Tuesday, October 22, 2024
Homeព័ត៌មានជាតិ រតនវត្ថុបុរាណខ្មែរ ១៤រូប បញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក មកដល់កម្ពុជា

 រតនវត្ថុបុរាណខ្មែរ ១៤រូប បញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក មកដល់កម្ពុជា

ភ្នំពេញ ៖ វត្ថុបុរាណខ្មែរ ចំនួន១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) នៅសហរដ្ឋអាមេរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជា វិញកាលពីខែធ្នូ ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្តីពីការប្រគល់មកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរ ចំនួន១៤ ពីសារមន្ទីរ Metropolitan Museum of Art (MET) នៅទីក្រុងញូវយ៉ក ត្រូវបានបញ្ជូនមកដល់កម្ពុជា មានខ្លឹមសារទាំងស្រុងថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានសេចក្តីរីករាយ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ៖ វត្ថុបុរាណខ្មែរ ចំនួន១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) នៅសហរដ្ឋអាមេរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជា វិញកាលពីខែធ្នូ ឆ្នាំ២០២៣។ ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ជាមួយនឹងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET។

វត្ថុបុរាណខ្មែរទាំងនេះ មានដូចជា ទេពស្រី គឺព្រះនាងឧមា ធ្វើពីថ្មភក់ កាលពីអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ ដែលជារូបចម្លាក់ដ៏ល្អឯកមួយ មានប្រភពមកពីរាជធានីកោះកេរ។ កាលពីឆ្នាំ២០២១ អ្នកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរកឃើញប្រអប់ជើងនៃ បដិមានេះ នៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួច បានបញ្ជាក់ថា បដិមានេះ ត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុតរូបចម្លាក់ព្រះនាងឧមា អាចផ្គុំជាមួយគ្នាឡើងវិញ ចេញជារូបបដិមាតែមួយពេញលេញ និងល្អវិចិត្រ។

ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀត គឺបដិមាព្រះលោកេស្វរ ធ្វើពីសំលោហៈ នាអំឡុងចុងសតវត្សរ៍ទី១០ ដើមសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។ វត្ថុបុរាណដ៏សំខាន់មួយទៀតនោះ គឺព្រះកេសព្រះលោកេស្វរ ធ្វើពីសំរឹទ្ធ នៅអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជដែលកម្ពុជា តែងព្យាយាមស្វែងរក ដើម្បីយកមកផ្គុំឡើងវិញ ជាមួយនឹងដងខ្លួនដែលបច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះ ប្រហែលត្រូវបានគេលួចនៅក្នុងទសវត្សរ៍១៩៩០ រីឯដងខ្លួន ត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយ ក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា “ការប្រគល់សម្បត្តិវប្បធម៌ របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត ដែលមិនសម្រាប់តែប្រទេសកម្ពុជា ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏សម្រាប់ មនុស្សជាតិទាំងមូលផងដែរ។ យើងដឹងថា វត្ថុបុរាណខ្មែរ ជាច្រើនទៀត ស្ថិតនៅសារមន្ទីរ MET ដែលយើងសង្ឃឹមថា វត្ថុដ៏មានតម្លៃទាំងនោះ នឹងវិលត្រឡប់មកកម្ពុជា វិញ។ យើងមានសេចក្តីសោមនស្សរីករាយ ដែលអ្នកកាន់កាប់សមុច្ច័យឯកជននានា និងសារមន្ទីរមួយចំនួនបានទាក់ទងមកយើងក្នុងពេលថ្មីៗនេះ ហើយយើងរំពឹងថា មរតកវប្បធម៌សំខាន់ៗដទៃជាច្រើនទៀត នឹងប្រគល់ត្រឡប់មកមាតុភូមិវិញ នាពេលអនាគត”។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថា “ការបញ្ជូនត្រឡប់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធម៌ជាតិ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់នេះ គឺសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរកនិងនាំយកមកវិញនូវព្រលឹងដូនតារបស់ខ្លួន ដែលបានឃ្លាតចាកឆ្ងាយពីទឹកដីកំណើត ក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខច្រើនទសវត្សរ៍កន្លងមកនេះ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ចំពោះការ ដឹកនាំប្រកបដោយគតិបណ្ឌិត ដែលបាននាំមកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ ព្រមជាមួយនេះ ប្រជាជនកម្ពុជា សូមស្វាគមន៍ការវិលត្រឡប់មកវិញនៃព្រលឹងដូនតាដែលជាមង្គលរបស់ជាតិ ក៏ដូចជាការប្រោះព្រំប្រសិទ្ធពរជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរបស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិក លោក Damian Williams  និងការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ជាពិសេសលោកស្រី Jessica Feinstein និងលោក Shiva Logaraja ព្រមទាំងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងភ្នាក់ងារពិសេសគឺលោក John P. Labbat និង លោក Robert Mancene រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងនៅក្រៅប្រទេស និងនៅកម្ពុជា ជាពិសេសថ្លែងអំណរគុណដល់ស្ថានទូតសហរដ្ឋ អាមេរិក ប្រចាំកម្ពុជា និងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ទន្ទឹមនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណជាពិសេសចំពោះលោក Bradley J. Gordon ស្ថាបនិកនៃក្រុមហ៊ុន Edenbridge Asia លោក Steven Heimberg នៃក្រុមហ៊ុន Apex Advisors កញ្ញា Melina Antoniadis នៃក្រុមហ៊ុន NOSTOS Strategies និងលោកស្រីសាស្ត្រាចារ្យ Ashley Thompson នៃសាកលវិទ្យាល័យ SOAS ដែលបានជួយក្នុងការចរចាទាមទារមកកម្ពុជា វិញនូវសម្បត្តិវប្បធម៌ខ្មែរ នាពេលកន្លងមក។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា “ការបញ្ជូនត្រឡប់មកវិញនៃព្រលឹងដូនតានេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សានិងការព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល ជាច្រើនទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។ លទ្ធផលប្រកបដោយផ្លែផ្កានេះ ក៏បានបង្ហាញនូវទំនាក់ទំនងកាន់តែរឹងមាំឡើងជាមួយសហរដ្ឋអាមេរិក”៕

RELATED ARTICLES