ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆា មរណៈ និងគោរពវិញ្ញាណក្ខន្ធសពអាកាសយានិករងគ្រោះ ២រូប នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានពលីដោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងអំឡុង ពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ពិធីបុណ្យសពអាកាសយានិក ទាំង២រូប ត្រូវបានរៀបចំធ្វើរួមគ្នា នៅមូលដ្ឋានកងទ័ពជើងអាកាស ពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
អាកាសយានិករងគ្រោះទាំង ២រូប គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា នាយផ្នែកហោះហើរ កងហោះឧទ្ធម្ភាគ ចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស ត្រូវបានបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ អាកាសយានិកកងហោះទី២ ផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាសអាកាស ត្រូវបានបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ វរសេនីយ៍ទោ។
លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ថា «ពិធីបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសពអាកាសយានិកចំនួន ២រូប ឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា នាយផ្នែកហោះហើរ កងហោះឧទ្ធម្ភាគ ចក្រ បញ្ជាការដ្ឋានកងទ័ព ជើងអាកាស និងវរសេនីយ៍ទោ ខេង ឆៃយុទ្ធ អាកាសយានិកកងហោះទី២ ផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានពលីដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុង ពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤»។
លោក ទៀ សីហា បន្តថា «ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារអាកាសយានិក ចំនួន ២រូប ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន អាកាសយានិកដ៏ឆ្នើម ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។
ក្នុងនាមក្រសួងការពារជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអាកាសយានិក ចំនួន ២រូប សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។
គួរបញ្ជាក់ថា ករណីឧទ្ធម្ភាគចក្រយោធា Z9 MH-912 ១គ្រឿង បានបាត់ការទាក់ទងជាមួយទីបញ្ជាការកងទ័ពជើងអាកាស និងសង្ស័យធ្លាក់ នៅតំបន់ភ្នំ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់កងកម្លាំងយោធា បានធ្វើប្រត្តិបត្តិការរុករកទាំងតាមផ្លូវអាកាស និងផ្លូវថ្មើរជើង អស់រយៈពេល១៧ថ្ងៃ ទើបបានប្រទះឃើញឧទ្ធម្ភាគចក្រ Z9 MH-912 នោះ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរកឃើញសពអាកាសយានិកម្នាក់ឈ្មោះខេង ឆៃយុទ្ធ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឧទ្ធម្ភាគចក្រដែលធ្លាក់នៅកន្លែងកើតហេតុ។ ចំណែកអាកាសយានិកម្នាក់ទៀត ឈ្មោះស៊ុន ផល្លា ត្រូវបានរកឃើញសាកសព នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចម្ងាយពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ប្រមាណ២១០ម៉ែត្រ។
សពអាកាសយានិកពលីជីវិត ទាំង២រូប ត្រូវបានបូជានៅក្បែរកន្លែងឧទ្ធម្ភាគចក្រធ្លាក់ រួចនាំយកធាតុ មកធ្វើបុណ្យ នៅមូលដ្ឋានកងទ័ពជើងអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ៕ ខៀវទុំ