ខេត្តត្បូងឃ្មុំ ៖ រដូវវស្សា នៅចុងខែកក្កដា និងដើមខែសីហា ឆ្នាំ២០២៤ នេះ ទឹកទន្លេមេគង្គ បានហក់ឡើង ហៀរហូរចូលអូរ ព្រែក ត្រពាំង បឹងបួ បណ្តាលឲ្យប៉ះពាលដល់ផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ចំនួន៦ភូមិ ក្នុងឃុំទន្លបិទ ស្រុកត្បូងឃ្មុំ ធ្វើឲ្យប្រជាពលរដ្ឋបង្ខំចិត្តប្រមូលផលដំណាំទាំង ទុំខ្លះ ខ្ចីខ្លះ។

ប្រជាកសិករនៅក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៤ ថា ខណ:ពេលនេះ ស្រូវប្រាំងរបស់គាត់ មិនទាន់ដល់ពេលប្រមូលផលស្រួលបួលនោះទេ តែត្រូវទឹក ទន្លេហក់ឡើងមកលិចស្រូវរបស់គាត់អស់ជាច្រើនហិកតារ ទើបគាត់និងបងប្អូនក្នុងភូមិ បង្ខំចិត្តប្រមូលផលស្រូវ ពោត ទាំងទុំខ្លះ ខ្ចីខ្លះ ។

លោក ភិន ឈុន មេឃុំទន្លេបិទ បានឲ្យដឹងថា មានភូមិចំនួន៦ ដែលទឹកលិចផលដំណាំ គឺភូមិទួលគរ ទួលខ្សាច់ ព្រែកជីក ដូនម៉ៅក្រោម ដូនម៉ៅលើ និងភូមិទន្លេបិទ ។ ទឹកជន់លិចរយ:ពេល៩ថ្ងៃ មកហើយ លើផ្ទៃដី ២៧៦ហិកតារ ហើយប្រឈមការខូចខាតទាំងស្រុង ពី៥០ ទៅ ៧០% ចំពោះស្រូវ ចំណែកពោត ខូចខាតទាំង ស្រុង ៥០% គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ។

លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ទឹកទន្លេមេគង្គ មានកម្ពស់ ១១,០៨ម៉ែត្រ ខណៈកម្ពស់ទឹកឲ្យមានការប្រុងប្រយ័ត្នគឺ ១៥,២០ ម៉ែត្រ ៕
