ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦ភាគរយ។

គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។

បច្ចុប្បន្នសម្រាប់ការងារសសរគ្រឹះ ចំនួន៣៦ដើម បានចាក់បេតុងរួច ក្នុងចំណោម ១៥៦ដើម និងចាក់ជើងតាង បាន៦ ក្នុងចំណោម ២០ជើងតាង។ ចំណែកឯការងារហេដ្ឋារចនាសម្ព័ន្ធផ្នែកក្រោម ចាក់សរសរភ្លោះ បាន៤ ក្នុងចំណោម ១២សសរ ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១៦ ៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ) និងសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕

