ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការចូលរួមអបអរសាទរការបើកការដ្ឋាន “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដោយត្រូវនាំគ្នាវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅទូទាំងរាជធានី។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្តីពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសារាចរណែនាំលេខ ១០ សរ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” និងបង្ហាញពីចលនាជាតិគាំទ្រខ្លាំងក្លាចំពោះគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ទាំងមូល និងទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមម្លប់នៃសុខសន្តិភាព រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖
១- គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា វត្តអារាម វិហារសាសនាអ៊ិស្លាម-សាសនាគ្រិស្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ ស្នាក់ការស៊ូរ៉ាវ ផ្សារ រោងចក្រ សហគ្រាស ក្រុមហ៊ុន រមណីយដ្ឋាននានា មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ទាំងអស់ ត្រូវនាំគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលមាន ឱ្យបានព្រមៗគ្នា និងដោតទង់ជាតិ នៅតាមអង្គភាព និងទីសាធារណៈសំខាន់ៗ នាវេលាម៉ោង ៩ៈ០៩នាទីព្រឹក នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យបានផុលផុស ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ជាពិសេសតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដើម្បីចូលរួមអបអរសាទរឱ្យបានអធិកអធម និងមហោឡារិកបំផុត។
២- គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងណែនាំដល់គ្រប់អង្គភាពសាធារណៈ និងឯកជន មូលដ្ឋានទីតាំងអាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ ឱ្យដោតទង់ជាតិ ដោយដាក់ដងឱ្យបានត្រឹមត្រូវ ហើយទង់ជាតិ ត្រូវមានលក្ខណៈ ត្រឹមត្រូវ ប្រកបដោយរសោភណភាព ចងឱ្យមានរបៀបរៀបរយល្អ ចៀសវាងប្រើប្រាស់កំណាត់ដាច់រហែក ស្លក់ពណ៌ ឬទក់ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃអត្តសញ្ញាណជាតិ។
៣-មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវណែនាំដល់ស្ថានីយវិទ្យុ ទូរទស្សន៍ និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៅមូលដ្ឋាន ឱ្យចូលរួមផ្សព្វផ្សាយពីអត្ថប្រយោជន៍ដ៏មហាសាល នៃព្រែកជីកហ្វូណនតេជោ និងផ្តិតយកទស្សនីយភាពនៃការអបអរសាទរពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន គ្រឹះស្ថានសិក្សា វត្តអារាម និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយបានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីខាងលើនេះឱ្យបានល្អ ដោយរៀបចំឱ្យមានទីបញ្ជាការស្រាលតូច-ធំ ជាមួយការរៀបចំអនាម័យ បរិស្ថាន និងការពង្រាយបង្គន់អនាម័យ ឱ្យបានច្រើនកន្លែង បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលចូលរួម។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជា ការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ផងដែរ។
លោកឃួង ស្រេង បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះ នៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយមានការទូងស្គ គោះប៉ោត ឱ្យមានភាពគគ្រឹកគគ្រេង ក្នុងស្មារតីជាតិតែមួយ។ ដោយឡែកព្រះវិហារសាសនានានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ គោះប៉ោតបែបនេះផងដែរ។
លោកឃួង ស្រេង បានបន្តទៀតថា សម្រាប់ពេលរាត្រីថ្ងៃទី០៥ សីហា ក៏បានត្រៀមរៀបចំជាព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគំតន្ត្រី ដែលមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រូច ចំនួន២លើក នៅម៉ោង ៧ៈ២០នាទី ១លើក និងនៅម៉ោង ៩ៈ០៩នាទី មួយលើកទៀត ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលពេលនេះ សម្តេចហ៊ុន ម៉ាណែត បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ នេះ ដោយគ្រោងនឹងបើកការដ្ឋានជាផ្លូវការ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕