ខេត្តព្រះវិហារ ៖ អនិច្ចា! សាលាបឋមសិក្សារអាងភ្នំ សាលារៀនកម្សត់ គ្មានបន្ទប់ឲ្យសិស្សរៀនគ្រប់គ្រាន់ គឺមានតែ ២បន្ទប់ នៅក្នុងអគារចាស់មួយខ្នង ធ្វើឲ្យសិស្សខ្លះត្រូវរៀនក្រោមដើមឈើ ហាលភ្លៀង ហាលថ្ងៃ ហាលខ្យល់ ហើយទាំងសិស្ស និងគ្រូបង្រៀន ជួបប្រទះការខ្វះខាតផ្នែកជីវភាព ។

គួរបញ្ជាក់ថា សាលាបឋមសិក្សារអាងភ្នំ ស្ថិតនៅលើភ្នំត្បែង ក្នុងភូមិក្ដីលើ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិ ហារ ។ សាលាកម្សត់នេះ មានថ្នាក់រៀន ៥ថ្នាក់ បង្រៀនពីកម្រិតថ្នាក់ទី១ ដល់ថ្នាក់ទី៦ ប៉ុន្ដែសិស្សថ្នាក់ទី៦ មានតែ ២នាក់ប៉ុណ្ណោះ។ សិស្សនៅក្នុងសាលានេះ សរុបទាំងអស់ មានចំនួនជាង ៤០នាក់ គ្រូ ៤នាក់ ក្នុងនោះគ្រូម្នាក់ ជាគ្រូពេញសិទ្ធិ និងជានាយកសាលា ឯគ្រូ ៣នាក់ទៀត ជាគ្រូជាប់កិច្ចសន្យា ។ រាល់ថ្ងៃ សាលានេះ សិស្សមករៀនពេញៗ ប៉ុន្តែដោយសារអគារចាស់ ១ខ្នង នៃសាលានេះ មានតែ ២បន្ទប់ តម្រូវឲ្យគ្រូ រំលែកសិស្សឲ្យរៀននៅខាងក្នុងខ្លះ និងរៀននៅខាងក្រៅ (ក្រោមដើមឈើ) ខ្លះ ធ្វើឲ្យសិស្សដែលរៀននៅខាងក្រៅ ត្រូវប្រឈមនឹងអាកាសធាតុ នៅពេលមានថ្ងៃ ក្ដៅខ្លាំង និងពេលមានភ្លៀងធ្លាក់ រៀនមិនកើត រត់រកកន្លែងជ្រក ហើយសាលាដ៏កម្សត់នេះ ក៏ត្រូវការក្ដារខៀនថ្មី និងសម្ភារៈសិក្សា ជាចាំបាច់បំផុត ព្រោះគ្រូ និងសិស្ស គ្មានលទ្ធភាព។

លោកមាស ម៉ុត ជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សា រអាងភ្នំ បានត្អូញត្អែរប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថា សាលាដែលលោកបង្រៀននេះ ពិតជាជួបប្រទះការខ្វះខាតខ្លាំងណាស់ ទាំងបន្ទប់រៀន និងសម្ភារៈសិក្សា ព្រោះសាលារៀននេះ មានតែ២បន្ទប់ ហើយអគារដែលមាន ២បន្ទប់នេះ ក៏ចាស់ទ្រុឌទ្រោមទៅទៀត ដោយក្នុង១បន្ទប់ ដាក់បាន ២ថ្នាក់ ដែលធ្វើឲ្យពិបាកបង្រៀន ព្រោះមានការថ្លង់គ្នាទៅវិញទៅមក ។ ប៉ុន្តែបន្ទប់ពីរនេះ ដាក់បានសិស្សតែ ៤ថ្នាក់ (១បន្ទប់ ២ថ្នាក់) នៅសល់ប៉ុន្មាន ឲ្យមករៀនខាងក្រៅ គឺរៀននៅក្រោមដើមឈើ នៅពេលមិនមានភ្លៀង។
លោកគ្រូ មាស ម៉ុត បន្តថា សាលាកម្សត់មួយនេះ ស្ថិតនៅលើខ្នងភ្នំ ពិបាកធ្វើដំណើរឡើង ប៉ុន្តែកូនសិស្សដែលមករៀន សុទ្ធតែជាកូនប្រជាពលរដ្ឋ ប្រមាណ៥០គ្រួសារ នៅលើខ្នងភ្នំនេះ ហើយនៅលើខ្នងភ្នំនេះ ក៏មានវត្តអារាមផងដែរ ។

លោកគ្រូ មាស ម៉ុត បញ្ជាក់ថា ប្រជាពលរដ្ឋនៅលើខ្នងភ្នំត្បែងនេះ មិនមានមុខរបរអ្វីធំដុំទេ ក្រៅពីដើរដកផ្សិតនៅក្នុងព្រៃ ហើយប្រជាជនភាគច្រើនមានជីវភាពក្រីក្រ មិនមានលទ្ធភាពបញ្ជូនកូនឲ្យទៅរៀននៅសាលានៅខាងក្រោមភ្នំទេ គឺមានតែឲ្យរៀននៅសាលាកម្សត់ នៅលើភ្នំនេះ ហើយកូនៗពួកគាត់ដែលមករៀននេះ មានខ្លះគ្មានខ្មៅដៃ សៀវភៅ ប៊ិក សម្ភារៈសិក្សាគ្រប់គ្រាន់ ដែលធ្វើឲ្យលោកនាយកសាលា ឈ្មោះកូរ សាន់និ និងពួកលោកជាគ្រូជាប់កិច្ចសន្យា ចំនួន៣នាក់ មានការអាណិតដល់សិស្សរបស់ខ្លួនណាស់ ប៉ុន្តែមិនដឹងជួយអ្វីបាន បើគ្រូទាំងអស់ក៏មានជីវភាពខ្វះខាតដែរ ហើយក៏មិនអាចស្វែងរកមូលនិធិមកសង់អគារថ្មី ឲ្យសិស្សមានបន្ទប់រៀនគ្រប់គ្រាន់ដែរ ។ ក្នុងចំណុចនេះហើយ បើសិនជាមានការជួយសង់អគារសិក្សាថ្មី ពីរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ឬផ្នែកឯកជន សប្បុរសជនណាមួយ ពួកលោកពិតជាសប្បាយចិត្តណាស់ ហើយជឿថានឹងជួយដល់ការលំបាករបស់គ្រូ និងសិស្ស ដែលមករៀនច្រើន ។ ប៉ុន្តែបើមិនមានទេ មានតែទ្រាំបង្រៀនសិស្ស ក្នុងស្ថានភាពដែលខ្វះខាតបែបនេះតទៅទៀត ព្រោះធ្វើម៉េចបើសាលានេះ ស្ថិតនៅខ្នងភ្នំ ពិតជាមិនសូវមានគេចាប់អារម្មណ៍ ឬបានដឹងទេ ហើយពីមុនមក លោកក៏ស្នើទៅខាងរដ្ឋបាលស្រុក ឲ្យពិនិត្យលទ្ធភាពក្នុងការសង់អគារថ្មី នៅសាលានេះដែរ ប៉ុន្តែមកដល់ពេលនេះ មិនឃើញបានលទ្ធផលអ្វី ។ ម្យ៉ាងទៀត ដោយសារឡើងទៅលើខ្នងភ្នំ ពិបាកក្នុងការធ្វើដំណើរ ការសាងសង់ក៏នឹងពិបាកដែរ ។
ជាមួយគ្នានោះដែរ កញ្ញា គង់ វិច្ឆិកា ជាតារាសម្ដែងម្នាក់ ដែលបានប្រកាសរកមូលនិធិមកជួយដល់សាលាបឋមសិក្សា រអាងភ្នំនេះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថា មកដល់ពេលនេះ កញ្ញាប្រមូលប្រាក់ឧបត្ថម្ភពីសប្បុសជន បានចំនួនជិត ៣លានរៀល ហើយក្នុងប្រាក់ជំនួយនេះ កញ្ញា បានដកមួយចំនួនយកទៅទិញសម្ភារៈសិក្សាឲ្យក្មេងៗដែលទៅរៀននៅសាលាកម្សត់នណ និងបានទិញសម្លៀកបំពាក់ខ្លះ យកទៅចែកជូនលោកគ្រូ អ្នកគ្រូ នៅក្នុងសាលានោះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ។

កញ្ញា គង់ វិច្ឆិកា ប្រាប់ថា ក្នុងការឡើងទៅលើខ្នងភ្នំនោះ ត្រូវធ្វើដំណើរថ្មើរជើង រយៈពេលជាង ២ម៉ោង រាងហត់ខ្លាំង ដោយសារតែអត់មានជណ្ដើរដល់លើខ្នងភ្នំទេ គឺមានជណ្ដើរតែប៉ុន្មានកាំដំបូង បន្ទាប់មកត្រូវធ្វើដំ ណើរតាមផ្លូវដី ផ្លូវថ្ម តោងវល្លិ ឡើងតាមល្បាក់ភ្នំ ។ កញ្ញាបន្តថា ពេលទៅដល់ឃើញជាក់ស្ដែង សាលាបឋម សិក្សា រអាងភ្នំ ពិតជាកម្សត់ ទាំងគ្រូ និងសិស្ស សុទ្ធតែតស៊ូបង្រៀននិងរៀននៅក្នុងសាលាមួយនេះ ក្នុងនោះលោកគ្រូ អ្នកគ្រូ មានការលះបង់មែនទែន ក្នុងការបង្រៀនក្មេងៗនៅលើភ្នំ ទាំងលំបាក ។ ជាក់ស្ដែង មានអ្នក គ្រូជាប់កិច្ចសន្យាម្នាក់ ក្នុង ១សប្ដាហ៍ គាត់ត្រូវឡើងមកលើភ្នំ ដើម្បីបង្រៀនសិស្ស លុះដល់ថ្ងៃសៅរ៍ ចុងសប្ដាហ៍ គាត់ត្រលប់ចុះមកផ្ទះរបស់គាត់ ដែលនៅខាងក្រោមភ្នំ ។ រីឯសិស្សនៅលើខ្នងភ្នំនោះ ជាពិសេសសិស្សថ្នាក់ទី៥ អត់មានបន្ទប់រៀន ក៏តស៊ូអង្គុយរៀនក្រោមដើមឈើ ហាលខ្យល់ ហាលថ្ងៃ លុះពេលមានភ្លៀង ត្រូវរត់រកកន្លែងជ្រក ផ្អាកការរៀនសូត្រសិន រហូតភ្លៀងរាំង ទើបអាចបន្តការសិក្សាបាន៕ កុលបុត្រ