Sunday, September 8, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា ក្លែងខ្លួនចុះពិនិត្យផ្ទាល់ ស្ថានភាពទេសចរណ៍នៅផាប់ស្ទ្រីត

នាយករដ្ឋមន្ត្រីកម្ពុជា ក្លែងខ្លួនចុះពិនិត្យផ្ទាល់ ស្ថានភាពទេសចរណ៍នៅផាប់ស្ទ្រីត

ខេត្តសៀមរាប ៖ នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានចុះពិនិត្យស្ថានភាពលើវិស័យទេសចរណ៍ផ្ទាល់ នៅតំបន់ផាប់ស្ទ្រីត (Pub Street) ក្រុងសៀម រាប ដោយសម្តេច បានស្លៀកពាក់ក្លែងខ្លួន និងពាក់ម៉ាស់ក៍ផង ដោយមិនមានអង្គរក្សច្រើនឆ្វេចឆ្វាចទេ ដើម្បីបន្លំខ្លួនកុំឲ្យប្រជាពលរដ្ឋមើលស្គាល់ តែនៅតែមិនអាចបន្លំភ្នែកប្រជាពលរដ្ឋបាន។

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត បានបង្ហោះឃ្លីបវីដេអូសម្តេចអញ្ជើញទស្សនាតមបន់ផាប់ស្ទ្រីត (Pub Street) នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយសំណេរថា «សុំស្លៀកពាក់ក្លែងភេទបន្តិច ប៉ុន្តែនៅតែគេចមិនរួចពីក្រសែភ្នែកបងប្អូនមួយចំនួន»។

សូមបញ្ជាក់ថា ការអញ្ជើញចុះទៅមើលស្ថានភាពផ្ទាល់ នៃវិស័យទេសចរណ៍ នៅតំបន់ផាប់ស្ទ្រីត (Pub Street) ក្រុងសៀមរាប របស់សម្តេចនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើង បន្ទាប់ពីមានការផ្សាយព័ត៌មានមួយចំនួនថា ខេត្តទេសចរណ៍ សៀមរាប ស្ងាត់ភ្ញៀវទេសចរ រីឯនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ក៏ស្ងាត់ មិនសូវមានអ្នកដំណើរបរទេស។ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានព័ត៌មានមួយចំនួន ផ្សាយថា ភ្ញៀវទេសចរមានច្រើន មិនស្រកស្រុតឡើយ។

តាមប្រភពក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា មានភ្ញៀវទេសចរជាតិ ប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេស ប្រមាណ ៥១ ៣៦៦នាក់។

ក្នុងរយៈពេលដូចគ្នា សម្រាប់ប័ណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ដែលបានលក់ជូនភ្ញៀវទេសចរបរទេស សរុបចំនួន ១២ ៩៥៧ប័ណ្ណ កើនឡើង ៦,៦% និងចំណូលសរុប ៥៨៣ ៩៩៤ដុល្លាអាមេរិក កើនឡើង ៨,៦%។

ចំពោះជើងហោះហើរអន្តរជាតិ ចូលមកកាន់ប្រទេសកម្ពុជា សរុប ៤៥៦ជើងហោះហើរ ក្នុងនោះ រួមមាន ៖

– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៣៣៧ជើងហោះហើរ

– អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ មានចំនួន ១០២ជើងហោះហើរ

– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ១៧ជើងហោះហើរ៕ ខៀវទុំ

RELATED ARTICLES