ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងស្ត្រី ម្នាក់រងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកជាមួយរថភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចលើផ្លូវរថភ្លើង ចន្លោះគីឡូម៉ែត្រលេខ៥៦-៥៧ ស្ថិតនៅភូមិ ក្រាំងរអូត ឃុំសំរោង ស្រុកសំរោង។
ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍រថភ្លើង បុកម៉ូតូនេះ មានឈ្មោះសួង ឃន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាឡុង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ និង អ្នករួមដំណើរឈ្មោះកន ណាឡែន ភេទស្រី អាយុ២០ឆ្នាំ រងរបួសធ្ងន់។ ជនរងគ្រោះទាំង២ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពត 1H-1670។
តាមប្រភពសាក្សីកន្លែងកើតហេតុ បាន ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរង- គ្រោះជិះម៉ូតូមួយគ្រឿងដឹកគ្នា ធ្វើដំណើរក្នុង ទិសដៅពីកើតទៅលិច ដោយឆ្លងកាត់ចំណុច ផ្លូវរថភ្លើងខាងលើ ប៉ុន្តែដោយសារអ្នកបើកបរ ម៉ូតូខ្វះការប្រុងប្រយ័ន្នឆ្លងផ្លូវរថភ្លើង ហើយ ចៃដន្យ រថភ្លើងបើកមកដល់ក្នុងទិសដៅខ្វែង គ្នា ក៏បណ្តាលឱ្យបុកម៉ូតូជនរងគ្រោះចំពីមុខ ពេញទំហឹង ស្លាប់ជនរងគ្រោះម្នាក់នៅកន្លែង កើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀត រងបួសធ្ងន់ ត្រូវបានអ្នកស្រុកជួយចាត់ចែងដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីធ្វើការសង្គ្រោះជីវិត។
លោកវរសេនីយ៍ត្រី មឿង សារុន អធិការ នគរបាលស្រុកសំរោង បានឱ្យដឹងថា ក្រោយពី ទទួលដំណឹងមានហេតុការណ៍គ្រោះថ្នាក់ចរា-ចរណ៍រថភ្លើងបុកម៉ូតូនេះ កម្លាំងសមត្ថកិច្ចបាន ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ប្រទះ ឃើញជនរងគ្រោះម្នាក់បានស្លាប់ទៅហើយ ចំណែករថភ្លើង ក៏បានបើកទៅបាត់ដែរ មិនស្គាល់ អត្តសញ្ញាណទេ ទើបកម្លាំងសមត្ថកិច្ចជាមួយ ប្រជាពលរដ្ឋបានសហការគ្នាដឹកបញ្ជូនអ្នករង របួសទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ ជីវិត។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបាន ទាក់ទងផ្តល់ដំណឹងឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រភពដដែលបន្តថា ចំណែកម៉ូតូជនរង-គ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលជាបណ្តោះអាសន្ន រង់ចាំ ប្រគល់ឱ្យក្រុមគ្រួសារវិញនៅពេលក្រោយ។ ចំណែករថភ្លើងបង្ក សមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវ ហៅតំណាងមកធ្វើការដោះស្រាយ ជាមួយជនរងគ្រោះតាមផ្លូវច្បាប់៕ វណ្ណ វុធ