ខេត្តកោះកុង ៖ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្តើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS។

ពិធីនេះ មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋានខេត្តកោះកុង និងខេត្តព្រះសីហនុ ប្រជាសហគមន៍មូលដ្ឋាន និងតំណាងនៃ Mandai Nature ដែលជាម្ចាស់ជំនួយគាំទ្រ ការងារអភិរក្សសត្វល្មូនដែលរួមមានអណ្តើកហ្លួងនិងក្រពើត្រី នៅមជ្ឈមណ្ឌលអភិ រក្សសត្វល្មូន ខេត្តកោះកុង និងនៅតាមប្រព័ន្ធព្រែកស្រែអំបិល។

មជ្ឈមណ្ឌលអភិរក្សសត្វល្មូន មានទីតាំងនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺជាទីកន្លែងមានសុវត្ថិភាពសម្រាប់ការអភិរក្សសត្វអណ្តើកហ្លួង និងក្រពើត្រី តាមរយៈការចិញ្ចឹមមើលថែ បង្កាត់ ពូជ និងភ្ញាស់ពងកូនអណ្តើកហ្លួងនិងក្រពើត្រី រហូតដល់ ពួកវាធំធាត់អាចលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាទីជម្រកធម្មជាតិរបស់ពួកវា។

នាឱកាសនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងគណៈអធិបតី បានចូលរួមលែងអណ្តើកហ្លួងចំនួន ២០ក្បាល ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្នុងនោះអណ្តើកហ្លួង ចំនួន១២ក្បាល មានបំពាក់ឧបករណ៍បញ្ជូនសំឡេង ដើម្បីតាមដានចលនាអត្រារស់រាន និងការប្រើប្រាស់ទីជម្រករបស់អណ្តើកហ្លួងទាំងនោះ។ ការអង្កេតតាមដានសត្វអណ្តើកហ្លួងទាំងនេះបន្ទាប់ពីពួកវាត្រូវបានលែងចូលទីជម្រកធម្មជាតិ ពិតជាមានសារសំខាន់ ណាស់ក្នុងការការពារ និងស្តារចំនួនសត្វអណ្តើកហ្លួង ឱ្យកើនឡើងវិញក្នុងទីជម្រកធម្មជាតិ។

អណ្តើកហ្លួង ត្រូវបានប្រកាសថា ជាសត្វល្មូនតំណាងជាតិរបស់កម្ពុជា ក្នុងឆ្នាំ២០០៥។ អណ្តើកហ្លួង ត្រូវបានប្រទះឃើញមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ ចំនួនសរុបនៃសត្វនេះត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ១០០ក្បាល ប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។

រាល់សត្វអណ្តើកហ្លួង ដែលត្រូវបានប្រលែងទៅក្នុងជម្រកធម្មជាតិវិញ ជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជា អាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិរបស់វា៕