Wednesday, January 15, 2025
Homeព័ត៌មានជាតិខ្ញីអូរសោម ត្រៀមនាំចេញទៅអាមេរិក

ខ្ញីអូរសោម ត្រៀមនាំចេញទៅអាមេរិក

ខេត្តពោធិ៍សាត់ ៖ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៣ហិកតារ ដំណាំខ្ញី នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់ម្ចាស់កសិដ្ឋានមួយរូប កំពុងរីកលូតលាស់យ៉ាងស្រស់បំព្រង ក្បែរប្រភពទឹកមិនចេះរីងស្ងួត និងត្រៀមប្រមូលផលជាលើកដំបូង ដើម្បីនាំចេញទៅទីផ្សារក្នុងស្រុក និងក្រៅស្រុក ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចទៅខេត្តពោធិ៍សាត់ ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការអភិវឌ្ឍនៅក្នុងខេត្តពាយ័ព្យនេះ អ្នកសារព័ត៌មានជាតិ ចំនួន ៣៧ស្ថាប័ន ដឹកនាំដោយក្លឹបអ្នកកាសែតកម្ពុជា បានទៅដល់កសិដ្ឋានខ្ញី នៃទីកដីឃុំអូរសោម ស្រុកវាលវែង ដើម្បីស្វែងយល់ពីដំណាំខ្ញី នៅតំបន់ធម្មជាតិដ៏ស្រស់ត្រកាលមួយនេះ ក្រោមការណែនាំសម្របសម្រួលពីលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ជាមួយម្ចាស់កសិដ្ឋានខ្ញី ។

តាមការសិក្សា ខ្ញី ជាប្រទាល ឬរុក្ខជាតិផ្កា ដែលកើតចេញមើមឫសរបស់វា ហើយដុះលូតចេញជាស្លឹកនិងផ្កា ។ ខ្ញី ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ជាគ្រឿងទេស និងជាឱសថបុរាណ។ វាជារុក្ខជាតិតិណជាតិដែលមានអាយុច្រើនឆ្នាំ ដែលដុះជាពន្លកប្រចាំឆ្នាំ មានកម្ពស់ប្រហែលមួយម៉ែត្រ មានស្លឹកតូចទ្រវែង ។ ខ្ញី មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ដីកោះ ហើយទំនងជាត្រូវបានគេដាំដំបូងដោយក្រុមជនជាតិអូទ្រីស។ ខ្ញី ជារុក្ខជាតិដាំដុះច្រើននៅតំបន់ត្រូពិក មានពន្លឺ និងកម្តៅព្រះអាទិត្យ ។ ខ្ញី មានប្រើប្រាស់ច្រើនជាយូរយារណាស់មកហើយនៅតំបន់អាស៊ី ជាម្ហូបនិងជាឱសថ និងទើបនាំទៅកាន់ពិភពអឺរ៉ុប តាមរយៈពួករ៉ូម៉ាំង និងក្រិក។ សម្រាប់ដំណាំខ្ញី នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដាំនៅតាមបណ្ដាខេត្ត ទូទាំងប្រទេសផងដែរ ដែលគេនិយមហៅថា ខ្ញីខ្មែរ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។ ប៉ុន្តែសម្រាប់ប្រភេទពូជខ្ញី ដែលបានដាំនិងកំពុងលូតលាស់នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានម្ចាស់កសិដ្ឋាន អះអាងថា ខុសពីប្រភេទពូជខ្ញីខ្មែរបន្តិច ដោយសារប្រភេទខ្ញីនេះ បាននាំយកមកពីប្រទេសចិន ហើយដាំតាមបច្ចេកទេសទំនើប ដើម្បីតម្រូវទីផ្សារក្រៅប្រទេស ។

លោក ហ៊ុល សុធា ជាម្ចាស់កសិដ្ឋានដាំខ្ញី នៅឃុំអូរសោម បានបញ្ជាក់ថា ពូជខ្ញីដែលដាំនេះ មានរសជាតិហឹរស្រាលជាងពូជខ្ញីដែលដាំនៅក្នុងប្រទេសកម្ពុជា ។ ហើយនៅក្នុងការដាំនេះ នៅក្នុងផ្ទៃដី ១ហិកតារ លោកបានប្រើពូជខ្ញីប្រភេទនេះ ប្រមាណ ៦តោន ហើយក្នុង១តោន លោកប្រើដើមទុន មិនតិចជាង ២៨០០០ដុល្លារ ទៅ៣០០០០ដុល្លារ និងប្រើប្រាស់កម្លាំងកម្មករ ចំនួន ៥០នាក់ រួមទាំងអ្នកជំនាញផ្នែកកសិកម្មរបស់ចិន ម្នាក់ផងដែរ ។ លោកបន្តថា នេះជាការសាកល្បងលើកដំបូង ដោយរំពឹងថា ក្នុងមួយហិកតារ អាចប្រមូលផលបានពីចន្លោះ ៧៥តោន រហូតជាង ១២០តោន ខណៈតម្លៃលក់ក្នុងទីផ្សារកម្ពុជា ក្នុងពេលបច្ចុប្បន្ន ខ្ទង់ចន្លោះពី ២៥០០រៀល ទៅ ៧០០០រៀល ក្នុងមួយគីឡូក្រាម ។

ចំពោះមូលហេតុដែលលោកជ្រើសរើសទីតាំងអូរសោម ដើម្បីដាំខ្ញីនេះ ម្ចាស់កសិដ្ឋានខាងលើ បញ្ជាក់ថា ដោយសារនៅទីនេះ អាកាសធាតុអំណោយផលលើការដាំដុះប្រភេទដំណាំមើម។ លោកបន្តថា ការដាំលើកដំបូងនេះ ធ្វើឡើងលើផ្ទៃដីចំនួន ១៣ហិកតារ ដោយក្នុងមួយហិកតារ អាចដាំបានចំនួន ៧ម៉ឺន៥ពាន់គុម្ព ហើយបើការដាំដុះ ការថែទាំបានល្អ អាចប្រមូលផលក្នុងរយៈពេលពី ៦ខែ ទៅ៨ខែ ដោយក្នុងមួយគុម្ព អាចផ្តល់ទិន្នផលត្រឡប់ចំនួន ១,៥០គីឡូក្រាម ដោយសារភាពអំណោយផលទាំងលក្ខណៈអាកាសធាតុ និងដីនៅទីនោះ។ យ៉ាងណា លោកថា នៅលើផ្ទៃដី ១៣ហិកតារនេះ ដំណាក់កាលទី១ តាមលក្ខណៈបច្ចេកទេស និងដំណាក់ទី២ លោកនឹងពង្រីកនៅលើផ្ទៃដី ១០០ហិកតារ ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

 លោក ហ៊ុល សុធា បានមានប្រសាសន៍ថា “និយាយជារួម ពាក់ព័ន្ធដែលខ្ញុំមកធ្វើដំណាំខ្ញីនៅទីនេះ ដំបូងឡើយ ខ្ញុំទៅរកទីផ្សារមុន ខ្ញុំដើរទៅរកទីផ្សារនៅខាងសហរដ្ឋអាមេរិក ហើយក៏សួរថា ខ្ញីនៅខាងអាមេរិក គេយកពូជមកពីណា? ខ្ញុំក៏រកពូជឃើញ ហើយខ្ញុំដើររកកន្លែងដែលដាំដុះ ។ ដល់អ៊ីចឹងទៅ ខ្ញុំទៅរកនៅខាងចិន មានខេត្តធំមួយ គេធ្វើខ្ញីហ្នឹង ក៏បានចេញចូលៗ ក៏បានជួបបងប្អូនយើងនៅខាងចិន នោះ ដែលគេមកជួយយើង ទាំងពូជ ទាំងបច្ចេកទេស ហើយខ្ញុំក៏សម្រេចចិត្តធ្វើ ចាប់ពីដើមឆ្នាំ២០២៣ មក ហើយការដែលសម្រេចយកទឹកដីនេះមកដាំខ្ញី ដោយសារទី១ លក្ខខណ្ឌសមស្រប ទាំងអាកាសធាតុ ទាំងដី នៅទីនេះល្អសម្រាប់ដំណាំមើម ជាពិសេសខ្ញីតែម្ដង ហើយខ្ញុំក៏បានចាប់ផ្ដើមធ្វើ ហើយខាងបច្ចេកទេសចិនក៏គាត់មកជួយខ្ញុំពេញ ១ឆ្នាំ ទល់សព្វថ្ងៃនេះ ក៏អត់ទាន់ទៅវិញដែរ គាត់សប្បាយចិត្តនឹងជួយយើង ។ តាមពិត ខ្ញី មានច្រើនប្រភេទ ប៉ុន្តែអ្វីដែលគោលដៅចម្បងរបស់យើងសម្រាប់ខ្ញីដែលនាំចេញទៅក្រៅប្រទេស គឺពូជខ្ញីនេះ រសជាតិរបស់វារាងស្រាលជាងខ្ញីខ្មែរបន្តិច ។ ខ្ញីខ្មែរ គេហៅខ្ញីភ្លើង អ៊ីចឹងរាងហឹរជាង ។ ពាក់ព័ន្ធបច្ចេកទេស និយាយជារួម យើងដាំខ្ញីនេះពិបាកបន្តិច ព្រោះយើងធ្វើអត់ដូចទម្លាប់របស់កសិករគាត់ធ្វើទេ យើងធ្វើទៅតាមបច្ចេកទេស យើងពិនិត្យទាំងដី ទាំងការគ្រប់គ្រងដី គ្រប់គ្រងទឹក គ្រប់គ្រងទាំងអាកាសធាតុទៀត ។ និយាយទៅ ប្រឆាំងទាំងអស់ យើងធ្វើវាហ្នឹង សូម្បីតែសំណើមក្នុងដី ក៏យើងពិនិត្យវាដែរ ជារៀងរាល់ពេលយើងធ្វើវា ហើយតាមដានដូចកូនក្មេងអ៊ីចឹង“ ។

លោកហ៊ុល សុធា បន្តថា “គោលដៅរបស់យើង គឺយើងបានទៅជួបនៅខាងទីផ្សារនៅសហរដ្ឋអាមេរិក ហើយក៏បានជជែកជាមួយមេធាវីខាងនោះដែរ ដែលគោលដៅចម្បងដែលយើងយកទៅ ។ បានន័យថា យើងយកទៅអាមេរិក ហើយមួយចំណែកទៀត គឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។ នៅលើផ្ទៃដីក្នុង ១ហិកតារ បើនិយាយជាគុម្ពខ្ញី ស្មើនឹង៧ម៉ឺន៥ពាន់គុម្ព  ហើយក្នុង ១ហិកតារ ជាមធ្យម បើខ្ញុំគិតថា ខ្ញីខ្ញុំបាន ១គីឡូ បច្ចុប្បន្នហ្នឹង ១គីឡូ ក៏បាន ៧៥តោនដែរ បច្ចុប្បន្នហ្នឹងទើបបានពាក់កណ្ដាល ។ អ៊ីចឹងយើងបានយកវាទៅពិសោធ ហើយឆែកមើលលម្អិតហើយថា ដីរបស់យើងហ្នឹងអាចបានជាមធ្យម ពី១គីឡូកន្លះឡើង ក្នុង១គុម្ព ។ អ៊ីចឹងបើសរុបជារួមមក ពី៧៥តោន ទៅ១២០តោន ក្នុង១ហិកតារ ក្នុងរយៈពេល ៦ខែ ទៅ ៨ខែ អាស្រ័យលើការថែទាំ ។ បើយើងនិយាយពីការគ្រប់គ្រងទីផ្សារ វាផលលំបាករបស់កសិករយើង បងប្អូនយើងជាច្រើន ដែលខ្ញុំធ្លាប់តែឮ ។ អ៊ីចឹងមូលហេតុដែលខ្ញុំថាធ្វើម៉េចដើម្បីគ្រប់គ្រងទីផ្សារឲ្យបាន ខ្ញុំត្រូវរកទីផ្សារដើម្បីគ្រប់គ្រងនៅក្រៅប្រទេសសិន ។ រកឲ្យបានហើយ ក្នុងស្រុកយើងស្រួលទេ ។ មួយទៀត កត្តាដែលអ្នកធ្វើកសិកម្ម ដែលមានបញ្ហាជួបសម្រាប់ការផ្គត់ផ្គង់ ដោយសារគាត់អត់មានឃ្លាំងស្ដុក អត់មានកន្លែងទុក ព្រោះមិនថាដំណាំអីផ្សេងទេ ពេលដែលយើងនាំចេញទៅក្នុង១ឆ្នាំ ទល់១ឆ្នាំ គឺមិនមែនយក ១ឆ្នាំម្ដងឯណា ធ្វើម៉េចយើងមានឲ្យគេ ផ្គត់ផ្គង់ឲ្យគេរាល់ខែ ។ អ៊ីចឹងខ្ញុំមានដី ៥ហិកតារទៀត សម្រាប់ធ្វើឃ្លាំងទុកដាក់ ដើម្បីនាំចេញ ។ អ៊ីចឹងដំណាក់កាលទី១នេះ ខ្ញុំធ្វើ ១៣ហិកតារ នៅលើផ្ទៃដីនេះ ។ ដំណាក់កាលទី២ ខ្ញុំធ្វើ ១០០ហិកតារ នៅលើដីអូរសោម នេះដែរ ។ អ៊ីចឹងពីដំណាក់កាលទី១នេះ ខ្ញុំធ្វើនេះ ធ្វើដើម្បីរក្សាពូជធ្វើម៉េចឲ្យវាស្គាល់ដីយើង ស្គាល់ពូជយើង ស្គាល់អាកាសធាតុយើង ។ អ៊ីចឹងពេលដល់ដំណាក់កាលទី២ ពេលដែលវាស្គាល់ហើយ យើងដាំនៅលើដីយើង គឺយើងលែងសូវព្រួយបារម្ភរឿងរោគសញ្ញាផ្សេងៗ“ ។

មានមតិចាប់អារម្មណ៍លើការដាំដំណាំខ្ញី នៅឃុំអូសោម នោះដែរ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគាំទ្រនិងលើកទឹកចិត្តចំពោះការដាំដំណាំកសិកម្មមួយប្រភេទនេះ នៅលើទឹកដីឃុំអូរសោម ស្រុកវាលវែង បន្ថែមលើដំណាំកសិឧស្សាហកម្មផ្សេងទៀតដូចជា ទុរេន ប៊័រ ម្រេច ជាដើម ។

លោកខូយ រីដា បានមានប្រសាសន៍ថា “ដំណាំខ្ញីដែលយើងដាំនេះ គឺប្អូនប្រុសដែលជាជនជាតិខ្មែរមួយរូបនេះ គឺមកដាំនៅនេះ ១៣ហិកតារនេះ គឺដាំតាមបច្ចេកទេសកសិកម្ម អត់មានដាំតាមធម្មជាតិបានផលអីនោះទេ គឺដាំតាមបច្ចេកទេសត្រឹមត្រូវ ហើយបច្ចេកទេសហើយ គឺដាំតម្រូវទីផ្សារទៀត ។ អំណោយផលអាកាសធាតុនៅទីនេះត្រជាក់សើម អ៊ីចឹងការបង្កបង្កើនផលដំណាំខ្ញីនៅទីនេះ នឹងទទួលផលខ្ពស់ ដែលស្ដាប់តាមការរាយការណ៍របស់ម្ចាស់កសិដ្ឋាន គឺក្នុង១ហិកតារ ដែលយើងអាចទទួលផលបាន ពី៧៥តោន ទៅ១២០តោន ហើយដាំនេះ គាត់មិនមែនដាំចេះតែនឹកឃើញតាមអារម្មណ៍ អត់ដឹងគោលដៅយកទៅណាទេ ។ មុននឹងដាំ គេដឹងទីផ្សារ តម្រូវទីផ្សាររួចស្រេចហើយ ។ អ៊ីចឹងតម្លៃរបស់ខ្ញី ហើយនិងការដាំទាំងអស់នេះ គឺមានប្រសិទ្ធភាព និងទទួលបានផល ហើយក្នុងនេះ គ្រាន់តែ១៣ហិកតារហ្នឹង គឺប្រើកម្មកររហូតដល់៥០នាក់“ ៕ កុលបុត្រ

RELATED ARTICLES