Tuesday, June 17, 2025
Homeព័ត៌មានជាតិក្រសួងព័ត៌មាន ដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ក្រសួងព័ត៌មាន ដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ ៖ ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជី វៈ សារព័ត៌មាន ជាផ្លូវការ បន្ទាប់ពីដំណើរពិគ្រោះយោបល់ដើម្បីទទួលធាតុចូល និងសំណូមពរពីគ្រប់តួអង្គភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានបិទ បញ្ចប់ និងដើម្បីធ្វើជាគោលការណ៍គ្រឹះដ៏រឹងមាំសម្រាប់ប្រតិបត្តិការងារសារព័ត៌មាន ឱ្យកាន់តែល្អប្រសើរឡើង។

លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ថាធម្មនុញ្ញោនះ ជាយន្តការមួយសម្រាប់ជំរុញឱ្យមានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ធានាគុណភាពព័ត៌មាន និងលើកកម្ពស់តម្លៃអ្នកសារព័ត៌មាន។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា បុព្វហេតុដែលនាំឱ្យតាក់តែងនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នេះឡើងគឺ ទី១-គឺកត្តាវិវត្តនៃសម័យកាល ដែលធ្វើឱ្យលិខិតបទដ្ឋានគតិយុត្តចាស់ មិនអាចគ្រប់គ្រងបានគត់មត់ និងមានចន្លោះប្រហោង បណ្តាលឱ្យខូចសណ្តាប់ធ្នាប់ក្នុងវិស័យ សារព័ត៌មាន។ ត្រង់នេះ លោកក៏ចង់បញ្ជាក់ផងដែរថា ក្នុងវិស័យសារព័ត៌មានកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០ មក មានលិខិតបទដ្ឋានគតិយុត្ត តែមួយគត់ គឺច្បាប់ស្តីពីរបប សារព័ត៌មាន សម្រាប់ធានាសណ្តាប់ធ្នាប់សារព័ត៌មានក្នុងប្រទេស។ កត្តាទី២ គឺមជ្ឈដ្ឋានក្នុងវិស័យសារព័ត៌មាន ហាក់មានលក្ខណៈអួអាប់ ព័ត៌មានគ្មានគុណភាព ខណៈទំនោរនៃព័ត៌មានបំពុល ក៏រីករាលដាលជាសកល កាន់ច្រើនឡើងៗ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិទទួលបាន ព័ត៌មានរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី ពន្យល់ថា ទោះបីជាច្បាប់ស្តីពីរបបសារព័ត៌មាន បានចង្អុលឱ្យអង្គការ សមាគម និងអង្គភាពសារ ព័ត៌មាន អាចតាក់តែងក្រមសីលធម៌ វិជ្ជាជីវៈ សម្រាប់អនុវត្តក្នុងក្របខ័ណ្ឌអង្គការ សមាគម និងអង្គភាពខ្លួនឯង ហើយមានលក្ខណៈស្របគ្នាខ្លះក៏ដោយ ប៉ុន្តែក៏នៅតែមានចំណុចមិនស្របគ្នាមួយចំនួន នាំឱ្យមានការខ្វែងគំនិតគ្នា ដែលមិនអាចយកទៅអនុវត្តជាគោលការណ៍រួមបាន។ ដូច្នេះក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា ពិ គ្រោះយោបល់ពីបណ្តាអង្គការ សមាគម និងអង្គភាពសារព័ត៌មាននានា ដើម្បីប្រមូលធាតុចូលសំខាន់ៗ មានប្រយោជន៍និងចាំបាច់ ដើម្បីតាក់តែងសេចក្តីព្រាងធម្មនុញ្ញនេះឡើង និងឈានទៅសម្រេចដាក់ឱ្យអនុវត្តជាផ្លូវការនៅសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៤ នេះ។

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាគោលការណ៍រួម នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទាំងឡាយ ដែលដាក់ឱ្យអនុវត្ត ដោយមានលក្ខណៈទន់ភ្លន់ មិនចាប់បង្ខំ និងមិនបញ្ញត្តិទោសទណ្ឌនោះទេ ហើយអង្គការ សមាគម និងអង្គភាពសារព័ត៌មាននានា នៅតែអាចតាក់តែង ក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អនុវត្តក្នុងស្ថាប័នខ្លួន ដែលស្របទៅតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់ក្រសួង។

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោត ទស្សន៍ ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាព សារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្ម ភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអង្គភាពផ្សេងៗទៀត។

ក្រសួងព័ត៌មាន សូមថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គ ការ UNESCO និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ៕

RELATED ARTICLES