ខេត្តឧត្តរមានជ័យ ៖ បងប្អូនប្រជាកសិករជាអ្នកប្រកបមុខរបរចិញ្ចឹមសត្វក្របី នៅភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានបង្ហាញពីការព្រួយបារម្ភ ត្អូញត្អែរចំពោះហាងឆេងទីផ្សារលក់សត្វក្របី មាន ការធ្លាក់ចុះយ៉ាងគំហុក។

លោកតា ឈ្មោះឌុល កី អាយុ៦១ឆ្នាំ រស់នៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ បានរៀបរាប់ប្រាប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ថា កាលពីអំឡុងឆ្នាំកន្លងទៅ សត្វក្របី ពុំមានការធ្លាក់ចុះដូចឆ្នាំនេះទេ មួយទៀត ការចិញ្ចឹមសត្វក្របី របស់ពួកគាត់ ជារៀងរាល់ថ្ងៃ គឺគាត់បានបញ្ចេញក្របីពីក្នុងក្រោល យកទៅឃ្វាល ឱ្យដើរស៊ីស្មៅតាមវាល តាំងពីព្រឹក ដល់ល្ងាច ដើម្បីឱ្យវាឆាប់ធំធាត់ តែហាងឆេងក្របី នៅឆ្នាំនេះ គឺពិតជាមានការធ្លាក់ចុះយ៉ាងខ្លាំងតែម្តង ដោយឈ្មួញកណ្តាល គេដើរប្រមូលទិញនៅតាមភូមិ ឱ្យតម្លៃថោក ដោយក្របីជំទង់ មួយក្បាល ឈ្មួញទិញតម្លៃតែជាង ១លានរៀល បើក្របីធំគ្រប់អាយុ គេទិញ ១ក្បាលត្រឹមតែ ជិត ២លានរៀលប៉ុណ្ណោះ ខុសគ្នាសឹងតែពាក់កណ្តាល ពីឆ្នាំមុនៗ។

ប្រជាកសិករដដែល បានអះអាងថា ក្របីដែលពួកគាត់ចិញ្ចឹមរាល់ថ្ងៃនេះ មានចំនួនប្រមាណជាជិត ៥០ក្បាល ក្នុងនោះមាន ក្របីមេ ចំនួន១៩ក្បាល និងក្របីឈ្មោល ជិត៣០ក្បាល សរុបទាំងអស់ ជិត៥០ក្បាល ហើយការចិញ្ចឹមក្របីលក់នេះ គឺចិញ្ចឹមតាំងពីតូច រហូតដល់៣ឆ្នាំ ទើបអាចយកទៅលក់ឱ្យឈ្មួញបាន។ ចំពោះតម្លៃទីផ្សារ ក្របីជំទង់ លក់បានថ្លៃគួរសម កាលពីឆ្នាំចាស់កន្លងទៅ ដោយ១ក្បាល ចាប់ពី៣លានឡើងទៅ ចំណែកក្របីគ្រប់អាយុធំ គឺលក់បានចាប់ពី ៥ទៅ៦លាន ពុំដូចនៅឆ្នាំនេះ ក្របីជំទង់ លក់បានមួយក្បាល ត្រឹមតែ១លានប៉ុណ្ណោះ ហើយក្របីគ្រប់អាយុ លក់បានត្រឹមតែជិត ២លានប៉ុណ្ណោះ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង។

ប្រជាកសិករដែលប្រកបមុខរបរចិញ្ចឹមក្របី បានស្នើសុំទៅដល់អាជ្ញាធរ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ មេត្តាជួយរកទីផ្សារឱ្យបានលក់ថ្លៃជាងនេះ ពីព្រោះការខិតខំចិញ្ចឹមរបស់ពួកគាត់ ពីមួយឆ្នាំទៅមួយឆ្នាំ ទទួលបានទិន្នផលល្អហើយ ក៏ប៉ុន្តែទីផ្សារ ធ្លាក់ចុះរហូត ជាពិសេសឆ្នាំនេះតែម្តង៕



