Saturday, July 6, 2024
Homeព័ត៌មានជាតិនាយក្រឹម ឆ្លើយតបតាចេក ថាមិនហៅសម្ដែង ដើរសំលៀងកាំបិត

នាយក្រឹម ឆ្លើយតបតាចេក ថាមិនហៅសម្ដែង ដើរសំលៀងកាំបិត

ភ្នំពេញ ៖ បន្ទាប់ពីតារាកំប្លែង លោកឈុំ ប៊ុនឈឿន ហៅតាចេក បានត្អូញត្អែរធ្លាក់ខ្លួនដើរស៊ីឈ្នួលសំលៀងកាំបិតឲ្យគេ និងបានយំអាណិតខ្លួនដែលធ្លាប់រកបានប្រាក់ចំណូលសមរម្យ និងមានកេរិ៍្តឈ្មោះល្បីគួរសម នៅក្នុងវិស័យសិល្បៈសម្ដែង តែឥឡូវកុំថាឡើយមានខាងទូរទស្សន៍ ឬកម្មវិធីនានាហៅលោកទៅសម្ដែង សូម្បីតែនាយកុយ នាយក្រឹម ដែលធ្លាប់ហៅលោកទៅសម្ដែងជាមួយ នាពេលកន្លងមក ក៏លែងហៅលោកទៅសម្ដែងទៀតដែរនោះមក លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំបែ្លងជើងចាស់ បានចេញមុខបកស្រាយថា លោកមិនអាចទទួលយកបានទេ នូវពាក្យថា “មិនហៅសម្ដែង” នោះ ព្រោះលោកមិនដែលរើសអើងអ្នកសិល្បៈដូចគ្នាទេ ហើយលោកថា ការត្អូញត្អែរបែបនេះ វាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល ដែលនាំឲ្យមហាជនយល់ច្រឡំថា រាជរដ្ឋាភិបាល មិនយកចិត្តទុកដាក់អ្នកសិល្បៈ ខណៈដែលកន្លងមក លោកដឹងថា រាជរដ្ឋាភិបាល ធ្លាប់បានជួយឧបត្ថម្ភតារាកំប្លែងរូបនេះ ច្រើនដងដែរ ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ជុំវិញប្រតិកម្មឆ្លើយតបរឿងតារាកំប្លែង​ តាចេក និយាយថា មិនហៅទៅសម្ដែង ៖

នគរធំ ៖ ជម្រាបសួរ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម! តើលោកមានការបកស្រាយ ឆ្លើយតបយ៉ាងណា ដែលតារាកំប្លែង ឈុំ ប៊ុនឈឿន ហៅតាចេក ត្អូញថា ស៊ីឈ្នួលសំលៀងកាំបិតឲ្យគេ និងយំអាណិតខ្លួន នាយកុយ-នាយក្រឹម មិនហៅសម្តែងនោះ?

នាយក្រឹម ៖ កម្មវិធីយើងត្រូវតែសម្ដែង ព្រោះកម្មវិធីអ្នកហៅគាត់ ។ ខ្ញុំធ្លាប់ហៅគាត់ទៅថត តែឥឡូវអត់មានកម្មវិធីថតផង យើងមានអីត្រូវហៅថត? ក្នុងន័យនេះ មិនថាសិល្បៈណា សិល្បៈណាទេ ឲ្យគាត់គិតខ្លួនឯងផង ហើយយើងធ្វើអ៊ីចឹងក៏អត់ល្អដែរ យើងចំណាស់ហ្នឹងហើយ ធ្វើអ៊ីចឹងអត់កើតទេ គេមើលងាយរដ្ឋាភិបាលយើង គេមើលងាយសមាគម (សិល្បៈ) គេមើលស្អីទាំងអស់ ។ កុំធ្វើអ៊ីចឹង វាអត់ល្អដល់សង្គមសិល្បៈ ។ មនុស្សយើងម្នាក់ៗកើតមកដល់សុខប៉ុណ្ណឹងពេក អ៊ីចឹងពេក វាខ្ពស់ពេកណា ។ គាត់ដើរសំលៀងកាំបិតគេ មុខរបរគាត់រកស៊ីលក់ដូរ បានន័យថា គាត់សមរម្យ ខ្លះគេអត់មានដើមទុនលក់ដូរផង គាត់អាចរកស៊ីបាន ។

នគរធំ ៖ ចំពោះទីផ្សារសិល្បៈសព្វថ្ងៃវិញ យ៉ាងម៉េចដែរ ជាពិសេសសិល្បៈកំប្លែង? ខែហ្នឹង ខែវស្សាហ្នឹង សិល្បៈមានពីណាគេជួល? មានពីណាគេលេងអី? សិល្បៈដូចស្រមោចអ៊ីចឹង ខែប្រាំង ដើររកលុយទុកសម្រាប់ខែវស្សាទៅ ។ និយាយទៅ អារឿងពិបាកហ្នឹង ខ្ញុំមិនចេះទៅត្អូញយ៉ាងម៉េចទេ ។ ទីផ្សារ ទាល់តែយើងខំប្រឹងខ្លួនយើងខ្លះ យើងចាំទាល់តែគេហៅធ្វើអី យើងត្រូវខ្នះខ្នែងខ្លួនយើងខ្លះ ចាំតែគេចិញ្ចឹម យើងម៉េចរស់ តែគេរស់បាន យើងរស់បានដូចគ្នា ។ គាត់មានទៅចំណាយអីដូចខ្ញុំ? សិល្បករមួយចំនួនទៀត​ គ្នាក៏ជួបបញ្ហាហ្នឹងដែរ ប៉ុន្តែគេមាននិយាយអី? គេរស់បានស្រួល គេរស់តាមសម្មាជីវោគេ ។ ពេលណាយើងមានទៅ យើងអត់ដើរប្រាប់គេថាមានទេ ពេលយើងវេទនា ដើរប្រាប់គេ អាហ្នឹងបានន័យថា មនុស្សយើងវាម៉េច? ខ្ញុំមិនឯកភាពទេអ៊ីចឹងនោះ ។ បើគាត់ដល់ថ្នាក់សំលៀងកាំបិតគេ ដើរធ្វើសំណង់ ធ្វើអី អាហ្នឹងរឿងរបស់គាត់ ធ្វើៗទៅ កុំប្រាប់គេ! ធ្វើអ៊ីចឹង ឲ្យតែគេវ៉ៃរដ្ឋាភិបាល គេវាយតម្លៃសង្គមហ្នឹង ។

នគរធំ ៖ អ៊ីចឹងចំណុចហ្នឹង វាប៉ះពាល់ដល់សិល្បៈឬទេ?

នាយក្រឹម ៖ ប៉ះពាល់ដល់សិល្បៈ! ទី១ យើងគិតថា គាត់ជាតារាកំប្លែង គាត់មិនត្រឹមតែកំប្លែងស្រករក្រោយទេ គាត់កំប្លែងជើងចាស់មួយ និយាយវាយតម្លៃអ៊ីចឹងទៅ គាត់មើលគំរូគេមុនៗទៅ នាយកុយ ក្រឹម អីហ្នឹង តែមានកម្មវិធី គេហៅហើយ ។ ជួនកាលយើងឫកពេក ថ្លៃពេក អ្នកណាហ៊ានហៅ? វាច្រើនអ៊ីចឹងដែរ តែបើឲ្យរើសអើងអ្នកសិល្បៈដូចគ្នា មានអ្នកណាទៅរើសអើងអី! ខ្ញុំក៏ធ្លាប់ហៅគាត់ថតដែរ ហៅថតទៅ គាត់ថាថ្លៃពេកទៅ ក៏យើងមិនហ៊ាន ព្រោះយើងទទួលបានតិចដែរ ទៅហៅគាត់ថ្លៃ មានអ្នកណាគេហ៊ានហៅ? ម្យ៉ាងទៀត ដូចបញ្ជាក់ខាងដើម យើងកុំនិយាយពីទីផ្សារសិល្បៈ គឺសិល្បៈ ខែប្រាំង យើងអាចរកលុយបានដែរ គឺមានការ មានបុណ្យ ស្អីសព្វសារពើ ខែវស្សានេះ គឺសិល្បៈដេកទាំងអស់ អកកេសស្អីក៏ដោយ ភ្លេងខ្មែរអីក៏ដេកដែរ ហើយយើងយកទស្សនៈហ្នឹង គាត់ចំណាស់ហ្នឹង គាត់មិនដឹងអ្ហី? អាហ្នឹងយើងចេះសន្សំសំចៃដែរ! យើងធ្វើមេគ្រួសារមួយ យើងមិនចេះគិតទេចុះ! យើងដើរតែធ្វើរៃទៅ? អត់ធ្វើស្រមោចខ្លះទេ?

នគរធំ ៖ បានន័យថា លោកមិនអាចទទួលយកបានទេ ចំពោះពាក្យថា មិនហៅគាត់សម្ដែង?

នាយក្រឹម ៖ អត់ទេ! ខ្ញុំអត់ទទួលយកពាក្យហ្នឹងទេ! កុំប្រើពាក្យហ្នឹង ព្រោះខ្ញុំធ្លាប់ហៅគាត់ដែរ ប៉ុន្តែអ្វីដែលហៅទៅមុនៗ ចេះតែហៅថតបាន តម្លៃអ៊ីចឹងៗ ដល់ពេលគាត់ថា ជាប់រវល់ គាត់ថា ឲ្យគាត់ប៉ុណ្ណេះ គាត់មិនស័ក្ដិសមអ៊ីចឹង អាហ្នឹងខ្ញុំមិនហ៊ានហៅដែរ ព្រោះខ្ញុំបានពីក្អែក មកចែកតាវៅ ។ អ៊ីចឹងគាត់ធ្វើអីឲ្យវាហួស ខ្ញុំអត់ចូលចិត្តឲ្យគេវាយតម្លៃសិល្បៈសង្គមទាំងមូល យើងម្នាក់ឯង កុំឲ្យគេកករល្អក់ថា ហេតុអីបានគាត់ហ្នឹងដាបជាងគេម្ល៉េះ? ដែលគេរស់ក្នុងសង្គមដូចគ្នាដែរ? គឺគំនិត ។ បើយើងអត់មានគំនិតធ្វើ យើងទៅធ្វើអីកើត ចង់គេយកលុយប្រាក់លានដុល្លារ ជួយយើង បើយើងអត់គំនិត យើងមកធ្វើម៉េចកើត? មិនមែនសម្ដេច មិនជួយឯណា! សម្ដេចពុក ធ្លាប់ជួយច្រើនណាស់ ។ នេះខ្ញុំនិយាយលាក់ការណ៍មួយចុះ! បើចង់សរសេរ ក៏ដាក់ខ្លះទៅ ព្រោះជួយច្រើនណាស់! គិតខ្លួនឯងទៅអាហ្នឹង ខ្ញុំនិយាយភាសាប៉ុណ្ណឹង ខ្ញុំមើលនេះ ខ្ញុំខ្ជិលនឹងអានផង!

នគរធំ ៖ ចំពោះនាយកុយ តើធ្លាប់យល់ដូចលោកឬទេ?

នាយក្រឹម ៖ អូ! ដូចនាយកុយ ធ្លាប់តេមកខ្ញុំអ៊ីចឹង ម៉េចហើយ? អ៊ីចេះមួយ អ៊ីចេះពីរ ! អ្ហូ! មិនកើតទេ! ធ្វើអ៊ីចេះ! ធ្វើអ៊ីចុះ! កុយ ក៏គ្នារអ៊ូដែរ កុយ អ្នកហៅមុនគេ ហើយបន្ទាប់មក ខ្ញុំស្គាល់តាមរយៈកុយ ព្រោះតាចេក ហ្នឹង គាត់មិនមែនអ្នកកំប្លែងពួកក្រុមខ្ញុំទេ ប៉ុន្តែបានហៅគាត់ ដោយសារតែនឹកអាណិតគាត់ ។ អាហ្នឹងយើងនិយាយថា តៗគ្នាអ៊ីចឹង ។ ខ្ញុំចេះតែជួយទៅ សិល្បករ អ្នកណាក៏ដោយ ខ្ញុំលើកស្ទួយគេច្រើនណាស់ ។ ឥឡូវខ្ញុំចង់មើល នាយ ចយ មុខវាអាក្រក់ប៉ុណ្ណឹងហើយ កាចុប អី ម៉េចក៏ចេះរស់បាន? យើងគិតប៉ុណ្ណឹងបានហើយ យើងកុំធ្វើអ៊ីចឹងពេក អាក្រក់មើលណាស់ ។

នគរធំ ៖ ចុងក្រោយ តើលោកមានអ្វីចង់ផ្ដាំផ្ញើទេ ជុំវិញបញ្ហានេះ?

នាយក្រឹម ៖ បាទ! ជាការផ្ដាំផ្ញើចុងក្រោយ សុំឲ្យសិល្បករ សិល្បការិនីទាំងអស់ កុំមានគំនិតមួយដូចគាត់ប្រើពាក្យថា មិនហៅ មិនអីអ៊ីចឹង ។ កុំប្រើពាក្យហ្នឹងអី វាមិនល្អទេ ខែនេះ ខែវស្សា យើងសំងំរស់ទាំងអស់គ្នា មានអីហូបហ្នឹងទៅ កុំតាំងខ្លួនជារៃ ត្រូវតាំងខ្លួនជាស្រមោច ។ ខែប្រាំង រកលុយសន្សំទុកខែវស្សាទៅ ហើយសូមកុំយកសិល្បករមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សង្គម រាជរដ្ឋាភិបាល ព្រោះគេមើលហើយ គេមើលពីម៉ែឪហើយ មិនចេះប្រដៅកូន ។ អ៊ីចឹងសូមឲ្យសិល្បករ ចៀសបាន ចៀសទៅ អ្នកណាធ្វើអី គេដឹងហើយ ។ បងប្អូនមួយចំនួនដែលកំពុងជួយអាណិតគាត់ហ្នឹង សូមមេត្តាគិតពិចារណាថា ចេញពីអាពត មក គេស្រួលដូចគ្នា ដៃទទេដូចគ្នា សម័យលុយឡាន ។ គេចង់ធ្វើអីធ្វើទៅ កុំទៅផុស! អាផុសហ្នឹង ដើម្បីឡង់សេ ដើម្បីសម្ដែង បានប្រយោជន៍អី! អ្នកណាក៏ចេះធ្វើដែរអាហ្នឹងនោះ ។ សរុបទៅ ដូចខ្ញុំជម្រាបអ៊ីចឹង ខ្ញុំអត់ព្រមទទួលយកបានទេ ព្រោះគាត់ធ្វើអ៊ីចឹង វាហួសពេក វាហួសពីសមត្ថភាពគាត់ហើយ គាត់ធ្វើឲ្យរដ្ឋាភិបាល ឃើញគាត់អាណិតអ៊ីចឹងទៅ តែពួកអាអ្នកមិនសមស្រប គេថាយើង រដ្ឋាភិបាលមិនមើលសិល្បៈ ។ អ៊ីចឹងសុំឲ្យបងប្អូនប្រជាពលរដ្ឋ ថ្លឹងថ្លែងគិតទៅ ព្រោះមនុស្សគាត់ប៉ុណ្ណឹងដែរ អវយវៈគាត់មានទាំងអស់ គាត់មិនទាន់ពិការភាពទេ គាត់អាចនៅធ្វើការបាន ហើយគាត់ធ្វើអីទៅ កុំតែបង្ហោះ! បើគាត់ថា ធ្វើអានេះ ធ្វើអានោះបាន អបអរសាទរ គេជួយអរគាត់ទៅ ហើយកុំយកអាចំណុចខ្វះខាត មកតម្អូញ ធ្វើអ៊ីចេះបាន តែធ្វើបានលុយ គេហៅធ្វើ ធ្វើទៅ ៕ កុលបុត្រ

RELATED ARTICLES