ភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ផ្ទុះប្រតិកម្ម និងថ្កោលទោសចំពោះលោកសង្ឃវៀតណាម ១អង្គ ដែលបានទេសនាប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរមក នៅថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២៤ លោកសង្ឃយួន អង្គនោះ បានចូលមកក្រាបថ្វាយបង្គំព្រះសង្ឃខ្មែរក្រោម ដើម្បីបិណ្ឌបាតការអភ័យទោស នៅវត្តចន្ទរង្សី ទីក្រុងព្រៃនគរ ទឹកដីកម្ពុជាក្រោម បន្ទាប់ពីបានធ្វើលិខិតទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈរួចមក។

គួររំលឹកថា កាលពីអំឡុងចុងខែមិថុនា ឆ្នាំ២០២៤ មានការបែកធ្លាយឃ្លីបវីដេអូលោកសង្ឃវៀតណាម មួយអង្គ ព្រះនាម ថិច ញ៉ឹងឌឹក បានទេសនាប្រើប្រាស់កាយវិការ និងពាក្យសម្តីប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរ ពិសេសទៅលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ធ្វើឱ្យផ្ទុះ ការរិះគន់យ៉ាងផុសផុសពីសំណាក់ប្រជាពលរដ្ឋខ្មែរ ពិសេសពលរដ្ឋខ្មែរកម្ពុជាក្រោម ទាមទារឲ្យសង្ឃយួន ថិច ញ៉ឹងឌឹក ត្រូវតែចេញមុខសុំទោសជាសាធារណៈ រហូតមានការស្នើឱ្យមានការចាត់វិធានការតាមផ្លូវច្បាប់ របស់ប្រទេសវៀតណាម ទៀតផង។
ជុំវិញប្រតិកម្មចំពោះការប្រើប្រាស់ពាក្យទេសនាប្រមាថមើលងាយសាសន៍ខ្មែរនេះ លោកសង្ឃយួន ថិច ញ៉ឹងឌឹក ត្រូវបានគណៈមន្ត្រីសង្ឃវៀតណាម ធ្វើការកោះហៅទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ បន្តទៅទៀត។ ប៉ុន្តែទោះជាមានការធ្វើកិច្ចសន្យាឱ្យបញ្ឈប់នូវសកម្ មភាពទាំងនេះក្តី ក៏កំហឹងនិងការឈឺចាប់របស់ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅតែមិនទាន់ស្ងប់នៅឡើយ ដោយមតិខ្លះបានលើកឡើងថា ចរិតនិងការនិយាយស្តីរបស់សង្ឃយួនអង្គនេះ មិនសមជាព្រះសង្ឃដែលផ្តល់ឱវាទដល់គេទាល់តែសោះ ។

ក្រោយមានការប្រតិកម្ម និងការទទូចទាមទារពីប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឱ្យលោកសង្ឃយួន អង្គនេះ ចេញ មុខសុំទោសជាសាធារណៈរួចមក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ សង្ឃយួន ថិច ញ៉ឹងឌឹក បាននិមន្តចូលមក ក្រាបបង្គំសុំខមាទោសនូវកំហុសឆ្គងរបស់ខ្លួន នៅចំពោះព្រះចៅអធិការ ព្រះសង្ឃ និងមន្ត្រីសង្ឃ នៃព្រះពុទ្ធសា សនាថេរវាទ ខ្មែរក្រោម នៅវត្តចន្ទរង្សី ទីក្រុងព្រៃនគរ ទឹកដីកម្ពុជាក្រោម។

យ៉ាងបីជាណា ក៏នៅតែមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ជាច្រើន បានទាមទារឱ្យលោកសង្ឃយួន អង្គនេះ ចេញវីដេអូសុំទោសជាសាធារណៈបន្ថែមទៀត ដោយសារតែពេលទេសនា ប្រើពាក្យប្រមាថដល់ជាតិសាសន៍ខ្មែរ សង្ឃយួនអង្គនេះ បានផ្សាយផ្ទាល់នៅលើបណ្តាញសង្គម បង្ហាញពីការសើចសប្បាយក្អាកក្អាយ ដូច្នេះត្រូវចេញវីដេអូសុំទោស ដើម្បីឱ្យមហាជនតាមបណ្តាញសង្គម បានដឹងឮ និងទទួលយកបាន៕