ខេត្តសៀមរាប ៖ គិតចាប់តាំងពីឆ្នាំ២០១១ មកដល់ពាក់កណ្តាលឆ្នាំ២០២៤ ពោលគឺរយៈពេល១៣ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា បានធ្វើការ វះកាត់ព្យាបាលជំងឺបេះដូងកុមារកម្ពុជា បានប្រមាណជាង៦ពាន់ករណី ក្នុងនេះនៅមន្ទីរ ពេទ្យជយវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) មានជាង៤ពាន់ ករណី និងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជិត២ពាន់ករណី បើគិតទាំងការព្យាបាលដោយមិនវះកាត់ ២ពាន់ករណីទៀត សរុបគឺ៨ពាន់ករណី។

លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន ប្រធានផ្នែកវះកាត់បេះដូងកុមារ នៃមន្ទីរពេទ្យជយវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) បានប៉ាន់ប្រមាណតម្លៃនៃការវះកាត់ព្យាបាលបេះដូងរបស់កុមារ ដែលមានលក្ខណៈមិនសូវជាស្មុគស្មាញខ្លាំង ក៏ឃើញថាចំណាយអស់ខ្ទង់ជាង ៣ពាន់ដុល្លារ ទៅ៤ពាន់ ដុល្លារ ដោយមិនទាន់គិតពីការចំណាយលើការថែទាំបន្ទាប់ពីវះកាត់រួចនោះឡើយ។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា អត្រាប្រឈមនឹងជំងឺបេះដូងពីកំណើតរបស់កុមារ មានប្រមាណ ០,៥-១ភាគរយ ពោលក្នុងចំណោមកុមារ ១០០នាក់ មានម្នាក់អាចនឹងកើតជំងឺបេះដូងពីកំណើត។ មុននឹងបើកដំណើរការការ ព្យាបាលជំងឺនេះ នៅឆ្នាំ២០១១ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា បើទោះបីជាអត្រាស្លាប់នៃអ្នកជំងឺ មានកម្រិតទាប មែន ប៉ុន្តែភាគច្រើនស្លាប់ដោយសារជំងឺបេះដូងពីកំណើត។ ដូច្នេះហើយ ទើបលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យ បានផ្តួចផ្តើមបង្កើតឱ្យមានផ្នែកវះកាត់ព្យាបាលបេះដូងរបស់កុមារ។

បង្កើតឡើងដំបូង នៅឆ្នាំ២០១១ ដោយមានវេជ្ជបណ្ឌិតជំនាញពីបរទេស ជួយដឹកនាំផង មួយថ្ងៃ គិតជាមធ្យម ផ្នែកវះកាត់បេះដូងកុមារ ទទួលអ្នកជំងឺ ចន្លោះពីម្នាក់ទៅ២នាក់។ ២ឆ្នាំបន្ទាប់មក ដំណើរការនៃការវះកាត់ព្យាបាលជំងឺដែលមានលក្ខណៈស្មុគស្មាញមួយនេះ ធ្វើឡើងដោយវេជ្ជបណ្ឌិត និងគ្រូពេទ្យកម្ពុជា ទាំងអស់។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជយវរ្ម័នទី៧ បានគូសបញ្ជាក់ថា ការចំណាយទៅលើការព្យាបាល និងវះកាត់ជំងឺបេះដូងកុមារ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយមិនគិតថ្លៃ អាចដំណើរការបាន គឺជាចំណែកមួយនៃថវិកាដែលបានមកពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដោយបានបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផា៕