Saturday, November 23, 2024
Homeទេសចរណ៍ព្រឹត្តិការណ៍ "ស្នាមញញឹមកម្ពុជា" ជួយផ្សព្វផ្សាយទេសចរណ៍តំបន់អង្គរ

ព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” ជួយផ្សព្វផ្សាយទេសចរណ៍តំបន់អង្គរ

ខេត្តសៀមរាប ៖  នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤  សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” នៅមុខប្រាសាទអង្គរ នៃខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: តំណាងព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយសិល្បករ សិល្បការិនីជាច្រើនរួបទៀត។

លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគសិល្បករខ្មែរ ដែលជាអ្នកផ្ដួចផ្ដើមបង្កើតព្រឹត្តិការណ៍ «ស្នាម ញញឹមនៃកម្ពុជា» បានគួសបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត បន្ថែមលើសមិទ្ធផលជាច្រើន ដែលសមាគមសិល្បករខ្មែរ សម្រេចបាន ក្នុងរយៈពេលជាង ៣ខែកន្លងមកនេះ បន្ទាប់ពីលោកស្រីបានជាប់ឆ្នោតជ្រើសតាំងជាប្រធានសមាគមនេះ។ ព្រឹត្តិការណ៍នេះ ជាការរួមចំណែកបង្កើតស្នាដៃ ផ្សព្វផ្សាយវប្បធម៌ ទេស ចរណ៍ជាតិ បរិយាកាសនិងស្នាមញញឹម ជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកស្រីអ្នកឧកញ៉ា បានថ្លែងថា ដើម្បីជាការដឹងគុណដល់បុព្វបុរសខ្មែរ លោកស្រីសុំចូលខ្លួនដឹកនាំក្រុម ការងារ សិល្បករ សិល្បការិនីដែលជាអ្នកបន្តវេន រួមគ្នាថែរក្សា ការពារ និងផ្សព្វផ្សាយពីកេរដំណែលដ៏មហិមារបស់ដូនតា ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តរ៍ និងល្បីសុសសាយនៅលើសកលលោក។ ជាមួយនឹងស្មារតីជាតិនិយមនេះហើយ ទើបជំរុញឱ្យលោកស្រីអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បង្កើតព្រឹត្តិការណ៍ «ស្នាមញញឹមកម្ពុជា» នេះឡើង ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងក្រោមវត្តមានគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចម៉ែន សំអន ជាគណៈធិបតី ព្រមទាំងសិល្បករ សិល្បការិនី ជាច្រើនរូប ដែលនេះសបញ្ជាក់ឲ្យឃើញពីស្មារតីស្នេហាជាតិ របស់កូនខ្មែរជំនាន់នេះ។

ម្យ៉ាងទៀត ព្រឹត្តិការណ៍ «ស្នាមញញឹមកម្ពុជា» គឺជាការផ្តល់ឱកាសឱ្យសិល្បករ សិល្បការិនី ដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗ មកជួបជុំគ្នានៅលើដែនដីអង្គរ ដ៏អស្ចារ្យ ដោយមានគោលបំណងរួមគ្នាក្នុងការផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ល្បីៗ ក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ ធម្មជាតិ របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។

ជាក់ស្ដែង ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារសមាគមសិល្បករខ្មែរ ព្រមទាំងសិល្បករ សិល្បការិនី និងអ្នកជំនាញផលិតមាតិកាជាច្រើនរូប បានរួមគ្នាធ្វើដំណើរពីបណ្តាខេត្ត-ក្រុងនានា មកកាន់ខេត្តសៀមរាប ដើម្បីធ្វើការផលិតវីដេអូថ្មីៗ ទៅតាមគំនិត ទស្សនៈ និងជំនាញរបស់ពួកគាត់ យោងលើប្រធានបទ «ទេសចរណ៍វប្បធម៌» ដោយមានការត្រួតពិនិត្យខ្លឹមសារយ៉ាងល្អិតល្អន់ មុននឹងចេញផ្សព្វផ្សាយជាផ្លូវការ។

ដោយឡែក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សមាគមសិល្បករខ្មែរ បានរៀបចំនូវពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ ដោយមានការប្រគំតន្ត្រីខ្នាតតូច អមដោយការអត្ថាធិប្បាយពីពិធីករ-ពិធីការិនីល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗ ជាច្រើនទម្រង់ ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពអធិកអធម និងដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ។

ជារួម ព្រឹត្តិការណ៍ «ស្នាមញញឹមកម្ពុជា» រយៈពេល ៤ថ្ងៃនេះ មិនត្រឹមតែជាការរួមចំណែកជាមួយរាជរដ្ឋា ភិបាល ប៉ុណ្ណោះទេ ថែមទាំងជាចលនានៃការបំផុសគំនិតជាតិនិយម ឱ្យបងប្អូនជនរួមជាតិខ្មែរយើង ចេះស្រឡាញ់ ថែរក្សាមរតកវប្បធម៌ជាតិខ្មែរ និងរួមគ្នាផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកតាម រយៈការផលិតមាតិកាវីដេអូ អប់រំ សិល្បៈ វប្បធម៌ ម្ហូបអាហារ តំបន់ទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ ជាដើម នៅក្នុងប្រទេសកម្ពុជា។

លោកស្រីអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណជាអនេកចំពោះវត្តមានដ៏ខ្ពង់ ខ្ពស់របស់សម្តេចម៉ែន សំអន ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតចូលរួមជាអធិបតី ដើម្បីធ្វើជាសាក្សី និងបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារសមាគមសិល្បករខ្មែរ សិល្បករ សិល្បការិនី អ្នកផលិតមាតិកាវីដេអូល្បីៗ ក្នុងស្មារតីជួយជាតិមាតុភូមិ និងរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ដែលតែងចូលរួមលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិ ជាពិ សេស សមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន រួមជាមួយបងប្អូនសិ ល្បករ សិល្បការិនី បានខិតខំចូលរួមនិងសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់។ ជាក់ស្តែងព្រឹត្តការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលសមាគមសិល្បករខ្មែរ បានរៀបចំឡើងនាឱកាសនេះ ជាសក្ខីភាពមួយដែលបង្ហាញពីស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរ ទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអារ្យធម៌ដ៏រុងរឿង របស់បុព្វបុរសខ្មែរ ដ៏សម្បូរបែប រួមទាំងទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសីល ធម៌សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិយូរអង្វែងបន្តពីដូនតាយើង។ សម្ដេច ចាត់ទុកព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃគោលនយោបាយ និងទិសដៅនៃការទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤ ដែលបានដាក់ចេញដោយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តសៀម រាប ឱ្យងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។

សម្ដេចម៉ែន សំអន ក៏បានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន រៀបចំឱ្យកម្មវិធីប្រកបដោយអត្ថន័យបែបនេះជាច្រើនទៀត ដោយឈរលើគោលការណ៍ “អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស” រួមគ្នាជាមួយស្ថាប័នរដ្ឋ ឯកជន និងអ្នកពាក់ព័ន្ធគ្រប់ៗរូប ដើម្បីទាក់ទាញភ្ញៀវទេសចរ មកប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើង សំដៅរួមចំណែកការបង្កើនការងារ, ប្រាក់ចំណូល, ការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕ ខៀវទុំ

RELATED ARTICLES