ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ ព្រោះតែឈឺចិត្តស្អិតទ្រូងនឹងនារីជាសង្សារបែកចិត្តទៅ ស្រលាញ់ប្រុសថ្មី ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង២រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិត ក្នុងភូមិដក់ពរ ឃុំវល្លិស ស្រុកសំរោងទង។
យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាត ព្រោះតែសង្សារសុំបែកនោះ មានឈ្មោះសួន សុខជា អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ ជនរងគ្រោះហាក់មានទឹកមុខស្រងូតស្រងាត់ខុសប្លែក ពីធម្មតា ដោយមិនសូវនិយាយស្តីរកអ្នកណា សោះ។ ឃើញបែបនេះ ឪពុកម្តាយបានសាកសួរ រកមូលហេតុដែរ តែជនរងគ្រោះមិនព្រមទម្លាយ ប្រាប់ឪពុកម្តាយឱ្យបានដឹងឡើយ ចំណែកក្រុម– គ្រួសារក៏មិនចាប់អារម្មណ៍អ្វីដែរ ហើយក៏មិន បានគិតដល់ថា កូនប្រុសអាចនឹងមានគំនិតខ្លី រហូតដាច់ចិត្ត សម្លាប់ខ្លួនបែបនេះឡើយ។
ប្រភពដដែលបន្តថា ជនរងគ្រោះបាន ឡើងទៅសម្ងំនៅលើផ្ទះតាំងពីព្រឹក រហូតដល់ វេលាម៉ោងកើតហេតុខាងលើ ក្មេងប្រុសម្នាក់ ឈ្មោះហុន ស៊ីចិន អាយុ៨ឆ្នាំ ត្រូវជាក្មួយប្រុស របស់ជនរងគ្រោះ បានដើរឡើងទៅលើផ្ទះ ដើម្បី ហៅជនរងគ្រោះមកហូបបាយ ស្រាប់តែប្រទះ ឃើញជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលដល់អ្នកភូមិចោមរោម មើលនិងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច តែម្តង។
តាមប្រភពពីមិត្តភក្តិជិតស្និទ្ធនឹងជនរង– គ្រោះ បានបង្ហើបប្រាប់ថា នៅមុនពេលកើត– ហេតុ ជនរងគ្រោះធ្លាប់បានត្អូញត្អែរថា រូបគេ ពិបាកចិត្តណាស់ ព្រោះសង្សារសុំបែក ធ្វើឱ្យ គេឈឺចាប់ពេករហូតដល់លែងចង់រស់ទៀតផង លុះមិនបានប៉ុន្មានថ្ងៃផង ជនរងគ្រោះក៏ចងក ស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន ដោយប្រើមុងចងកភ្ជាប់នឹងធ្នឹមផ្ទះ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕
អ៊ុំ ណូន