ខេត្តកែប ៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ឱ្យអនុវត្តបន្តគម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាព កែប” សម្រាប់សាធារណជន និងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតជោសន្តិភាព កែប” សម្រាប់សា ធារណជននិងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែនេះ មានបណ្តោយ ប្រវែង២៧០០ម៉ែត្រ។
ហើយសម្រាប់គម្រោងប្លង់ជាឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីសម្រេចនេះ មានដូចជា ៖
– អភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ មានទទឹងប្រវែង៣០ម៉ែត្រ និងតំបន់សុវត្ថិភាពហែលទឹកសមុទ្រកម្សាន្ត
– សាងសង់ជញ្ជាំងទប់ដីការពារឆ្នេរសមុទ្រ ធ្វើពីបេតុងអារម៉េ ស្របតាមបណ្តោយឆ្នេរសមុទ្រ
– ផ្លូវថ្មើរជើង ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ដោយមានផ្លូវសម្រាប់ជនមានពិការភ្នែកនៅចំកណ្តាល ស្របតាមបណ្តោយឆ្នេរសមុទ្រ
– ផ្លូវជិះកង់ ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ
– សួនច្បារមានទទឹងប្រវែងយ៉ាងតិច ៥០ម៉ែត្រ ដោយត្រូវរៀបចំចាក់ខ្សាច់បំពេញបន្ថែម ស្របតាមស្ថានភាពដីរដ្ឋជាក់ស្តែង តាមបណ្តោយឆ្នេរសមុទ្រ
– វិថីនិងអនុវិថីចូលឆ្នេរសមុទ្រ ចំនួន៥ខ្សែ ដែលមានផ្លូវថ្មើរជើង ផ្លូវថ្មើរជើង សម្រាប់ជនមានពិការភ្នែក និងផ្លូវជិះកង់
– រង្វង់មូលគយគន់ទេសភាព ចំនួន២កន្លែង ក្នុងនោះរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង ៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅ ក្នុងទម្រង់មេទ័ពជាញជ័យ និងរង្វង់មូលទី២ មានអង្កត់ផ្ចិតប្រវែង ៩៩ម៉ែត្រ ស្ថិតនៅចុងវិថី ចូលឆ្នេរសមុទ្រទី២ ដែលគ្រោងរក្សាទុកជាលម្អសាធារ ណៈសម្រាប់ប្រារព្ធពិធីបុណ្យនិងពិព័រណ៍នានា
– ទំនប់រលកអំពីបេតុងអារម៉េ និងថ្ម សម្រាប់ការពារឆ្នេរខ្សាច់ និងសម្រាប់កម្សាន្តសាធារណៈ មានបណ្តោយប្រវែង ១៣៨ម៉ែត្រ និងមានអង្កត់ផ្ចិតប្រវែង ១៨ម៉ែត្រ ស្ថិតនៅចុងរង្វង់មូលទី១
– បណ្តាញលូប្រអប់ទឹកភ្លៀង មានមុខកាត់ប្រវែង១ម៉ែត្រ ស្របតាមផ្លូវជិះកង់តាមបណ្តោយឆ្នេរសមុទ្រ និងវិថីនិងអនុវិថីចូលឆ្នេរសមុទ្រទាំង៥ ព្រមទាំងលូអ៊ុយ មានមុខកាត់ប្រវែង ១,២ម៉ែត្រ ស្របតាមបណ្តោយកំណាត់ ផ្លូវជាតិលេខ៣៣អា
– ចំណតរថយន្តសាធារណៈនិងបន្ទប់ទឹកសាធារណៈ ដែលភ្ជាប់ជាមួយនឹងកាហ្វេដ្ឋាន នៅទីតាំងក្បែររង្វង់មូលគយគន់ទេសភាព ទាំងពីរទីតាំង សម្រាប់សាធារណជនមកលម្លែកម្សាន្តឆ្នេរ ជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងទៀតថាចំ ពោះដីចំណីឆ្នេរសមុទ្រ និងឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ នៃគម្រោងនេះ មានទទឹងយ៉ាងតិចប្រវែង ៨០ម៉ែត្រ ជាដីសាធារណៈរបស់រដ្ឋ សម្រាប់សាធារណជន និងទេសចរ ចេញចូលកម្សាន្តជាសាធារណៈផងដែរ៕