ខេត្តស្ទឹងត្រែង ៖ ហ្វូងសត្វខ្ទីង ទន្សោង ឈ្លូស ៘ ជាច្រើនត្រូវបានកំពុងជ្រកកោនរស់នៅក្នុងតំបន់ការពារទេសភាព គ្រប់គ្រងដោយមន្ទីរបរិស្ថាន ស្ថិតនៅភូមិសាស្ត្រឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

លោកឈួន ឆន អនុប្រធានការិយាល័យរ៉ាមសារ បានឱ្យដឹងថា ការប្រទះឃើញហ្វូងសត្វព្រៃខាងលើនេះ ជាដំ បូងក្រុមការងារបានសហការជាមួយគណៈកម្មការសហគមន៍ព្រៃឈើ ប្រជុំមិត្ត ឃុំសំអាង ចុះល្បាតត្រួតពិនិត្យ និងទប់ស្កាត់បទល្មើស គ្រប់ប្រភេទក្នុងតំបន់ការពារ ទេសភាពស្ទឹងត្រែង បានជួបដានសត្វទន្សោង មួយហ្វូង ប្រហែល៥ទៅ៦ក្បាល ក៏បានបន្តទៅមើលកាមេរ៉ាថតសត្វ ដែលសហគមន៍បានបំពាក់ក្នុងព្រៃ ហើយក៏បានឮសំឡេងសត្វទន្សោង មួយហ្វូង ផ្អើលរត់ក្នុងព្រៃ។

លោកឈួន ឆន បន្តថា យោងតាមការផ្តល់ព័ត៌មាន ពីគណៈកម្មការសហគមន៍ ក្នុងព្រៃនេះគឺសម្បូរសត្វព្រៃ ដូចជា ខ្ទីង ទន្សោង ឈ្លូស ៘ ហើយសហគមន៍បានបំពាក់កាមេរ៉ាថតសត្វចំនួន៥គ្រឿង ដើម្បីតាមដានសកម្មភពហ្វូងសត្វទាំងនោះដែរ។

សហគមន៍ព្រៃឈើ ប្រជុំមិត្ត មានទំហំផ្ទៃដី ចំនួន៣២៥៣ហិកតារ ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ មានព្រៃដុះស្អេកស្កះ ជាច្រើនដែលមានសក្តានុពលដ៏ល្អសម្រាប់សត្វរស់នៅ។

លោកឈួន ឆន អនុប្រធានការិយាល័យរ៉ាមសារ បានបញ្ជាក់បន្ថែមថា កម្លាំងរបស់លោកបានចុះល្បាតជាប្រចាំបន្តបន្ទាប់ ដោយមានការប្តូរតំបន់ ដោយសារក្នុងតំបន់ការពារទេសភាពមានសហគមន៍ប្រជុំមិត្ត សហ គមន៍ជាំពេជ្រ សហគមន៍អូរស្វាយ សហគមន៍ភ្នំរមៀត សហគមន៍ក្រឡាពាស ហើយតំបន់ខាងលើនេះ គណៈ កម្មការសហគមន៍ព្រៃឈើ ប្រជុំមិត្ត បាននិងកំពុងស្នើកាមេរ៉ា ពីអង្គការសម្ព័ន្ធសត្វព្រៃ បន្ថែម ដើម្បីបំពាក់តាម ដានពីសកម្មភាពហ្វូងសត្វព្រៃ ព្រមទាំងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមអភិរក្សធនធានធម្មជាតិ ដើម្បីកុំឱ្យពួកគាត់ធ្វើស្វ័យជីវកម្មបរបាញ់ ហើយក្នុងសកម្មភាពតទៅមុខ នឹងពង្រឹងការល្បាតឱ្យមមាញឹកជាងនេះបន្ថែមទៀត ដើម្បីការពារធនធានធម្មជាតិនេះ ឱ្យបានគង់វង្សយូរអង្វែង៕


