Sunday, January 19, 2025
Homeសន្ដិសុខសង្គមប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ បើករថយន្តវីហ្គោបុករថយន្តដឹកគ្រឿងចក្រ ស្លាប់

ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ បើករថយន្តវីហ្គោបុករថយន្តដឹកគ្រឿងចក្រ ស្លាប់

ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវគេស្គាល់ថា ជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រំ បានស្លាប់បាត់បង់ជីវិតភ្លាម ខណៈបើកបររថយន្តម៉ាកវីហ្គោ ពណ៌ស នៅយប់កណ្តាលអធ្រាត្រ បុកជាមួយនឹងរថយន្តដឹកគ្រឿងចក្រ ។ ក្រោយពេលកើតហេតុភ្លាមៗ ត្រូវបានរថយន្តការិយាល័យតំណាងរាស្រ្តដឹកសាកសពយកទៅផ្ទះរបស់ខ្លួន ។ ចំណែកឯម្ចាស់រថយន្តដឹកគ្រឿងចក្ររងរបួសស្រាល បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី កណ្តាលអធ្រាត្រថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

រថយន្តវីហ្គោរបស់លោក រីទ្ធ គង់ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ រិទ្ធ គង់ ហៅវ៉ិត ជាប្រធានការិយាល័យគយនិងរដ្ឋាករព្រំ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយបើកបររថយន្តម៉ាកវីហ្គោ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-1648 រងការខូចខាតទាំងស្រុង ។ ចំណែកម្ចាស់រថយន្តដឹកគ្រឿងចក្រ អត់ស្គាល់អត្តសញ្ញាណ ដោយបើកបររថយន្តយីឌុប រួមជាមួយនឹងគ្រឿងចក្រ រងការខូចខាតធ្ងន់ធ្ងរដូចគ្នា ។

រថយន្តដឹកគ្រឿងចក្រ ក្រឡាប់ផ្ងារជើង

ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបររថយន្តម៉ាកវីហ្គោ ក្នុងទិសដៅពីលិចទៅកើត ស្របជាមួយគ្នាមានរថយន្តយីឌុប បើកបរក្នុងទិសដៅពីកើតទៅលិច ក៏បុកគ្នាពេញទំហឹងនៅលើទ្រូងផ្លូវ បណ្តាលឱ្យខ្ទាតរថយន្តធ្លាក់ប្រឡាយទាំងពីរគ្រឿង ។ ចំណែកជនរងគ្រោះ បានខ្ទាតចេញពីរថយន្តស្លាប់ភ្លាមៗនៅលើផ្លូវថ្នល់តែម្តង ។ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានគេរក្សាទុកនៅកន្លែងកើតហេតុ រហូតដល់ព្រឹក ទើបធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តប៉ៃលិន រង់ចាំធ្វើការដោះស្រាយ ។ ចំណែកសាកសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរដែលកើតឡើងជាញឹកញាប់នៅក្នុងខេត្តប៉ៃលិន បណ្តាលឱ្យរងរបួស និងស្លាប់ ភាគច្រើនដោយសារសេពគ្រឿងស្រវឹង និងការមិនគោរពច្បាប់ចរាចរផងដែរ ៕ រតនៈ

RELATED ARTICLES