Sunday, September 8, 2024
Homeសង្គម និងជីវិតកូនក្រមុំរត់តាមសង្សារ ឪកាន់រូបថតតាមរក

កូនក្រមុំរត់តាមសង្សារ ឪកាន់រូបថតតាមរក

ភ្នំពេញ ៖ ក្រមុំរូបស្រស់ម្នាក់ ត្រូវបានសង្សារល្បួងពង្រត់ចេញពីផ្ទះ បាត់អស់រយៈពេល ៣ខែ ដោយមិនឃីញត្រឡប់មកវិញ សូម្បីតែទូរស័ព្ទក៏មិនទទួល ដោយខាងប្រុសតែងតែទទួលជំនួស និងអះអាងថា កូនស្រីមិនចង់ជួបឪ រួចព្យាយាមបង្វែងដានមិនឱ្យដឹងពីទីតាំងដែលពួកគេស្នាក់នៅ ជាហេតុធ្វើឱ្យបុរសចំណាស់ជាឪពុក ព្រួយបារម្ភពីសុវត្ថិភាពកូនស្រី មិនដឹងថាសុខទុក្ខយ៉ាងណា ក៏សម្រេចចិត្តកាន់រូបថតដើរតាមរកកូនស្រី តាំងពីស្រុកកំណើត ខេត្តព្រៃវែង ធ្លាយរហូតដល់ភ្នំពេញ រកមិនឃើញ បានអង្គុយយំ ដង្ហោយហៅកូនស្រី ឱ្យវិល ត្រឡប់មកផ្ទះវិញ។

បុរសជាឪពុកដែលកាន់រូបថត ដើររកកូនស្រី មានឈ្មោះគ្រុយ ឡាំ អាយុ៧៦ឆ្នាំ មុខរបរកសិករ មានស្រុកកំ ណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកកូនស្រីដែលត្រូវសង្សារពង្រត់ទៅបាត់ មានឈ្មោះឡាំ តូនី។

តាមសម្តីបុរសជាឪពុក ឈ្មោះគ្រុយ ឡាំ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ ដើមឡើយ បានមកធ្វើការនៅភ្នំពេញ ជាមួយបងជីដូនមួយរបស់នាង នៅផ្សារអ៊ីអន លុះក្រោយមកបានទាក់ទងស្គាល់ជាមួយយុវជនរូបសង្ហាម្នាក់។ រហូតមកដល់អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីខែមេសា ឆ្នាំ២០២៤ កូនស្រីរបស់គាត់ បាននាំកំលោះសង្ហានោះ មកលេងផ្ទះ ឱ្យពួកគាត់ជាឪពុកម្តាយ សាច់ញាតិ បានមើល ចំណែកគាត់ក៏មិនថាអ្វីដែរ បានត្រឹម ប្រាប់ថា បើស្រលាញ់គ្នាពិតមែន ត្រូវឱ្យចាស់ទុំចូលស្តីរៀបការ បំពេញមុខកូនស្រីរបស់គាត់ ឱ្យបានត្រឹមត្រូវតាមប្រពៃណីចុះ គាត់មិនហាមឃាត់អ្វីឡើយ។

បុរសចំណាស់នេះ បន្តថា លុះចប់ចូលឆ្នាំ ខាងប្រុស សុំយកកូនស្រីគាត់ទៅភ្នំពេញ វិញ ដោយប្រាប់ថា នាំកូនស្រីគាត់ទៅឱ្យឪពុកម្តាយរបស់គេមើល (ឪពុកម្តាយខាងប្រុស) និងជួយរកការងារឱ្យកូនស្រីរបស់គាត់ធ្វើទៀតផង។ បន្ទាប់មក ពួកគេក៏នាំគ្នាចាកចេញទៅបាត់ លុះ២-៣ថ្ងៃក្រោយមក គាត់បានទូរស័ព្ទទៅសួរនាំកូនស្រីថា រកការងារបានធ្វើឬនៅ? កូនស្រីឆ្លើយថា រកមិនទាន់បានទេ។ ពេលនោះ គាត់បាននិយាយទៅកាន់កូនស្រីថា បើរកការងារធ្វើមិនបាន កូនមកផ្ទះសិនមក តែនាងមិនព្រម រួចក៏បិទទូរស័ព្ទទៅ។ បន្ទាប់មក រំលងបាន៣-៤ថ្ងៃ គាត់បានទូរស័ព្ទទៅកូនស្រីម្តងទៀត នាងប្រាប់ថា នាងឈឺ និងប្រាប់ឱ្យគាត់ជាឪពុក ផ្ញើលុយមកឱ្យនាងព្យាបាលជំងឺទៀតផង តែគាត់មិនព្រម ដោយប្រាប់ថា បើកូនឈឺ ឡើងមកស្រុកមកព្យាបាលជំងឺនៅផ្ទះ ស្រួលជាង តែនាងមិនព្រម។ លុះគាត់ថាបើពុំដូច្នោះចាំឪឡើងទៅមើល នាងមិនព្រមឱ្យគាត់ឡើងទៅភ្នំពេញ មើលនាងដាច់ខាត ហើយក៏មិនព្រមប្រាប់ពីទីតាំងដែលនាងស្នាក់នៅដែរ រួចក៏បិទទូរស័ព្ទទៅ។

បុរសជាឪពុក បានបន្ថែមថា លុះ៣-៤ថ្ងៃមកទៀត គាត់ព្យាយាមទូរស័ព្ទទៅរកកូនស្រី តែកូនស្រីមិនព្រមលើកទូរស័ព្ទគាត់សោះ ហើយគាត់ចេះតែព្យាយាមទូរស័ព្ទទៅជារឿយៗ ស្រាប់តែខាងប្រុសជាអ្នកលើកទូរស័ព្ទនោះវិញម្តង ហើយពេលគាត់សុំជួបកូនស្រី យុវជននោះឆ្លើយញថា កូនស្រីមិនចង់ជួបគាត់ទេ ហើយពេលគាត់សួរនាំពីកន្លែងដែលពួកគេស្នាក់នៅ ដើម្បីនិយាយគ្នាឱ្យច្បាស់ បែរជាគេមិនព្រមប្រាប់ បន្ទាប់មកគាត់ក៏ព្យា យាមលួងលោម ដោយប្រាប់ទៅខាងយុវជននោះថា បើស្រលាញ់កូនគាត់មែន គាត់មិនហាមឃាត់ទេ សំខាន់ឱ្យចាស់ទុំចូលស្តីដណ្តឹង រៀបការទៅ គាត់ផ្សំផ្គុំឱ្យ តែគេមិនឆ្លើយតប រួចក៏បិទទូរស័ព្ទទៅ។

បុរសជាឪពុក បានបញ្ជាក់ទាំងទឹកភ្នែកថា គាត់ពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីខ្លាំងណាស់ ព្រោះបាត់ដំណឹងនាង រយៈពេល ៣ខែមកហើយ មិនដឹងថាកូនស្រីមានសុខទុក្ខយ៉ាងណា ទើបគាត់ដាច់ចិត្តកាន់រូប ថតកូនស្រី ចេញពីស្រុកកំណើត ឯខេត្តព្រៃវែង តាមរកកូនស្រីនៅភ្នំពេញ តែមិនទាន់បានដំណឹងអ្វីបន្តិចនៅ ឡើយ។

បុរសជាឪពុកខាងលើ បានដង្ហោយហៅកូនស្រីទាំងអួលអាក់ថា “ឡាំ តូនី កូន មកផ្ទះយើងវិញមកកូន ពុកមិនខឹង មិនស្តីថាឱ្យកូនទេ បើកូនស្រលាញ់គ្នា ឱ្យគេចូលស្តីដណ្តឹងកូនត្រឹមត្រូវទៅ ពុកនឹងរៀបការឱ្យ…”៕

RELATED ARTICLES