចប់បណ្ដោយ! តាមពិតពេលហ្នឹងដួលម៉ូតូ តែគេថា យើងអត់ទៅ ។

នគរធំ ៖ ចំណែកខាងទូរទស្សន៍ មានហៅឬទេ?

តាចេក ៖ អត់មានទេ! សូន្យតែម្ដង ។ រីឯកម្មវិធីល្ខោនបាសាក់ គេឲ្យតម្លៃយើងថោក គេហៅលេង ។ បើសិនជាយើងទារគេត្រឹម ១៥ម៉ឺន ទៅ២០ម៉ឺនរៀលអី គេថា យើងយកថ្លៃណាស់ ។ ដល់ឥឡូវហ្នឹង បានគេដាក់រោង ហៅ១យប់អ៊ីចឹង បាន១ខែ អីអ៊ីចឹងទេ ។ បើអ៊ីចឹងទេ គេអត់ហៅយើងទេ ថាយើងយកថ្លៃពេក គេថាបើយកបួនប្រាំម៉ឺន ប្រាំមួយម៉ឺន ប្រាំពីរម៉ឺនអី ចេះតែហៅលេងហើយ ។ អ៊ីចឹងពិបាកលេងណាស់ ៧ម៉ឺនអី ១យប់ ។

នគរធំ ៖ ក្នុងចំណុចហ្នឹងហើយ ដែលធ្វើឲ្យលោកយំនឹកអាណិតខ្លួនឬយ៉ាងណា?

តាចេក ៖ វាអ៊ីចេះទេ! នឹកឃើញថា ជីវិតខ្ញុំសិល្បៈ វាឆ្អែត ៤០ឆ្នាំជាងហើយ ដល់ពេលជីវិតចុងក្រោយដែលយើងអាចថា បន្សល់កេរមរតកឲ្យក្មេងគេចងចាំថា តាចេក លេងសើច គេស្គាល់ច្បាស់អីអ៊ីចឹង នឹកស្ដាយថា ជីវិតចុងក្រោយ ហេតុអីក៏ត្រូវបាត់បង់ទៅវិញ? អ៊ីចឹងខ្ញុំចង់ថា ជីវិតចុងក្រោយខ្ញុំហ្នឹង មុននឹងបាត់បង់ពីលើលោកយើងទៅ ព្រោះអាយុ ៧០ហើយ ហើយឥឡូវហើមជើង ១ចំហៀង គឺ១ចំហៀងធំ ១ចំហៀងស្វិតកំភួនជើង ហើយចុក សង្ស័យថា ស្វិត១ចំហៀងក៏មិនដឹង ។ ដូច្នេះក៏នឹកឃើញថា ឱ! អញអ្ហើយ គ្រាន់តែចង់បញ្ចេញស្នាដៃចុងក្រោយ ដើម្បីឲ្យក្មេងវាស្គាល់វិញអ៊ីចឹង ប៉ុន្តែអត់មានសំណាងទេ ។ ម្យ៉ាងវិញទៀត ចាស់ៗគេមិនសូវហៅ បើទៅលេងជាមួយក្មេងៗ គេថាកំប្លែងអ៊ីចឹង ម៉េចទាន់គេ ។ យើងមិនអាចស៊ីវិល័យដូចគេឥឡូវទេ ព្រោះយើងលេងតាមផែនចាស់ៗ យើងគោរពសិល្បៈ យើងលេងតាមជាតិបុរាណ សម័យ លេងតាមលំនាំ យើងមិនអាចប្លិកប្លក់ដូចគេឯណាបាន ។

នគរធំ ៖ ងាកមកការងារសំលៀងកាំបិតវិញ តើពេលសំលៀងម្ដងៗ គេឲ្យប្រាក់កម្រៃប៉ុន្មានដែរ?

តាចេក ៖ ទេ! បើនិយាយទៅ ចាស់ៗនៅហ្នឹងអី ពេញភូមិហ្នឹង គាត់ច្រើននិយមថា សំលៀងហើយ ឲ្យមួយលីត្រ ៣ពាន់រៀលអីអ៊ីចឹង ហើយទៅបូមទឹកឲ្យគេទៅ ជួនកាលដាក់ពាងនាយអាយ គេឲ្យ ៥ពាន់អីអ៊ីចឹងទៅ ដើម្បីយកមកទប់ទល់រឿងយើងលក់ដូរបន្តិចបន្តួចនេះ ។ ហើយសំលៀងកាំបិតហ្នឹង ១ខែ សំលៀងបានត្រឹម ១០ដងប៉ុណ្ណឹងទេ ១ខែ បួនប្រាំម៉ឺនរៀលប៉ុណ្ណឹងឯង មិនអាចទប់ទល់ជីវភាពបានទេ សូម្បីតែយកមកទប់ម្ហូប ក៏ទប់មិនជាប់ដែរ គ្រាន់តែផ្សែផ្សំគ្នាទៅ នៅតែពិបាកអ៊ីចឹងឯង ។

នគរធំ ៖ ចុងក្រោយ តើលោកមានអីសំណូមពរអ្វីទេ?

តាចេក ៖ ខ្ញុំគ្រាន់តែសំណូមពរថា សូមឲ្យស្ថានីយទូរទស្សន៍អីហ្នឹង អាចឲ្យចាស់ៗហ្នឹងមានកម្មវិធីលេងផង ដើម្បីឲ្យក្មេងៗស្គាល់ថា តាៗមុនៗ តានេះកំប្លែង តានោះកំប្លែងអីអ៊ីចឹង ឲ្យគេដឹង ពីព្រោះថា យើងវាអស់ហើយជីវិតចុងក្រោយ គ្រាន់តែថាជីវិតខ្ញុំស្រលាញ់សិល្បៈ ខ្ញុំនិយាយត្រង់ និស្ស័យជាមួយសិល្បៈហ្នឹងខ្លាំងមែនទែន ស្រលាញ់តែម្ដង ។ អ៊ីចឹងស្ដាយ ស្ដាយថា ចាស់ៗម្នាក់ៗបង្កប់អត្ថន័យគាត់ច្រើនណាស់ ពេលស្លាប់ទៅ យកទៅអស់ៗ ហើយដល់អ៊ីចឹងទៅ អាប្រវត្តិរបស់ខ្មែរយើង ប្រពៃណីបុរាណ ទំនៀមទម្លាប់ រឿងកំប្លុកកំប្លែងអីហ្នឹង វាសុទ្ធតែតាមគាត់អស់ដែរ ។ ដល់អ៊ីចឹងស្ដាយប៉ុណ្ណឹងទេ ស្ដាយថា ក្មេងៗឥឡូវវាអត់ដឹងថា យ៉ាងម៉េចៗទេ វាចេះតែប៉ាតណាប៉ាតណី ។

សូមបញ្ជាក់ថា តាមរយៈ «នគរធំ» ជាមួយនឹងសំណូមពរឲ្យលោកនិងអតីតអ្នកសិល្បៈចាស់ៗ បានចូលលេងសិល្បៈវិញ លោកឈុំ ប៊ុនឈឿន ក៏បានប្រកាសថា បើមានសប្បុរសជនណាចង់ឧបត្ថម្ភដល់រូបលោក អាចឧបត្ថម្ភតាមរយៈគណនីធនាគារ ABA របស់លោក ០០៣៣៦៩៦៦៧ ឬតាមរយៈទូរស័ព្ទលេខ ០៦៨ ២៨៨ ៣៦៣ ៕ កុលបុត្រ

RELATED ARTICLES