ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ពន្ធ័ ចុះទៅពិនិត្យមើលប្រឡាយស្ថានីយបូមទឹក បឹងទំពន់ ប្រឡាយស្ថានីយលូ ប្រាំ ជាមួយនិងការពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោ ងរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន១៣គម្រោង ដែលបាននិងកំពុងអនុ វត្ត។
លោកឃួង ស្រេង បានមានប្រសាសន៍ថា គម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុ សាសន៍របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញ មានចំនួន៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្ត មាន១៣គម្រោង។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានណែនាំឱ្យលោកឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេ ញគ្រឿងចក្រ ធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឲ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដារបច្ចេកទេសឡើយ ដែលវានឹងនាំឱ្យស្ទះផ្លូវទឹក ដែលបង្កឱ្យមានការលិចលង់ ដោយសារជំនន់ទឹកភ្លៀង។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្ត មានចំនួន២៣គម្រោង តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានី ភ្នំពេញ បាននិងកំពុងអនុវត្ត ចំនួន១៣គម្រោង។
លោកសាំ ពិសិដ្ឋ បានបន្តថា ចំពោះគម្រោងទាំង១៣នេះ ជាគម្រោងដែលបាននិងកំពុងអនុវត្ត ក្នុងតំបន់ងាយ រងគ្រោះដោយការលិចលង់ជាងគេ ដែលមានដូចជាតំបន់ជុំវិញស្ថានីយបូមទឹក លូប្រាំ តំបន់ជុំវិញស្ថានីយបូម ទឹកបឹងទំពន់ តំបន់ជុំវិញស្ថានីយបូមទឹកបឹងត្របែក ជាដើម។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ក្នុងចំនួន១៣គម្រោង ដែលបាននិងកំពុងអនុវត្តនេះ ក៏មានគម្រោងពង្រីកស្ថានីយបូមទឹក ឱ្យបានធំជាងមុន ដូចជានៅស្ថានីយលូប្រាំ និងស្ថានីយកប់ស្រូវ គម្រោងសាងសង់ សម្រង់កាយសំរាមនៅបឹងត្របែក។ សម្រាប់ ១៣គម្រោង នេះ គិតមកដល់ពេលនេះ ការដ្ឋានអនុវត្តសម្រេចបាន ៦,៥ភាគរយហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពន់ និងតំបន់ផ្សារដើមគ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះ រាជធានីភ្នំ ពេញ នឹងលែងលិចលង់ ជាមួយនឹងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រ លើកដំបូងនៅកម្ពុជា ក៏ជាផ្នែកដ៏សំខាន់មួយ ក្នុងការរំដោះទឹកភ្លៀង ចេញពីរាជធានីភ្នំពេញ ផងដែរ៕