ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ សម្រាន្តយូរប្លែកខុសពីធម្មតា ទើបចៅៗបាន ចូលទៅដាស់ ស្រាប់តែប្រទះឃើញស្លាប់រឹងស្តូក ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុង តាខ្មៅ។
បុរសចំណាស់រងគ្រោះ មានឈ្មោះសាន វិសាល អាយុ៦៤ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ក្នុងភូមិ–សង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះហ៊ីង រតនៈ អាយុ ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅ ភូមិកើតហេតុខាងលើ និងត្រូវជាចៅស្រីរបស់ ជនរងគ្រោះបានរៀបរាប់ប្រាប់ថា កាលពីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នាងបានចេញ ទៅធ្វើការនៅរោងចក្រ យ៉ុងវ៉ា ដូចសព្វមួយ ដង រហូតដល់វេលាម៉ោង៤រសៀល ទើបត្រឡប់ មកផ្ទះវិញ។ លុះពេលមកដល់កូនប្រុសរបស់ នាងបានប្រាប់ថា តា (ជនរងគ្រោះ) សម្រាន្ត យូរណាស់ តាំងពីព្រឹកមកមិនឃើញក្រោកសោះ ឮបែបនេះ នាងក៏បានដើរទៅអើតមើលតាម ប្រឡោះជញ្ជាំង ឃើញជនរងគ្រោះកំពុងសម្រាក ទើបស្រែកហៅ ប៉ុន្តែមិនឮសូរសំឡេងជនរងគ្រោះឆ្លើយតបសោះ ធ្វើឱ្យនាងនឹកសង្ស័យ ក៏ចូលតាមទ្វារក្រោយ បើកមុងយកដៃអង្រួន ដាស់ជនរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះមានសភាពរឹងស្តូក សាច់ត្រជាក់ល្អូក ស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោផ្អើលដល់ អ្នកភូមិចោមរោមមើល ហើយនាងក៏ទូរស័ព្ទ ប្រាប់ម្តាយ និងរាយការណ៍សុំអន្តរាគមន៍ពី សមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារអាការ ខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វី ផ្សេងនោះទេ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
សិលា