ហាណួយ (វៀតណាម) ៖ នៅវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសនៃការអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយលោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេស លោក តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាឱកាសនេះ។
លោក តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចហ៊ុន មាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ របស់ព្រះរាជា ណាចក្រកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់ថ្នាក់ដឹកនាំដែលជាមហាបុរសរដ្ឋវៀតណាម និងជាការបាត់បង់របស់ប្រជាជនកម្ពុជា ផងដែរ។ ភាគីទាំងពីរបានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់នូវធនធានមហាបុរសរដ្ឋនេះ ទាំងបក្សនិងប្រជាជនវៀតណាម។
ភាគីទាំងពីរបានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ ។ ក្នុងន័យនេះ លោកប្រធានរដ្ឋវៀតណាម បានសន្យាថា នឹងបន្តនូវភារកិច្ចដែលលោកអគ្គលេខាធិការ បន្សល់ ទុកនូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាពជាបងប្អូន ជាមិត្តជិតខាងល្អ រវាងកម្ពុជា-វៀត ណាម និងពង្រឹងពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។
លោក តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចហ៊ុន សែន ដែលបានបង្ហាញនូវមនោសញ្ចេត នាក្នុងការចូលរួមជាគ្រួសារ និងជូនដំណើរជាលើកចុងក្រោយ ជូនវិញ្ញាណក្ខន្ធលោក ង្វៀន ភូជុង រហូតដល់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៤ ដែលនេះបានបង្ហាញឲ្យឃើញថា មិត្តភាពដែលមានជាង ១ទសវត្សរ៍កន្លងទៅ រវាងលោក ង្វៀន ភូជុង ដែលបានធ្វើការជាមួយសម្តេចហ៊ុន សែន គឺពិតជាមានតម្លៃខ្លាំងណាស់។ ក្នុងនាមជាប្រ ធានរដ្ឋថ្មី របស់វៀតណាម លោកនឹងបន្តការងារទាំងអស់នោះ ដើម្បីឲ្យការងារទាំងបក្ស និងរដ្ឋ នៃប្រទេសទាំង ពីរ កម្ពុជា-វៀតណាម ក៏ដូចជាការងារបក្សនិងរដ្ឋ នៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ឲ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។
តាមរយៈនេះ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ និងអនុវត្តកិច្ចព្រម ព្រៀងដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រម ព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក៕ ខៀវទុំ