ខេត្តពោធិ៍សាត់ៈ បើទោះបីជាតំបន់ទឹកធ្លាក់ លាក់ខ្លួនពួនក្នុងព្រៃ ឬមានព្រៃភ្នំព័ទ្ធជុំវិញប្រកបដោយស្ងប់ស្ងាត់ក៏ដោយ ក៏ទឹកធ្លាក់ច្រកល្អៀង បានក្លាយជារមណីយធម្មជាតិមួយ កំពុងទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ ក្នុងខេត្តពោធិ៍សាត់ និងខេត្តផ្សេងៗទៀត រួមទាំងរាជធានីភ្នំពេញ និងមានទាំងភ្ញៀវទេសចរណ៍អន្តរជាតិផង ឱ្យមកសម្រាកលំហែកាយជាលក្ខណៈគ្រួសារ ឬគូស្នេហ៍ ស្រូបយកខ្យល់ដ៏បរិសុទ្ធ ចុះងូតទឹកជ្រោះដ៏ត្រជាក់ស្រេង ស្ដាប់សំឡេងធម្មជាតិ គួរឲ្យមានសេចក្ដីសុខក្រៃលែង បាត់អស់នូវភាពនឿយហត់ ទុក្ខកង្វល់ទាំងឡាយ ទាំងពួង បានមួយគ្រា ។
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានថ្មីដែលបានបង្កើតឡើងនៅឆ្នាំ២០០២ ក្នុងឱកាសដែលប្រទេសជាតិរបស់យើងបានទទួលនូវសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើដំណើរទៅកាន់ទីនោះ មានលក្ខណៈងាយស្រួល មានសន្តិសុខនិងសុវត្តិភាពគ្រប់ទីកន្លែង។ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានមួយរបស់ខេត្តពោធិ៍សាត់ និងមានសក្តានុពលទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងជាទីពេញចិត្តសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ដើម្បីឲ្យមានការអភិវឌ្ឍរមណីយដ្ឋាននេះ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណៈការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងដោយមានការយកចិត្តទុកដាក់ពីអភិបាលខេត្តគ្រប់ជំនាន់ និងមានការចង្អុលណែនាំពីក្រសួងទេសចរណ៍ផង មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានធ្វើការកែលំអរហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋាននេះ ជាបន្តបន្ទាប់ទៅតាមធនធាន។
ដើម្បីងាយស្រួលបង្ហាញផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋាន និងផ្លូវក្នុងរមណីយដ្ឋានដល់សហគមន៍ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានដាក់ស្លាកសញ្ញាបង្ហាញផ្លូវចាប់ពីផ្លូវជាតិ រហូតដល់រមណីយដ្ឋាន ស្លាកសញ្ញាបង្ហាញផ្លូវក្នុងរមណីយដ្ឋាន ឈ្មោះដំណាក់កំសាន្តនីមួយៗ ដោយផ្សាភ្ជាប់ទៅនឹងប្រវត្តិដែលបានផ្តួចផ្តើមបង្កើតឡើង។
លទ្ធភាពទៅដល់រមណីយដ្ឋានទឹកធ្លាក់ច្រៀងល្អៀង គឺពីក្រុងពោធិ៍សាត់ ទៅដល់រមណីយដ្ឋាន មានចម្ងាយ ៧៣គីឡូម៉ែត្រ (ពីក្រុងពោធិ៍សាត់មកដល់ទីរួមស្រុកក្រគរ ចម្ងាយ ៣២គីឡូម៉ែត្រ មកដល់ត្រឹមផ្សារក្រគរ មានផ្លូវបែកជាបួន សូមបត់ស្តាំតាមផ្លូវលេខ ៥៥ ចម្ងាយ ២៩គីឡូម៉ែត្រ ផ្សារបំណក់ ទៅរមណីយដ្ឋាន ១៥គីឡូម៉ែត្រ ) ។ ពីរាជធានីភ្នំពេញ ទៅដល់រមណីយដ្ឋាន មានចម្ងាយ ១៩៥គីឡូម៉ែត្រ (ពីរាជធានីភ្នំពេញ មកដល់ទីរួមស្រុកក្រគរចម្ងាយ ១៥៤គីឡូម៉ែត្រ មកដល់ទីរួមស្រុកក្រគរ ត្រង់ផ្សារសាមគ្គីក្រគរ មានផ្លូវបែកជាបួន បត់ឆ្វេងតាមផ្លូវ លេខ៥៥ ចម្ងាយ ២៩គីឡូម៉ែត្រ ដល់ផ្សារបំណក់ និងបន្តពីផ្សារបំណក់ ទៅរមណីយដ្ឋាន ចម្ងាយ ១៥គីឡូម៉ែត្រទៀត)។ ពីក្រុងកំពង់ឆ្នាំង មករមណីយដ្ឋាន ៨៩គីឡូម៉ែត្រ ។ ច្រកផ្លូវព្រៃខ្មែរ ចូលមកស្ថានីយរថភ្លើងរមាស ចម្ងាយ ៣៥គីឡូម៉ែត្រ ឬបត់ឆ្វេងតាមច្រកផ្លូវស្រុកបរិបូណ៍ ត្រង់មកស្ថានីយរថភ្លើងក្ដុល រួចបន្តរមកតាមផ្លូវជាតិជាប់នឹងផ្លូវរថភ្លើងរហូតមកដល់បំណក់ បត់ឆ្វេង ទៅកាន់ផ្លូវរមណីយដ្ឋាន ចម្ងាយ ៨៤គីឡូម៉ែត្រ ។ ច្រកផ្លូវពីក្រុងកំពង់ឆ្នាំង មកទីរួមស្រុកក្រគរ ចម្ងាយ ៦២គីឡូម៉ែត្រ រួច បត់ឆ្វេងត្រង់ផ្លូវបែកជាបួន នៃទីរួមស្រុកក្រគរ មកផ្លូវជាតិលេខ ៥៥ ចម្ងាយ ១០៥គីឡូម៉ែត្រ។
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចម្ងាយ ៧៣គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់។ មានផ្ទៃដីទំហំ ១៥០ហិតតារ ស្ថិតនៅតំបន់ការពារធម្មជាតិភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ។ កម្ពស់ទឹកពីដំណាក់កោះយាយចាំតា ទៅទឹកធ្លាក់ ប្រវែង ១គីឡូម៉ែត្រ គឺកម្ពស់ទឹក ៣០ម៉ែត្រ។
សក្តានុភាពទេសចរណ៍នៃរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង មានខ្យល់ត្រជាក់ ម្លប់ដើមឈើគ្រប់កន្លែងក្នុងរមណីយដ្ឋាន។ មានសត្វព្រៃចូលមករស់នៅជាបណ្តើរៗ ដូចជា ខ្លា ឈ្លូស ស្វា ទោច ពស់ថ្លាន់ ជ្រូកព្រៃ។ល។ មានទឹកហូរថ្លាគ្រប់រដូវ មិនដែលរឹងស្ងួត លំអដោយផ្ទាំងថ្មតូចធំរាយប៉ាយក្នុងទឹក។ ជម្រៅទឹកអាចលេងកម្សាន្តបាន សម្រាប់មនុស្សគ្រប់វ័យ (ពី0.៣ម៉ែត្រ រហូតដល់ជម្រៅ២ម៉ែត្រ)។ ល្បាក់ទឹកធ្លាក់ច្រើនកន្លែង និងកម្ពស់ទឹកធ្លាក់រហូតដល់ ៥ម៉ែត្រ។ ទីធ្លាទូលាយ អាចទទួលភ្ញៀវបានដល់ ៨.០០០នាក់ ក្នុង១ថ្ងៃ។ មានលទ្ធភាពរៀបចំដំណើរកម្សាន្តក្នុងព្រៃធម្មជាតិ សម្រាប់ ភ្ញៀវជាតិ អន្តរជាតិ និងសិស្ស និស្សិតដែលចង់ស្វែងយល់ពីធម្មជាតិ រយៈពេលខ្លី និងវែង។ មានចម្ការអ្នកភូមិនៅក្បែរៗរមណីយដ្ឋាន ដូចជា ចម្ការអំពៅ ក្រូចពោធិ៍សាត់ ពោត ចេក។ល។
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទំហំធំទូលាយ បណ្តោយ ៣គីឡូម៉ែត្រ និងទទឹង ៥០០ម៉ែត្រ។ កន្លែងកម្សាន្តក្នុងរមណីយដ្ឋាន មាន ៨ដំណាក់ ដែលដំណាក់នីមួយៗ មានប្រវែងពី ៥០ម៉ែត្រ ទៅ២០០ម៉ែត្រ បន្តជាប់ៗគ្នា។ ប្រវត្តិ និងលក្ខណៈសម្គាល់នៃដំណាក់នីមួយៗ មានដូចខាងក្រោម៖
១. ដំណាក់កោះយាយចាំតា៖ ដំណាក់នេះមានទេសភាពស្រស់ មានសណ្ឋានជាកោះតូចមួយ មានទឹកហូរធ្លាក់ត្រជាក់ និងមានផាសុកភាពសម្រាប់មនុស្សវ័យចាស់ៗ ដែលមិនចង់ធ្វើដំណើរទៅកាន់ដំណាក់ឆ្ងាយៗ។ ដំណាក់នេះ មានតំណាលថា មានលោកតាម្នាក់ មានធនធានស្តុកស្ដម្ភ អាយុជាង៧០ឆ្នាំ មានភរិយាវ័យក្មេង។ ពេលពួកគាត់មកកម្សាន្តក្នុងរមណីយដ្ឋាននេះ លោកយាយវ័យក្មេង តែងតែយកចិត្តទុកដាក់ចំពោះស្វាមី និងខិតខំរកទីតាំងណាដែលស័ក្តិសមសម្រាប់អង្គុយលេងកម្សាន្ត។ ដោយឃើញដំណាក់នេះ ជាដំណាក់ជិតជាងគេ មានទេសភាពស្រស់ស្អាត មានសណ្ឋានជាកោះតូចមួយ មិនសូវមានមនុស្សរំខាន និងភ្ញៀវវ័យក្មេងៗភាគច្រើនចូលចិត្តទៅកម្សាន្តនៅកន្លែងឆ្ងាយៗ ដូច្នេះក៏ដាក់ឈ្មោះកោះនេះផ្សេងៗពីគ្នា អ្នកខ្លះដាក់ឈ្មោះថា កោះអូនរង់ចាំ អ្នកខ្លះដាក់ថា កោះលាក់ស្នេហ៍ ប៉ុន្តែដើម្បីឲ្យស័ក្តិសមទៅនឹងប្រវត្តិ ទើបគេដាក់ឈ្មោះថា ដំណាក់កោះយាយចាំតា ។
២. ដំណាក់ទឹកឈូ៖ ជាដំណាក់ខណ្ឌដាច់ពីគ្នាពីកោះយាយចាំតា ដោយកូនអូរមួយ។ ដំណាក់នេះ ជាដំណាក់ដំបូងដែលភ្ញៀវបានស្តាប់ឮសំឡេងទឹកហូរធ្លាក់ឈូឆរមុនគេ និងជាដំណាក់សំចតដំណើររបស់ទេសចរណ៍ មុននឹងបន្តដំណើរទៅកាន់ដំណាក់បន្ទាប់ផ្សេងទៀត ព្រោះដំណាក់នេះ មានតូបធំមួយ សម្រាប់ភ្ញៀវអង្គុយសម្រាកលំហែ ស្តាប់សំឡេងទឹកហូរ មុនបន្តដំណើរ ទើបដាក់ឈ្មោះថា ដំណាក់ទឹកឈូ ។
៣. ដំណាក់មនោរម្យ៖ ជាដំណាក់ដែលមានប្រជាប្រិយភាពជាងគេ ព្រោះជាទីតាំងដែលមានទឹកមានជម្រៅរាក់ មានផ្ទាំងថ្មធំៗស្រស់ស្អាត មានជម្រាលថ្មទឹកហូរឆ្លងកាត់ អាចរំអិលខ្លួនតាមទឹកហូរ ទម្លាក់ខ្លួនមកក្រោមយ៉ាងសប្បាយរីករាយ និងមានទីធ្លាធំសម្រាប់អង្គុយលេង មើលទេសភាពយ៉ាងមនោរម្យ ទើបគេដាក់ឈ្មោះថា ដំណាក់មនោរម្យ។
៤. ដំណាក់ថ្មសណ្ដូក៖ ជាដំណាក់បន្ទាប់ មានថ្មមួយផ្ទាំងធំ វែងសណ្ដូកធ្វើជាទំនប់ទប់ទឹកជ្រោះ ដោយទុកផ្លូវតែមួយ ចន្លោះតូច សម្រាប់ហូរ។ ទីនោះ អាចអង្គុយលេងកម្សាន្តលើថ្មសណ្ដូកដ៏វែងនេះ បានយ៉ាងរីករាយ និងជាទីពេញនិយមសម្រាប់ភ្ញៀវចូលចិត្តទឹកជ្រៅ ទើបគេដាក់ឈ្មោះថា ដំណាក់ថ្មសណ្ដូក ។
៥. ដំណាក់ព្រះ៖ ដំណាក់នេះមានថ្មមួយផ្ទាំងធំលយមកខាងមុខ ត្រូវបានអ្នកភូមិយកពុទ្ធបដិមា ជាច្រើនអង្គ ទៅតម្កល់នៅខាងក្រោមថ្មនេះ សម្រាប់គោរពបូជា បន់ស្រន់ និងបួងសួងសុំសេចក្តីសុខ ទើបគេដាក់ឈ្មោះថា ដំណាក់ព្រះ ។
៦. ដំណាក់ម្លប់ជ្រៃក្រឹម៖ ជាដំណាក់មានដើមជ្រៃក្រឹម មួយដើម ផ្តល់ម្លប់ដ៏ត្រជាក់ និងមានទឹកធ្លាក់ជម្រាលលើថ្ម លេងកម្សាន្តយ៉ាងសប្បាយ ទើបគេដាក់ឈ្មោះថា ដំណាក់ម្លប់ជ្រៃក្រឹម ។
៧. ដំណាក់កោះសុបិន៖ ជាដំណាក់បន្ទាប់ពីដំណាក់ម្លប់ជ្រៃក្រឹម និងមានផ្ទាំងថ្មមួយផ្ទាំងដុះចំកណ្តាលជ្រោះ។ ដំណាក់នេះ មានស្ពានគ្មានបង្កាន់ដៃមួយ សម្រាប់ឆ្លងទៅកោះ។ ស្ថានភាពទឹកមានសណ្ឋានរាក់ អាចលេងកម្សាន្តបានគ្រប់វ័យ។ ពេលទៅដល់កោះនេះ គេមានអារម្មណ៍នឿយហត់បន្តិច ដោយការធ្វើដំណើរវែងឆ្ងាយកន្លងមក ដូច្នេះភ្ញៀវមានអារម្មណ៍អណ្តែតអណ្តូងបន្តិច ពិសេសសម្រាប់យុវវ័យ មានគូជាប់ជាមួយ ទើបគេដាក់ឈ្មោះថា ដំណាក់កោះសុបិន ។
៨. ដំណាក់ទឹកធ្លាក់៖ ជាដំណាក់ចុងក្រោយសម្រាប់ដំណើរកម្សាន្ត មានចម្ងាយ១គីឡូម៉ែត្រ ពីដំណាក់ទី១។ ទីនេះ អាកាសធាតុមានភាពត្រជាក់ជាងគេ ដោយសារចំហាយទឹកហូរធ្លាក់លាន់យ៉ាងទ្រហឹង ទើបគេដាក់ឈ្មោះថា ដំណាក់ទឹកធ្លាក់ តែម្តង។ លក្ខណៈពិសេសនៅទីនេះ គឺមានច្រកទឹកចំនួន២៖ ច្រកទី១ ជាច្រកធំ មានទឹកធ្លាក់ខ្លាំង មានសណ្ឋានរាក់ជ្រៅ ទៅតាមលើធម្មជាតិ និងច្រកទី២ ទឹកធ្លាក់មានទំហំតូច អាចលេងបានគ្រប់ពេល ភ្ញៀវខ្លះដាក់ឈ្មោះទឹកធ្លាក់តូចនេះថា ទឹកធ្វើសរសៃ ព្រោះបើភ្ញៀវនៅក្រោមទឹកធ្លាក់នេះ មានអារម្មណ៍ថា ដូចមានគេធ្វើសរសៃ និងស្រួលខ្លួន។ ទីនេះក៏មានហ្វូងត្រីភ្នំ សម្រាប់ទស្សនាផងដែរ ៕