Saturday, July 6, 2024
Homeព័ត៌មានជាតិឃើញច្បាស់បែកជា៣ បក្សកាន់អំណាច ប្រតិកម្មនឹងអ្នកវិភាគ គឹម សុខ

ឃើញច្បាស់បែកជា៣ បក្សកាន់អំណាច ប្រតិកម្មនឹងអ្នកវិភាគ គឹម សុខ

ភ្នំពេញ ៖ អ្នកវិភាគនយោបាយ និងសង្គម លោកគឹម សុខ ដែលកំពុងរស់និរទេសខ្លួននៅប្រទេសហ្វាំងឡង់ បានលើកឡើងថា គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបែកជា៣ ដែលលោកមើលឃើញច្បាស់នៅថ្ងៃខួបកំណើតគណបក្សប្រជាជនកម្ពុជា លើកទី៧៣ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច បានប្រតិកម្មច្រានចោលចំពោះការអះអាងរបស់លោកគឹម សុខ ដែលថាគណបក្សប្រជាជនកម្ពុជា បែកជា៣នេះ ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ថា គណបក្សប្រជាជនកម្ពុជា គ្មានថ្ងៃបែកបាក់នោះទេ គឺកុំថាឡើយបែកជា៣ សូម្បីបែកជា១ ក៏គ្មានសោះឡើយ ។ ប៉ុន្តែផ្ទុយទៅវិញ បក្សដែលអាចនិយាយថាបែកបាក់ ឃើញច្បាស់នឹងភ្នែក គឺបក្សប្រឆាំង មិនមែនបក្សកាន់អំណាច ដូចការលើកឡើងរបស់អ្នកវិភាគរត់ចោលស្រុក គឹម សុខ នេះទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “រឿងសម្ដេច ទទួលព័ត៌មាន ហើយប្រកាសពីព័ត៌មានថា មានបញ្ហាដែលចង់បង្កើតរដ្ឋាភិបាលក្រៅប្រទេសអី មានរឿងអីមកពាក់ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា? ហើយនិយាយអ៊ីចឹង វាអត់ឡូហ្ស៊ិក ទាល់តែសោះ វាទៅជាអ្នកបង្កើតរដ្ឋាភិបាលក្រៅប្រទេស មានពាក់ព័ន្ធអីជាមួយគណបក្សប្រជាជនកម្ពុជា? គ្រាន់តែសម្ដេច លើកឡើងថា បើមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ហើយមានទំនាក់ទំនងបណ្ដាញមកចូលក្នុងប្រទេស អាហ្នឹងអ្នកនៅក្នុងប្រទេសដែលទាក់ទងហ្នឹង អាហ្នឹងត្រូវកម្ទេចចោល ។ អាហ្នឹងវាជាលក្ខណ៍ការណ៍អ៊ីចឹង មិនដែលប្រទេសមួយឯករាជ្យ ហើយក្រោយការបោះឆ្នោត បង្កើតរាជរដ្ឋាភិបាលមួយស្របច្បាប់ហើយ ទៅបណ្ដែតបណ្ដោយឲ្យមានរដ្ឋាភិបាលណាក្រៅប្រទេសទៀត វាអត់ដែលមានទេ មិនមែនថា កម្ពុជា ទេ ព្រោះទោះបីជានៅប្រទេសណាក៏ដោយ វាមិនដែលគេអនុញ្ញាតឲ្យមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេសទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “និយាយទៅ! ពាក្យថាឃើញច្បាស់បែកជា៣នេះ មិនបាច់ទាយអីទេអាហ្នឹង គណបក្សប្រជាជន អត់ដែលមានបែកបាក់ទេ អាហ្នឹងពួកប្រឆាំងហ្នឹង វាបំបែកបំបាក់តាំងពីក្រោយឆ្នាំ១៩៧៩ មក រហូតពេលនេះ ៤០ប្លាយឆ្នាំហើយ មានដែលបែកបាក់ឯណា ។ ពាក្យបែកបាក់នោះ វាសម្រាប់ពួកប្រឆាំងទេ រាល់ថ្ងៃកំពុងតែបែកបាក់ហើយ ដែលគេចេញយ៉ាងភ្លូកទឹកភ្លូកដី រត់ចោល ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នេះ រហូតដល់ថ្ងៃនេះហើយ នៅតែមានមកទៀត ជាហូរហែ បន្តបន្ទាប់ ជាប្រចាំថ្ងៃ  ដូច្នេះយើងមិនបាច់ឆ្ងល់ទេ ។ ជារួម គណបក្ស អត់មានបែកជាបីទេ អត់មានទេ ខ្ញុំអត់បាច់មានអត្ថាធិប្បាយទេ ធានាអះអាងមួយរយភាគរយ មិនបាច់ធ្វើអត្ថាធិប្បាយទេ អ្នកសារព័ត៌មាន!“ ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់លោកសុខ ឥសាន ខាងលើនេះ បានធ្វើឡើងក្រោយពេលលោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម និងជាប្រធានវេទិកាពលរដ្ឋ បានលើកឡើងតាមតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ថា “ពេលគណបក្សប្រជាជន បែកជាបីបក្ស ឃើញកាន់តែច្បាស់ (សូមអង្កេតពិធីខួបកំណើតគណបក្សប្រជាជន ៧៣ឆ្នាំ) លោកហ៊ុន សែន បំផុសគំនិតរដ្ឋាភិបាលក្រៅប្រទេស“ ។

គួរបញ្ជាក់ដែរថា ការលើកឡើងនិងអះអាងរបស់លោកគឹម សុខ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននិយាយនៅក្នុងសុន្ទរកថាមួយ ក្នុងពិធីអបអរសាទរខួបលើកទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយសម្តេច បានបញ្ជាក់ថា វាជារឿងចាំបាច់ដែលរដ្ឋាភិបាល ត្រូវតែធ្វើវិសោធនកម្មច្បាប់ ក្នុងការកម្ចាត់ ឬរំសាយចោលគណបក្ស ឬក្រុមដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅបរទេស ឬមានគម្រោងបង្កើតនៅបរទេស។ សម្ដេច បានសង្កត់ធ្ងន់ថា ប្រសិនបើគណបក្សនិរទេសនៅក្រៅប្រទេស ដែលបង្កើតឬគ្រោងបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសនោះ រដ្ឋាភិបាលកម្ពុជា ក៏មិនអាចទុកគណបក្សនយោបាយស្របច្បាប់នៅកម្ពុជា បានតទៅទៀតដែរ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា «ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនជាព័ត៌មានសម្រាប់អ្នកនៅក្នុងប្រទេស ឲ្យបានជ្រាបថា បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅឯបរទេស ប្រសិនបើកើតឡើងនៅពេលខាងមុខ តាមការគ្រោងទុករបស់គេ យើងត្រូវតែកម្ចាត់ចោលភ្លាម រំសាយចោលភ្លាម នូវអង្គការចាត់តាំងបក្សណាក៏ដោយដែលនៅក្នុងប្រទេស។ នេះជារឿងចាំបាច់ដើម្បីការពារ។ យើងមិនអាចឲ្យពួកគេមានក្បាលម៉ាស៊ីនជារដ្ឋាភិបាលនៅក្រៅប្រទេស មានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបានទេ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាល ​ពិនិត្យពិចារណាលើរឿងនេះ វិសោធនកម្មច្បាប់ទាក់ទងនឹងច្បាប់បង្កើតគណបក្សនយោបាយ និងច្បាប់ដទៃទៀត ប្រសិនបើពួកគេបង្កើតនូវរដ្ឋាភិបាលនិរទេស។ ខ្ញុំក៏ទទួលបាននូវព័ត៌មានដែលពួកគេកំពុងចលនាបង្កើតឡើងរបស់ដែលហៅរដ្ឋាភិបាលនិរទេស។ បើអ្នកឯងមានរដ្ឋាភិបាល យើងក៏មិនអាចទុកគណបក្សនយោបាយ ឲ្យស្របច្បាប់តទៅទៀតដែរ នេះជារឿងដែលយើងចាំបាច់ត្រូវធ្វើ។ យើងត្រូវហ៊ានលះបង់ ត្រូវហ៊ានធ្វើនូវអ្វីៗ ដើម្បីការពារនូវសន្ដិភាពសម្រាប់ប្រជាជាតិរបស់យើង។ យើងបានបាត់បង់សន្ដិភាព រយៈពេលវែង យើងទើបមានសន្ដិភាពរយៈពេលជាង២៥ឆ្នាំ យើងមិនខ្លាចនឹងបង់តម្លៃណាក៏ដោយ ដើម្បីនឹងទប់ស្កាត់នូវចរន្ដជ្រុលនិយម ដែលបង្កើតឡើងនូវស្ថានភាពគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ នោះឡើយ»៕ កុលបុត្រ

RELATED ARTICLES