Sunday, September 8, 2024
Homeព័ត៌មានជាតិផ្កាយ៣ ហ៊ុន ជា រិះគន់កូនឧកញ៉ា ស្រលាញ់យោធា ម៉ែឪឲ្យចាប់សិល្បៈ

ផ្កាយ៣ ហ៊ុន ជា រិះគន់កូនឧកញ៉ា ស្រលាញ់យោធា ម៉ែឪឲ្យចាប់សិល្បៈ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) ហ៊ុន ជា ក្មួយប្រុសសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់កូនឧកញ៉ាតារាចម្រៀង ព្រាប សុវត្ថិ ដែលស្លៀកពាក់ឯកសណ្ឋានយោធា ទុកសក់វែង មានពាក់ក្រវិល ច្រៀងបង្ហោះពីក្នុងឡាន មិនយល់ពីវិន័យកងទ័ព ។ លោកផ្កាយ៣ ហ៊ុន ជា បានសួរទៅលោកសុវត្ថិ មុនីវណ្ណ ថាស្រលាញ់មួយណា មេត្តាចែកឲ្យដាច់ផង ឬមួយក៏ស្រឡាញ់យោធា ម៉ែឲ្យចាប់យកសិល្បៈ បានជាចេញមកបែកៗបែបនេះ?

លោកហ៊ុន ជា បានស៊ែរវីដេអូដែលសុវត្ថិ មុនីវណ្ណ ពាក់ឯកសណ្ឋានយោធា ច្រៀងសម្តែងកាយវិការឌីចេនោះ ក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ជាមួយសំណេរ ក្នុងន័យរិះគន់កូនប្រុសឧកញ៉ាតារាចម្រៀងព្រាប សុវត្ថិ នោះថា “2024 ទៅជាចឹងអស់ហើយ បែកបែកយកមែនទែនហ្មង! បើស្រលាញ់១ណា ចែកឲ្យដាច់ផងទានម្ចាស់? ឬក៏ស្រលាញ់យោធា ម៉ែឪឲ្យចាប់យកសិល្បៈវិញ?“ ។

គួរបញ្ជាក់ថា ការរិះគន់របស់លោកឧត្តមសេនីយ៍ ហ៊ុន ជា ខាងលើនេះ បានធ្វើឡើងក្រោយពេលលោកព្រិន្ទបាលឯក សុវត្ថិ មុនីវណ្ណ ជំនួយការការិយាល័យទី៥ នៃកងទ័ពជើងគោក ត្រូវជាកូនប្រុសតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ កំពុងរងការរិះគន់ពីមជ្ឈដ្ឋានមហាជន បន្ទាប់ពីស្លៀកពាក់ឯកសណ្ឋានកងទ័ព សក់លើក្បាលវែង ពាក់ក្រវិលត្រចៀក ច្រៀងបង្ហោះ ចាក់ក្បាច់ដៃបែបឌីចេ ហាក់មិនយល់ពីវិន័យកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ។

ក្រោយពីបានឃើញសកម្មភាពរបស់កូនប្រុសឧកញ៉ាព្រាប សុវត្ថិ ខាងលើនេះ ក្រៅពីមានការរិះគន់ពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន  បាននាំគ្នារិះគន់ព្រោងព្រាត ដោយមជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ការសម្ដែងកាយវិការមិនសមជាកងទ័ព បង្ហាញថាកូនប្រុសឧកញ៉ាព្រាប សុវត្ថិ រូបនេះ មិនបានចូលសាលាទាហាន ឬគ្មានយល់ពីបទបញ្ជា ច្បាប់ លក្ខន្តិកៈកងយោធពលខេមរភូមិន្ទសោះតែម្តង ។

ក្នុងនោះ នាយទាហានម្នាក់ បានសរសេរក្នុងខម្មិនថា “លោកនាយចំណង់ សែនសង្ហាតាមចិត្តម្ដាយ ខុសបេះដូង ។ ត្រង់នេះ មានន័យថា តួនាទីរបស់កងទ័ព មិនមែនស្លៀកពាក់ឯកសណ្ឋាន ហើយទុកសក់វែង ពាក់ក្រវិល គឺមិនសមរម្យ អាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់កងទ័ពដែលមានវិន័យ គ្មានសីលធម៌ មិនស្គាល់ពីតួនាទី ភារកិច្ច យកឯកសណ្ឋានកងទ័ពទៅសប្បាយឯកឯង តែប៉ះពាល់ដល់ទិដ្ឋភាពសង្គម ទិដ្ឋភាពច្បាប់“ ។ 

ម្ចាស់គណនីហ្វេសប៊ុក មួយទៀត បានសរសេរក្នុងខម្មិនថា “បើបានពាក់ស័ក្ដិតាមរយៈឪពុកហើយ ហេតុអីមិនស្ងាត់ទៅ បែរជាមកអួតតាមបណ្ដាញសង្គម ទាំងមិនយល់ពីបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទផង ។ ជំពូកទី៥ មាត្រា២៧ ដល់២៩ បានចែងច្បាស់ពីឯកសណ្ឋាន សក់ ក្រចក ។ ទង្វើនេះ ធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ទៀតផង ។ កុំភ្លេចថា ខ្លួនជាមនុស្សសាធារណៈ មានអ្នកតាមដានច្រើន ហើយបង្ហោះលើបណ្ដាញសង្គម បានចែកចាយពាសពេញពិភពលោក ហើយពេលពួកបរទេសផ្សេង គេឃើញ តើគេវាយតម្លៃលើកងយោធពលខេមរភូមិន្ទយើងរបៀបណា? សូមបញ្ជាក់ថា គ្មានបងប្អូនណាម្នាក់ស្អប់ខ្ពើមតារាចម្រៀងបានចូលបម្រើកងទ័ពទេ មានតែពេញចិត្ត និងសុំសរសើរ ប៉ុន្តែគប្បីមើលពីវិន័យកងទ័ព ធ្វើឲ្យស័ក្ដិសម ចៀសវាងទទួលរងនូវការរិះគន់យ៉ាងព្រោងព្រាតបែបនេះ គឺអាក្រក់ភ្នែកដល់មហាជន ។ ជាពិសេស ត្រូវយល់ថា តើកងទ័ព ឯកសណ្ឋានបែបណា? សក់បែបណា? មិនមែនលាបក្រែម ម្សៅ សក់វែង ពាក់ក្រវិល តាមទង្វើបែបនេះទេ“ ។

ទោះបីយ៉ាងណា ជុំវិញការរិះគន់ខាងលើនេះ មិនទាន់ឃើញមានការឆ្លើយតបពីលោកព្រិន្ទបាលឯក សុវត្ថិ មុនីវណ្ណ នៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ខណៈអ្នកយកព័ត៌មាន មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតបពីសាមីខ្លួនលោកសុវត្ថិ មុនីវណ្ណ បានទេ នៅល្ងាចម្សិលមិញ៕ កុលបុត្រ

RELATED ARTICLES