ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការអំពាវនាវដល់សាធារណជនដែលទទួល រងនូវការកំហែងទារប្រាក់ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មាន ដើម្បីក្រសួងព័ត៌មាន ចាត់វិធានការតាមនីតិវិធី។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មាន គោរពនិងពង្រឹងសិទ្ធិទទួលព័ត៌មាន ហើយបាននិងកំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិ ភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ ការអនុវត្តនិងគោរពក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ ក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ក្នុងនោះរួមមាន អ្នកកាសែត អ្នកផលិតមាតិកាក្នុងបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ និងអ្នករកប្រាក់តាមអនឡាញ (MMO)។
ក្រសួងព័ត៌មាន នឹងប្រកាសដាក់ឱ្យអនុវត្ត “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ រួមនិងអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់នៅកម្ពុជា គោរពនិងអនុវត្តនាពេលដ៏ឆាប់ៗខាងមុខនេះ។
ដើម្បីបន្តពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជា ទប់ស្កាត់និងលុបបំបាត់ក្រុមជនខិលខូចមួយចំនួន ដែលយកអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន បានផ្តល់ជូនទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្ទុយ ពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និង ផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តនានាដែលនៅជាធរមាន។
ក្រសួងព័ត៌មាន ជូនដំណឹងដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និង MMO សូមយកស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចែកចាយព័ត៌មានដោយសុចរិត ពិតប្រាកដ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និងសូមសាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មាន តាមរយៈលេខទូរស័ព្ទ ០១៥ ៤៨៣ ២៨៣ និង០១២ ៤៨៨ ១៥៦ ឬដាក់ពាក្យបណ្តឹងមកក្រសួងព័ត៌មាន ដើម្បីឱ្យក្រសួង មានវិធានការតាមនីតិវិធីច្បាប់…៕