ខេត្តពោធិ៍សាត់ៈ ក្នុងចំណោមខេត្តពាយព្យ នៃប្រទេសកម្ពុជា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ និងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ គួរឲ្យកត់សម្គាល់ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្ត និងទាក់ទាញក្រុមហ៊ុនផ្សេងៗចូលមកវិនិយោគផងដែរ ។ ពោលគឺខេត្តមួយនេះ សក្តានុពលសំខាន់ៗលើផ្នែកកសិកម្ម រួមទាំំងឧស្សាហកម្ម រួមមានវិស័យធនធានទឹក និងវិស័យទេសចរណ៍ រួមមាន រមណីយដ្ឋានធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ និងតំបន់ជាច្រើនទៀត ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ រួមមានទាំងសារព័ត៌មានជាភាសាខ្មែរ, អង់គ្លេស, ចិន និងវៀតណាម សរុបចំនួនជិត៦០នាក់ មកពី៣៧ស្ថាប័ន ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីបំពេញបេសកកម្មចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពី សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់រហ្សសនាមថាជា «បុប្ផាលាក់ខ្លួន» ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋបាលខេត្តពោធិ៍សាត់ ដែលលោកខូយ រីដា ជាអភិបាល នៃអគណៈអភិបាល ។
ក្នុងរយៈពេល២យប់ ៣ថ្ងៃ នៅលើទឹកដីខេត្តពោធិ៍សាត់ ប្រតិភូអ្នកសារព័ត៌មាន បានទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិសំខាន់ៗមួយចំនួន រួមនិងកន្លែងអភិវឌ្ឍផ្សេងៗជាច្រើនទៀត ដែលជាសមិទ្ធផលរបស់ខេត្តពោធិ៍សាត់ ដូចជា៖
១. រង្វង់មូលដំរី៥០៥ៈ ស្ថិតនៅត្រង់ចំណុចផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិមិត្តរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងជាប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥០៥ ឬរង្វង់មូលប្រមោយ ជារូបតំណាងនៃទីរួមស្រុកវាលវែង ដែលទេសចរតែងតែបានឃើញនៅពេលទៅដល់ទឹកដីមួយនេះ។
និមិត្តរូបនៃដំរីទាំង៥០៥នេះ គឺតំណាងឲ្យភាពអស្ចារ្យទាំង៥៖ ទី១ សត្វដំរី ជាសត្វដែលកម្រ មានមាឌធំ ស្លូតបូត ចេះសាមគ្គីគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំ សុខដុមរមនា។ ទី២ ដោយសារភូមិសាស្ត្រស្រុកវាលវែង មានផ្លូវជាតិលេខ៥៥ ប្រសព្វគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូលឆ្ពោះទៅកាន់ឃុំទាំង០៥ នៃស្រុកវាលវែង។ ទី៣ ស្រុកវាលវែងមានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រសិទ្ធនាមថា”ផ្លូវបុប្ផាលាក់ខ្លួន” មានឈ្មោះបោះសំឡេង ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស មានទេសភាពធម្មជាតិស្រស់ស្អាតគ្មានពីរ ប្រៀបដូចនៅលើឋានសួគ៌។ ទី៤ ស្រុកវាលវែង មានឃុំចំនួន០៥ ហើយឃុំនីមួយៗមានក្រុមប្រឹក្សាចំនួន០៥នាក់ និងទី៥ ស្រុកវាលវែង មានអភិបាល នៃគណៈអភិបាលស្រុក ដឹកនាំចំនួន០៥ជំនាន់ ហើយបច្ចុប្បន្ននេះ ជាអភិបាលស្រុកជំនាន់ទី៥ ផងដែរ។
បើតាមលោកធាង ឡេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា រង្វង់មូលដំំរី៥០៥ គឺជាបេះដូង នៃស្រុកវាលវែង ។ ភ្ញៀវភាគច្រើនមកទីនេះ រំពឹងទុកថា មកសែលហ្វ៊ី ឬក៏ពួកគាត់បានមកថត ។ បើពួកគាត់មកដល់ស្រុកវាលវែង បើអត់បានថតដំរី ស្មើនឹងអត់បានស្គាល់ស្រុកវាលវែង ។ អ៊ីចឹងរាល់ភ្ញៀវទាំងអស់ ដែលមកដល់ តែងតែចុះថតជាប្រចាំ ទុកជាចំណាំអនុស្សាវរីយ៍របស់ពួកគាត់ ហើយបូកនឹងដំរីលម្អមានក្បួនខ្នាត មានភ្លើងភ្លឺស្អាតនៅពេលយប់ ។
២. គម្រោងអភិវឌ្ឍនៅចំណុចអូរ២ៈ ជាគម្រោងអភិវឌ្ឍ បង្កើតជាសហគមន៍ សម្រាប់ប្រជាពលរដ្ឋចំនួនជិត១០០គ្រួសារ ដែលត្រូវដោះដូរពីចំណុចអូរ១៧ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ។
៣. តំបន់អន្ទង់អាំង (ភ្នំ១៥០០)ៈ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស (ភ្នំខ្មោច) គឺជាសក្តានុពលទេសចរណ៍ធម្មជាតិគ្មានពីរ របស់ខេត្តពោធិ៍សាត់ ក៏ដូចព្រះរាជាណាចក្រកម្ពុជា ដែលជាផ្ទាំងទស្សនីយភាពដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយសារលក្ខណៈសម្បត្តិដ៏សម្បូរបែបបង្កប់ខ្លួនក្នុងព្រៃ ជ្រលងដងអូរ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមថា “បុប្ផាលាក់ខ្លួន” ហើយការប្រសិទ្ធនាមនេះ បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍ ពេញចិត្ត និងដក់ជាប់ក្នុងក្រអៅបេះដូងមនុស្សម្នាក់ៗជារៀងរហូតមក ។
៤. ប៉មលោកតាសោមៈ មាន៩ជាន់ ប្រហែល៤០ម៉ែត្រ ស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប៉មនេះ ស្ថាបនាឡើង ដើម្បីអាចឱ្យទេសចរឡើងទស្សនាពីទិដ្ឋភាពពីលើអាកាស ក្នុងមូលដ្ឋានឃុំអូរសោម ។ ម្យ៉ាងទៀត ការកសាងបូជនីយដ្ឋានលោកតាសោមនេះ ដោយសារពលរដ្ឋនៅទីនោះមានជំនឿ និងតែងតែគោរព សក្ការៈលោកតាសោម។
៥. ទំនប់វារីអគ្គិសនីៈ មានចំនួន៣កន្លែង នៅក្នុងខេត្តពោធិ៍សាត់ ។ ទី១ ទំនប់វារីអគ្គិសនីអាតៃ ដែលមានទំហំ១២០មេហ្គាវ៉ាត់ ដែលបានដំណើរការ១១ឆ្នាំមកហើយ ។ ទី២ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានទំហំ៨០មេហ្គាវ៉ាត់ ដែលកំពុងដំណើរការ នៅឆ្នាំ២០២៦ ទើបបញ្ចប់គម្រោងសាងសង់ ហើយទទួលបានថាមពល ។ ទី៣ ទំនប់វារីអគ្គិស្ទឹងមេទឹក ទំហំ១៥០មេហ្គាវ៉ាត់ នៅផ្លូវព្រំដែនថ្មដា ទៅខេត្តកោះកុង នៅជាប់ព្រំដែនខ្មែរ-ថៃ ដែលកំពុងតែសាងសង់ ។
បើតាមលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឺងថា ក្រៅពីទំនប់វារីអគ្គិសនីទាំង៣ខាងលើ ខេត្តពោធិ៍សាត់ ក៏នៅមានស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យ ដែលនៅស្រុកក្រគរ កំពុងដំណើរការ និងប្រើប្រាស់ថាមពល៩០មេហ្គាវ៉ាត់ ហើយកំពុងតែសាងសង់បន្ថែមទៀត គឺ១៥០មេហ្គាត់វ៉ាត់ ។ ដូច្នេះថាមពលនៅខេត្តពោធិ៍សាត់ ចែកចេញជាពីរប្រភេទ គឺទី១ ខាងវារីអគ្គិសនី និងទី២ ខាងពន្លឺព្រះអាទិត្យ ។ លោកបន្តថា ថាមពលទាំងអស់នេះ ប្រើនៅក្នុងខេត្តពោធោ៍សាត់មិនអស់ទេ ដោយមិនអាចប្រើដល់១២០មេហ្គាវ៉ាត់ទេ គឺក្នុងខេត្តពោធិ៍សាត់ ប្រើតែម៣០មេហ្គាវ៉ាត់ គ្រប់គ្រាន់ហើយ ។ អ៊ីចឹងហើយ ទើបរាជរដ្ឋាភិបាល បានដាក់រហស្សនាមថា “ធុងអាគុយ នៃព្រះរាជាណាចក្រកម្ពុជា” គឺមានន័យថា ចែកទៅទូទាំងប្រទេសហ្នឹងឯង ។
ទាក់ទងនឹងការកសាងទំបន់វារីអគ្គិសនី នៅខាងអាតៃ និងស្ទឹងពោធិ៍សាត់ លោកអភិបាលខេត្តបញ្ជាក់ថា កសាងដោយក្រុមហ៊ុនបរទេសចំនួន២ គឺទំនប់វារីអគ្គិសនីអាតៃ កសាងដោយក្រុមហ៊ុនចិន និងទំនប់វារីអគ្គិសនីពោធិ៍សាត់១ កសាងដោយក្រុមហ៊ុនកូរ៉េ ដោយកុងត្រារយៈពេល៣០ឆ្នាំ ពេលចប់កុងត្រា នឹងប្រគល់មកខ្មែរ ជាអ្នកគ្រប់គ្រងបន្តវិញ ។ ចំពោះអាយុកាលនៃសំណង់ គឺអាចបន្ត២០ឆ្នាំ ពីលើ៣០ឆ្នាំទៀត តែសំណង់នេះ គឺគុណភាពរហូតដល់១០០ឆ្នាំ ។ ចំណុចទំនប់វារីអគ្គិសនីស្ទឹងមេទឹក ឃុំថ្មដា កសាងដោយក្រុមហ៊ុនខ្មែរ ។
៦. ស្ពានខ្ពស់ជាងគេ ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ៈ ស្ថិតក្នុងភូមិឆៃលូ ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) ប្រវែងផ្លូវ ១៩៨,៥១៨គម ទទឹង ៩ម៉ែត្រ ដែលរយៈពេលសាងសង់៦៦ខែ ហើយគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។ ចំណែកស្ពានដែលខ្ពស់ជាងគេនេះ ពេលស្ថាបនារួច នឹងក្លាយជាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកសម្រាប់អ្នកដំណើរ។ មានស្ពានខ្ពស់ជាងគេនេះ មានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ (តួស្ពាន ៤៩០ម៉ែត្រ) និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ។
លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ពីស្ពានខ្ពស់ខាងលើនេះថា ស្ពានខ្ពស់នេះ យើងដឹងហើយ តភ្ជាប់ពីខេត្តពោធិ៍សាត់ ទៅខេត្តកោះកុង ហើយបើយើងនិយាយពីផ្លូវជាតិលេខ១០ គឺយើងភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធ៍សាត់ និងខេត្តកោះកុង ។ ពីមុនមក តំបន់នេះ យើងមិនអាចធ្វើដំណើរចេញចូលបានដូចបច្ចុប្បន្នទេ ។ តាំងពីមានទំនប់វារីអគ្គិសនីមក គឺយើងមានផ្លូវ ហើយផ្លូវនេះ ក៏អំណោយផលដល់ប្រជាជននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដើម្បីផ្លាស់ប្ដូរទំនិញទៅវិញទៅមក ។ ឥឡូវផ្លូវជាតិរបស់យើងកំពុងតែសាងសង់ ឃើញជាក់ស្ដែងហើយ កំពុងតែភ្ជាប់ ហើយស្ពាននេះគឺស្ពានដែលមានកម្ពស់ខ្ពស់ជាងគេនៅប្រទេសកម្ពុជា ហើយយើងប្រៀបពីបាតអូរនេះមកខាងលើ គឺមានកម្ពស់៩០ម៉ែត្រ តែបើសិនជាយើងត្រឹមធ្នឹម វាកម្ពស់តែ៧០ម៉ែត្រទេ ហើយផ្លូវដែលយើងតភ្ជាប់ពីខេត្តបាត់ដំបង (ពីសំឡូត) ឆ្លងកាត់ក្រពើ ប្រមោយ មកអូសោម ព្រំប្រទល់ទៅកោះកុងនេះ មានប្រវែង១៩៩គីឡូម៉ែត្រ ។
៧. ទំនប់ស្ទាក់ទឹកដំណាក់អំពិលៈ បានសាងសង់ និងដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០០៦ ។ ជាគម្រោងរបស់រាជរដ្ឋាភិបាល ។
លោកអភិបាលខេត្ត ខូយ រីដា បញ្ជាក់ថា ទំនប់ទឹកនេះ មានលក្ខណៈពិសេសសម្រាប់វិស័យកសិកម្ម ដោយស្រោចស្រពផ្ទៃដីនៅស្រុកបាកាន និងស្រុកតាលោសែនជ័យ ព្រមទាំងស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ រហូតទៅដល់ស្រុកកណ្ដៀង ។ នៅរដូវវស្សា បើសិនប្រឈមបញ្ហាទឹក អាចអន្តរាគមន៍បាន ២៧០០០ហិកតារ ។ សម្រាប់រដូវប្រាំង គឺអាចបង្កបង្កើនបាន១៥០០០ហិកតារ តែបើលើសពីហ្នឹង គឺខ្វះហើយ នេះសម្រាប់ក្បាលហុងដំណាក់អំពិល ។ ក្បាលហុងមួយទៀត នៅស្រុកកណ្ដៀង គឺក្បាលហុងចារឹក អាចអន្តរាគមន៍ស្រូវរដូវវស្សា បាន១៣០០០ហិកតារ ហើយនៅរដូវប្រាំង ក៏អាចមានលទ្ធភាពអន្តរាគមន៍សម្រាប់បងប្អូនដែលរស់នៅតាមដងប្រឡាយមេ ឬប្រឡាយរងនេះបានដែរ ។
បើតាមលោកអភិបាលខេត្ត បានឲ្យដឹងដែរថា ខេត្តពោធិ៍សាត់ មានក្បាលស្ទឹង៣ ។ ក្នុងនោះស្ទឹងធំ មកពីស្រុកវាលវែង ហើយចេញពីស្ទឹងធំនោះមក មានទំនប់ខាងលើ គឺទំនប់ដំណាក់ឈើក្រំ ដែលស្រោចស្រពទៅស្រុកតាលោសែនជ័យ ក្នុងទំហំផ្ទៃដី១៦០០០ហិកតារ ។ បន្ទាប់មក មានក្បាលស្ទឹង២ទៀត គឺស្ទឹងអារ៉ៃ និងស្ទឹងព្រៃខ្លុង នៅក្នុងស្រុកភ្នំក្រវាញ ។ ប៉ុន្តែមុនមកដល់ស្ទឹងទាំងពីរហ្នឹង គឺមានទំនប់ស្ទាក់ទឹកនៅជួរភ្នំក្រវាញ ២ គឺទំនប់ទី៣ ទំនប់ទី៥ ។ ទំនប់ទាំង២នេះ អាចស្តុកទឹកបាន ៥០លានម៉ែត្រគូប ។ ទំនប់ដំណាក់ឈើក្រំ ស្ដុកទឹកបាន ១០លានម៉ែត្រគូប ។ អ៊ីចឹងទឹកទាំងអស់នេះ គឺសម្រាប់អន្តរាគមន៍មកទំនប់ដំណាក់អំពិល និងទំនប់ចារឹក ។
លោកខូយ រីដា បានឲ្យដឹងបន្តថា ពីមុននៅតំបន់អស់នេះ យើងបង្កបង្កើនផលស្រូវទៅតាមប្រពៃណី តាមធម្មជាតិ ក្នុង១ហិកតារ បាន១តោនកន្លះ ទៅ២តោន ឬកន្លែងណាដែលល្អជាងគេ បើបាន៣តោន គឺល្បីជាងគេហើយ ក្នុង១ហិកតារ តែឥឡូវនេះ គិតជាមធ្យម គឺ៤តោនកន្លះ ទៅ៨តោន ពេលដែលយើងមានបច្ចេកទេសថ្មីរបស់កសិកម្មយើង ។ មិនតែប៉ុណ្ណោះ អ្នកដែលនៅជិតប្រព័ន្ធធារាសាស្រ្តនេះ អាចបង្កបង្កើនបាន៣ដង ក្នុង១ឆ្នាំ ។ អ៊ីចឹងដីរបស់ពួកគាត់អត់ទំនេរទេ ក្រោយពីច្រូតប្រមូលផលហើយ គឺចាប់ផ្ដើមដាស់ដីបន្តទៀតហើយ ។ អ៊ីចឹងពី១ឆ្នាំ ទៅ១ឆ្នាំ គឺការបង្កបង្កើនផលដែលមានលទ្ធភាពជួយដោះស្រាយជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលមានប្រភពទឹក និងប្រព័ន្ធធារាសាស្រ្តនេះ គឺជាអាទិភាពខ្លាំងមែនទែន តែវាមិនទាន់ស្រោចស្រពទៅលើប្រជាពលរដ្ឋទាំងអស់ទូទាំងស្រុងទេ ដោយសារប្រភពទឹករបស់យើង វាអត់ទាន់មានវិសាលភាពដែលគ្របដណ្ដប់ទៅលើផ្ទៃដីទាំងអស់របស់ប្រជាកសិករទេ គឺវាមានផ្នែកៗ ប៉ុន្តែសង្ឃឹមថា នៅពេលខាងមុខ នៅពេលសង់ទំនប់ស្ទឹងពោធិ៍សាត់២ រួចហើយ ប្រហែលជាអាចពង្រីកផ្ទៃដីបានរាប់ម៉ឺនហិកតារទៀត សម្រាប់វិស័យកសិកម្មរបស់យើងនេះ ។
លោកខូយ រីដា បញ្ជាក់ថា កាលមិនទាន់មានការអភិវឌ្ឍន៍ អត់ទាន់មានទំនប់ស្ទាក់ទឹកខាងលើ ទី៣ ទី៥ ទំនប់ដំណាក់ឈើក្រំ អត់ទាន់មានប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ហើយនិងក្បាលហុងចារឹក គឺការបង្កបង្កើនផលរបស់កសិករយើងតាមប្រពៃណី តាមទម្លាប់ យើងបានតែ២០ម៉ឺន ទៅ៣០ម៉ឺនតោន ក្នុង១ឆ្នាំ ។ តែឥឡូវនេះ គិតសម្រាប់ឆ្នាំ២០២៣ យើងសរុប១ឆ្នាំនេះ បានរហូតដល់ជាង៧០ម៉ឺនតោន ហើយក្នុង៧០ម៉ឺនតោន យើងត្រូវការលេខមូលនៅខេត្តពោធិ៍សាត់នេះ តែ៣០ម៉ឺនតោន ។ អ៊ីចឹង៤០ម៉ឺនតោន យើងអាចជួយនាំចេញនៅក្នុងស្រុក ហើយនិងក្រៅស្រុកបាន ហើយស្រូវដែលយើងកំពុងផលិត គឺស្រូវដែលមានទីផ្សារ អត់មានស្រូវដែលយើងធ្វើតាមប្រពៃណីដូចពីមុនទេ ។ ទីផ្សារ គឺស្រូវណាដែលមានលំដាប់ថ្នាក់ដែលនាំចេញបាន ។
គួរបញ្ជាក់ថា ក្រៅពីតំបន់ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍន៍ ខាងលើនេះ ក៏មានតំបន់ជាច្រើនទៀតរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបរាប់ប្រាប់ មានដូចជាទេសភាពព្រៃភ្នំ, បឹងក្រពើ, សហគមន៍ព្រៃក្រវាញ, ទឹកធ្លាក់ធាយបីជាន់, ធាយព្រុយ, ធាតុរកា និងចម្ការដំណាំកសិផលផ្សេងៗ ស្ថិតក្នុងស្រុកវាលវែង ទឹកស្អាតផ្សារលើ , បុរីវប្បធម៌ឧកញ៉ាឃ្លាំងមឿង , អាងប្រតិបត្តិកម្មទឹក , បុរីវប្បធម៌កោះសំពៅមាស , ស្ពានអាកាសវៀងក្រុង , ទីលានស្តុកសំរាមស្តង់ដារព្រៃឪម៉ាល់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ទីតាំងកីឡដ្ធានតេជោក្រគរ , តំបន់គម្រោងអេកូទេសចរណ៍កំពង់ប្រាក់ , សួនសូឡាធំជាងគេ និងតំបន់គ្រោងអភិវឌ្ឍសេដ្ឋកិច្ចពិសេស ជាដើម ៕