ខេត្តកំពត ៖ ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានប្រទះឃើញវត្តមានជ្រូកទឹក១ក្បាលទៀត បានមករស់នៅ ក្នុងដែនសហគមន៍នេសាទព្រែកត្នោត កាលពីថ្ងៃទី០៤ និងថ្ងៃទីទី០៥ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។
លោកស សុរិន នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ថា ចំពោះវត្តមានជ្រូកទឹកនេះ ធ្វើឱ្យ យើងដឹងថា មជ្ឈដ្ឋានសមុទ្រខេត្តកំពត ពិសេសតំបន់អភិរក្ស និងសហគមន៍នេសាទទាំងអស់ សំបូរធនធាន មានជីវៈចម្រុះច្រើន សំបូរចំណីអាហារ ក្លាយជាទីជម្រកដ៏មានសុវត្ថិភាព សម្រាប់ពពួកសត្វកម្រ សត្វងាយរងគ្រោះ មានដូចជាពពួកជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ និងផ្សោត ជាដើម។
លោកស សុរិន បានបន្តថា បន្ទាប់ពីមានកិច្ចសហការល្អជាមួយអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំ ដាប់ថ្នាក់ យើងបានបង្ក្រាប បទល្មើសជាប្រចាំ និងបានអភិរក្សស្មៅសមុទ្រ ផ្កាថ្ម និងការពារព្រៃកោងកាងបានយ៉ាងល្អ ធ្វើឱ្យប្រភេទសត្វកម្រ សត្វងាយរងគ្រោះ បានវិលមក រស់នៅតំបន់អភិរក្សក្នុងសហគមន៍នេសាទត្រពាំងរពៅ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទចង្ហោនច្រើន ក្នុងរយៈពេលចុងក្រោយ នេះ។
លោកបន្ថែមថា ពួកសត្វកម្រ និងងាយរងគ្រោះ មានជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ ផ្សោតជាដើមនេះ វារស់នៅតែក្នុងតំបន់ ណាដែលមានសុវត្ថិភាព គ្មានការរំខាន មានទីជ្រក និងសំបូរចំណីអាហារប៉ុណ្ណោះ។
ដោយឡែក បើតាមការបញ្ជាក់ពីក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានឱ្យដឹងថា គិតមកដល់ថ្ងៃនេះ ក្រុម ការងារ នៅមិនទាន់អាចបញ្ជាក់ចំនួនសត្វជ្រូកទឹកក្នុងដែនសមុទ្រខេត្តកំពតបាននៅឡើយទេ រង់ចាំគម្រោងសិក្សាស្រាវជ្រាវបញ្ចប់នៅឆ្នាំនេះ សិន។ ប៉ុន្តែក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងារ បានប្រ ទះឃើញជ្រូកទឹកនៅខេត្តកំពត៥លើក នៅតំបន់វាលស្មៅសមុទ្រ ដែលក្រុមការងារ បានទម្លាក់ប្រអប់ សិប្បនិ មិត្ត ព្រោះចំណីជ្រូកទឹកគឺស្មៅសមុទ្រ។
គួរបញ្ជាក់ថា ខេត្តកំពតមានសហគមន៍នេសាទចំនួន៩កន្លែង មានស្មៅសមុទ្រចំនួន១១ប្រភេទ លើផ្ទៃបាតសមុទ្រ ៨៤៣៥ហិកតារ ផ្កាថ្ម ៩៥៣ហិកតារ ព្រៃកោងកាង ១៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន១៣កន្លែង៕