Sunday, January 19, 2025
Homeសង្គម និងជីវិតប្តីចុងភៅ ប្រពន្ធរត់តុ កើតកូនភ្លោះ៣

ប្តីចុងភៅ ប្រពន្ធរត់តុ កើតកូនភ្លោះ៣

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធ ២នាក់ ជាបុគ្គលិភោជនីយដ្ឋានមួយកន្លែង ដោយប្តីជាកូនកាំបិតចុងភៅ ចំណែកស្ត្រីជាប្រពន្ធជាអ្នករត់តុ បានរួមរស់បង្កើតបានកូនភ្លោះដល់ទៅ៣នាក់ ដោយសុវត្ថិភាព និងទទួលបានអំណោយឧបត្ថម្ភមួយួចំនួនធំ ពីសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ ធានកាកបាទក្រហមកម្ពុជា។

ក្រុមគ្រួសារបង្កើតបានកូនភ្លោះ៣នាក់នេះ បុរសជាប្តី មានឈ្មោះហេង សីហា អាយុ ២៧ឆ្នាំ មុខរបរកូនកាំបិតចុងភៅ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះអន អាំ អាយុ២២ឆ្នាំ មុខរបរអ្នករត់តុក្នុងភោជនីយដ្ឋាន មានលំនៅ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ទារិកាភ្លោះទាំង៣នាក់នេះ សម្រាលកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ជា ខេត្តសៀមរាប។

តាមប្រភពបានឱ្យដឹងថា សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមួយចំនួនធំជូនដល់គ្រួសារទើបសម្រាលកូនភ្លោះ៣ ដែលជាគ្រួសារទី៤១៧ ក្នុងនោះរួមមាន ថវិកាចំនួន៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករ-ស ៥គីឡូក្រាម សារុង២ និងក្រមា២។ អំណោយនេះ ត្រូវបានលោក សេង ទៀង និងលោកស្រី នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបី ដែលកំពុងរស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

លោកសេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែផ្ញើការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោកសេង ទៀង មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ មានគ្រួសារទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៤១៧គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោកសេង ទៀង បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់របស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដចំពោះប្រជាពលរដ្ឋដែលសម្រាលបានទារកភ្លោះបី ឬបួននាក់។

លោកសេង ទៀង បានណែនាំដល់មាតាបិតាកូនភ្លោះ ត្រូវបន្តតាមដានសុខភាពរបស់ទារកភ្លោះ ឱ្យបានដិតដល់ ប្រសិនមានអ្វីកើតឡើង សូមនាំកូនទៅកាន់មណ្ឌលសុខភាពដែលនៅជិត ចៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ទារក។

តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទ័លក្រ ងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោលគឺពេលនេះសម្តេច បានចាត់ឱ្យតំណាងរបស់សម្តេច បាននាំយកថវិកា និងសម្ភារៈដ៏មាន តម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលសម្រាលបានទារិកាភ្លោះបីនាក់ ដើម្បីជួយសម្រា លដល់ការលំបាកក្នុងការចិញ្ចឹមបីបាច់ទារិកាភ្លោះទាំងបីនាក់នេះ ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕

RELATED ARTICLES