ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) បានដំណើរការបើកសាកល្បង ខ្សែរថភ្លើង Kiha183-182 មកពីជប៉ុន លើផ្លូវដែកទិស ខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន៤ទូ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ គឺ Kiha183-4559, Kiha 182-7561, Kiha182-7552 និង Kiha182-4558។

លោកផន រឹម អ្នកនាំពាក្យ និងអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ថា ដំណើរការបើកសាកល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាករយៈពេលវែង។

ដំណើរការសាកល្បងនេះ ក៏ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខារ និងការងារផ្សេងៗទៀត ដើម្បី ប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) បានផ្អាករយៈពេលវែង ចាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ មក។ ចំពោះការដឹកទំនិញ បានធ្វើឡើងជាប្រចាំ (៣ជើង ក្នុងមួយសប្តាហ៍)៕

