Tuesday, June 17, 2025
Homeព័ត៌មានជាតិព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន

ព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងបំ ពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ។

អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្ដេចហ៊ុន សែន  ប្រ ធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា សម្តេចហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ស ខេង ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសម្តេចទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចឃួន សុដារី  ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រះញាតិវង្សានុវង្ស និងតំណាងស្ថានទូតបរទេសនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

យោងតាមព្រះរាជសារ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ព្រះអង្គ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះតទៅ។ ក្នុងអំឡុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះ រាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី បំពេញថ្វាយព្រះអង្គ។

សូមក្រាបថ្វាយព្រះពរ អង្គព្រះមហាក្សត្រ សូមទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕ ខៀវទុំ

RELATED ARTICLES