ខេត្តបាត់ដំបង ៖ ល្អាងនាងលេម ស្ថិតក្នុងវត្តអរិយផល ស្រុករតនមណ្ឌល ខេត្តតម្កល់មានតម្កល់ព្រះសារីរិក ធាតុ គួរជាទីជ្រះថ្លា។ ជាទីកន្លែងដ៏ល្អ ស្ងប់ស្ងាត់ អំណោយផលដល់ការធ្វើវិបស្សនា។ ជារៀងរាល់ពិធីបុណ្យទានម្តងៗ មានពុទ្ធសាសនិកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិជាច្រើន ទៅទស្សនាកម្សាន្តនៅទីនេះ ហើយក៏មានអ្នកមកបែរបន់ សុំសេចក្ដីសុខ និងបំណងប្រាថ្នាអ្វីផ្សេងៗ ពីបារមីលោកយាយលេម ដែលល្បីថាពូកែស័ក្ដិសិទ្ធិ ។
លោកតាម្នាក់ ដែលជាថែរក្សាល្អាងភ្នំនាងលេម បានរៀបរាប់ថា ល្អាងនេះ គឺជាល្អាងលាក់ខ្លួនរបស់ស្ដេចខ្មែរយើង ។ ពេលនោះ ព្រះអង្គវ៉ៃចាញ់សៀម បានភៀសព្រះកាយចូលមកក្នុងល្អាងនេះ ដោយសេនាយាមផ្លូវតាមភ្នំ និងស្នំឯក ៦នាក់ទៀត ។ ស្នំឯក ៥នាក់ លោកតាអត់បានចាំឈ្មោះទេ ចាំតែស្នំឯកទី៦ ឈ្មោះលេម ដែលមានរូបសម្រស់ស្រស់ស្អាតដាច់គេ។ ពេលនៅក្នុងល្អាងនេះ បានប្រហែល៣ខែ ស្រុកសន្តិភាព ព្រះអង្គត្រលប់ទៅ វិញ ហើយបាននាំស្នំឯក ៥នាក់ទៅ ឯស្នំឯកទី៦ លេម ដែលកាលនោះមានព្រះជន្ម ២១ឆ្នាំ មិនព្រមទៅ សុំនៅ ក្នុងល្អាងនេះ ។ ពេលនោះ ស្ដេចសួរថា តើឯងនៅធ្វើអី ព្រៃខ្លា ព្រៃដំរីហ្នឹង វានឹងស្លាប់ហើយ? នាងឆ្លើយថា ស្លាប់ក៏ស្លាប់ទៅចុះ ព្រោះនាងជ្រះថ្លានឹងល្អាងហ្នឹងហើយ ។ ទីបំផុតទោះអង្វរយ៉ាងម៉េចក៏មិនព្រមស្ដាប់ ស្ដេច ក៏ទុកអង្ករឲ្យ ៣បាវ ទុកដាំបាយ ។ ៦ខែក្រោយមក ស្នំឯក លេម ក៏ក្ស័យព្រះជន្មនៅលើផ្ទាំងថ្ម ខាងក្រោយនៃល្អាង ។ ក្រោយមក គេក៏ហៅឈ្មោះល្អាងភ្នំនេះថា «ល្អាងនាងលេម» រហូតដល់សព្វថ្ងៃ ។
លោកតាខាងលើ បានរៀបរាប់បន្តថា ពីដើម នៅកន្លែងនេះ កាចណាស់ សូម្បីតែចាប់កូនមាន់ព្រៃមួយ ក៏មិន បានដែរ ។ ជាក់ស្ដែង មានថ្ងៃមួយ មាន២គ្រួសារ មកអារឈើបេង ឃើញកូនមាន់ព្រៃ ៦ក្បាល ក៏ចាប់យកទៅ ។ កូនមាន់នោះ៦ យកទៅដល់ផ្ទះ ដាក់ទ្រុងឫស្សី ប្រហោងធំ វាត្បុលចេញមកជាប់ក ងាប់១ នៅសល់៥ ។ ព្រលប់ឡើង មិនទាន់បានហូបបាយផង លោកយាយលេម ទៅដល់ផ្ទះនោះ បានសួរទៅគ្រួសារនោះថា “នែ! អ្ហែងយកកូនមាន់អញទៅណា? ឆាប់យកកូនមាន់មកឲ្យអញវិញ! បើអ្ហែងមិនយកកូនមាន់ឲ្យអញទេ កូនអ្ហែង គឺអញយកវិញ!» ។ លុះគ្រួសារនោះយកកូនមាន់ព្រៃ ទៅឲ្យគាត់វិញ ដោយកូនមាន់ព្រៃ ងាប់អស់១ ក៏យកកូនមាន់ស្រុក១ ដាក់បន្លំ ប៉ុន្តែគ្រាន់តែលែងផុតពីដៃ កូនមាន់ស្រុកនោះ បានប្រកាច់ងាប់ភ្លាម ហើយក៏ឃើញលោកយាយលេម មកប្រាប់ថា គាត់មិនយកទេ កូនមាន់ស្រុក ត្រូវយកកូនមាន់ព្រៃ មកឲ្យគាត់វិញ។ ទីបំផុតគ្រួសារនោះ ត្រូវស្លាប់កូនអស់១ ដោយសារតែត្រូវបណ្តាសាយាយលេម ៕ កុលបុត្រ