Wednesday, October 16, 2024
Homeសេដ្ឋកិច្ចជាតិឆមាសទី១ ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជិត ២ពាន់លានដុល្លារ

ឆមាសទី១ ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជិត ២ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធ ដារ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជាង ៧ ៧៦៧ប៊ីលានរៀល ឬប្រមាណជា ១ ៩១៧,៩៦លានដុល្លារ ដែលស្មើនឹង ៤៦,០៦ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។

ចំណែកលទ្ធផលប្រមូលចំណូលពន្ធ ក្នុងខែមិថុនា ឆ្នាំ២០២៤ មានចំនួន ១ ០០៥,៧៤ប៊ីលានរៀល ឬប្រមាណ ២៤៨,៣៣លានដុល្លារ ស្មើនឹង ៥,៩៦ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់ គ្រង ប្រមូលចំណូលពន្ធសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលយ៉ាងណាក៏ដោយ។

ទន្ទឹមគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវចក្ខុវិស័យទាំងក្របខ័ណ្ឌរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ព្រមទាំងផ្តល់អនុសាសន៍ណែនាំចង្អុលបង្ហាញលើបញ្ហាប្រឈមនានា ដែលកើតមានឡើងទាំងខាងក្នុង និងខាងក្រៅអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងទិសដៅអនុវត្តបន្តសម្រាប់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបំពេញបេសកកម្មគ្រប់គ្រងប្រមូលចំណូលពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវទស្សនទានថ្មីៗនៃសង្គមសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពនៃសភាពការណ៍ថ្មីនៃសេដ្ឋកិច្ចសកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ស្របពេលដែលត្រូវបន្តប្រឈមនឹងបច្ច័យនានា បន្សល់ទុកពីវិបត្តិនៃជំងឺកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្ត្រ នយោបាយ និងវិបត្តិនានាដែលអាចជះឥទ្ធិពលជាអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា ជាអាទិ៍ វិបត្តិកើតឡើងជាបន្តបន្ទាប់នៃស្ថានភាពសង្គ្រាមរុស្សី-អ៊ុយក្រែន និងតំបន់ហ្គាហ្សា។ ទន្ទឹមនឹងគ្នានេះ អាចមានវិស័យមួយចំនួនអាចនឹងទ្រឹង និងបន្តថមថយ ប៉ុន្តែវិស័យខ្លះទៀតអាចរំពឹងថា នឹងមានកំណើន។

លោករដ្ឋមន្ត្រី បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធបន្តផ្សព្វផ្សាយ និងពង្រឹងការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ ពន្ធលើថ្លៃឈ្នួល អចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤នេះ។

ព្រមជាមួយគ្នានេះ ត្រូវបន្តពង្រឹងតម្លាភាព និងគណនេយ្យភាពនៃការបង់ពន្ធរបស់សហគ្រាសក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈ គ្មានជាតិ សុរា ដោយបន្តពង្រឹងអនុវត្តយន្តការបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ឱ្យបានរួចរាល់ គ្រប់សហគ្រាស ការចុះត្រួតពិនិត្យឧបករណ៍វាស់ចំណុះ (Flowmeter) ក្នុងខ្សែច្រវាក់ផលិតកម្មដល់ទីតាំង និងបន្តពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកែលម្អ និងជំរុញការងារ ចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ តាមរយៈការពិនិត្យ និងស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា៕

RELATED ARTICLES