ខេត្តកំពង់ស្ពឺ ៖ ពលរដ្ឋមួយគ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ បានស្រែកទាមទាររកយុត្តិធម៌ បន្ទាប់ពីកូនប្រុសរបស់ពួកគាត់ ទើបតែបួសមុខភ្លើងក្នុងពិធីបុណ្យសពជីតា បាន២ថ្ងៃ ត្រូវសមត្ថកិច្ចប៉ូលិសឃាត់ខ្លួន បញ្ជូនទៅឃុំនៅក្នុងពន្ធនាគារ អស់រយៈពេលជិត ១ខែ ដោយចោទថា កូនប្រុសរបស់ពួកគាត់ជាជនសង្ស័យក្នុងករណីប្លន់ម៉ូតូស្រ្តីមេម៉ាយម្នាក់ រស់នៅក្នុងភូមិជាមួយគ្នា ។ ប៉ុន្តែពួកគាត់ថា កូនប្រុសរបស់ពួកគាត់ មិនបានប្រព្រឹត្តបទល្មើសប្លន់នេះទេ ខណៈដែលមកដល់ពេលនេះ ជនសង្ស័យពិតប្រាកដ ត្រូវចាប់ខ្លួនបាន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ ហេតុអីមិនអីមិនព្រមដោះលែងកូនប្រុសពួកគាត់ ឲ្យមានសេរីភាពវិញ?
ពលរដ្ឋដែលទាមទារឲ្យដោះលែងកូនប្រុស ដោយអះអាងថា សមត្ថកិច្ចចាប់ច្រឡំនោះ បុរសជាប្ដី មានឈ្មោះសុច កុសល អាយុ៤៥ឆ្នាំ ជាកសិករ ស្រ្តីជាប្រពន្ធ ឈ្មោះជួង សង្វាត អាយុ៤២ឆ្នាំ ជាកសិករ ។ ចំណែកកូនប្រុសដែលកំពុងជាប់គុក មានឈ្មោះសុច សុខច័ន្ទ អាយុ២៤ឆ្នាំ ជាកូនទី២ ក្នុងគ្រួសារ ក្នុងចំណោមបងប្អូន៤នាក់ (ស្រី១ ប្រុស៣)។ សព្វថ្ងៃគ្រួសារនេះ រស់នៅភូមិឈូកស សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
បុរសជាប្ដី ឈ្មោះសុច កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថាគ្រួសាររបស់លោក ពិតទទួលភាពអយុត្តធម៌ ពីការអនុវត្តច្បាប់របស់សមត្ថកិច្ចប្រាកដមែន ព្រោះកូនប្រុសរបស់លោក មិនបានជាប់ពាក់ព័ន្ធក្នុងករណីប្លន់ម៉ូតូរបស់អ្នកភូមិនោះទេ ព្រោះជនសង្ស័យក្នុងករណីប្លន់នេះ ជាអ្នកផ្សេង ហើយក្រោយការឃុំខ្លួនកូនប្រុសរបស់លោក មកដល់ពេលនេះ ជនសង្ស័យនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ប៉ុន្តែហេតុអ្វីបានជាសមត្ថកិច្ច តុលាការ មិនព្រមដោះលែងកូនរបស់លោក ឲ្យមានសេរីភាពវិញ ខណៈដែលក្រុមគ្រួសារលោក ក្រីក្រ គ្មានខ្នងបង្អែក គ្មានលុយកាក់សម្រាប់រត់ការនៅក្នុងរឿងនេះទេ ។
លោកសុច កុសល បានរៀបរាប់ដំណើររឿងនៃការឈានដល់ឃុំខ្លួនកូនប្រុសរបស់លោកនេះថា ដំបូងឡើយ កូនប្រុសរបស់លោកមិនដឹងរឿងអ្វីទេ គឺគេនៅចូលបុណ្យសពឪពុកលោក ដែលជាជីតារបស់គេដែលស្លាប់ ហើយគេថែមទាំងបួសមុខភ្លើងទៀតផង ។ លុះចូលដល់វេលាម៉ោងជិត ៥ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រោយចប់ពិធីបុណ្យសពឪពុករបស់លោក មានករណីប្លន់ម៉ូតូនារីម្នាក់ ឈ្មោះទៀង ជាកូនអ្នករស់នៅក្នុងភូមិជាមួយគ្នា និងជាស្រីមេម៉ាយ នៅចំណុចក្រោយវត្តឈូកស ដោយជនល្មើសយកម៉ូតូទៅបាត់ បានសម្រេច តែនារីជាជនរងគ្រោះ មិនបានគ្រោះថ្នាក់ដល់ជីវិតទេ គ្រាន់តែរងរបួសពីក្រោយ ដោយការវ៉ៃរបស់ជនល្មើស ។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅកន្លែងប្រធានភូមិ ឲ្យជូនដំណឹងទៅមេប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ព្រះស្រែ ពីរឿងបាត់ម៉ូតូនេះ ខណៈដែលកូនប្រុសរបស់លោក បាននៅដេកលើផ្ទះជាមួយឪពុកម្ដាយ ព្រោះក្រោយចប់ពិធីបុណ្យ មានអារម្មណ៍ហត់នឿយរៀងខ្លួន ។ ម្យ៉ាងទៀត ទោះបីរស់នៅក្នុងភូមិជាមួយគ្នាក៏ដោយ ក៏កូនប្រុសរបស់លោក និងនារីដែលត្រូវគេប្លន់ម៉ូតូនោះ គ្រាន់តែស្គាល់គ្នាធម្មតា មិនមានទាក់ទងគ្នាជិតស្និទ្ធ ឬដើរលេងជាមួយគ្នាលើសពីហ្នឹងទេ តែក្រោយជនរងគ្រោះដាក់ពាក្យបណ្ដឹង ខាងមេប៉ុស្តិ៍ព្រះស្រែ បានហៅកូនប្រុសរបស់លោកទៅសាកសួរ ដោយប្រាប់ថា គ្រាន់តែសាកសួរត្រឹមប៉ុស្តិ៍ទេ គឺក្រោយសាកសួរចប់ នឹងឲ្យមកផ្ទះវិញហើយ ដោយអត់យកទៅណាទេ ។ ពេលនោះដែរ អាងតែកូនអត់មានខុសអីផង ពួកលោកជាឪពុកម្ដាយ ក៏ឲ្យកូនទៅតាមការកោះហៅរបស់មេប៉ុស្ដិ៍នោះ ប៉ុន្តែពេលដល់ប៉ុស្ដិ៍ ស្រាប់តែដេញលោកនិងប្រពន្ធឲ្យមកឈរនៅជិតផ្លូវជាតិ ដោយមិនឲ្យនៅក្បែរប៉ុស្តិ៍ទេ ហើយបានឲ្យកូនប្រុសរបស់លោកផ្ដិតមេដៃ និងមួយសន្ទុះក្រោយមក ក៏ឃើញឡានសឺរ៉ែន មកដឹកកូនប្រុសរបស់លោកយកទៅបាត់តែម្ដង ។
បុរសជាឪពុក បានរៀបរាប់បន្តថា នៅពេលកូនប្រុសរបស់លោក ត្រូវចាប់ខ្លួននោះ ខាងក្រុង ប្រាប់ថា គេប្ដឹងឲ្យចាប់កូនរបស់លោក ហើយលោកក៏បានឆ្លើយតបទៅវិញថា តើឲ្យចាប់កូនរបស់លោកយ៉ាងម៉េច បើនៅដេកលើផ្ទះជាមួយលោក តាំងពីឪពុកលោកឈឺ រហូតដល់ឪពុកលោកស្លាប់ ហើយបួសមុខភ្លើង ទើបនឹងសឹកទៀត? ខាងសមត្ថកិច្ច ក៏រុញឲ្យទៅសួរសាមីខ្លួន (ឪពុកជនរងគ្រោះ) ហើយលោកក៏ទៅសួរ តែឪពុកជនរងគ្រោះនោះឆ្លើយថា គាត់មិនបានប្ដឹងប៉ូលិស ឲ្យចាប់កូនរបស់លោកទេ ដែលលោកស្ដាប់ឮហើយ ក៏សួរសង្កត់ធ្ងន់ទៅវិញថា បើមិនបានប្ដឹង ហេតុអីក៏ប៉ូលិស មកចាប់កូនរបស់លោក? ហើយលោកក៏បានស្នើសុំឲ្យគាត់ដកពាក្យបណ្ដឹងចេញវិញ តែគាត់បានឆ្លើយថា បើឲ្យគាត់ដកពាក្យបណ្ដឹងចេញ ទាល់តែលោកសងម៉ូតូឲ្យកូនស្រីគាត់វិញ តែលោកប្រកែកថា ឲ្យសងម៉ូតូដល់កូនស្រីគាត់យ៉ាងម៉េច បើកូនប្រុសរបស់លោក មិនបានប្លន់ម៉ូតូរបស់នាងផង ? យ៉ាងណា មកដល់ពេលនេះ ជនសង្ស័យដែលប្លន់ម៉ូតូកូនស្រីគាត់នោះ ត្រូវបានសមត្ថកិច្ចចាប់បានហើយ និងបានបញ្ជូនទៅតុលាការហើយ បើទោះបីជនសង្ស័យនោះ បានប្រកែកថា រើសបានតែកាតគ្រី និងអត្តសញ្ញាណប័ណ្ណ ឯម៉ូតូមិនដឹងនៅទីណាក៏ដោយ ។ បានន័យថា ការចាប់បានជនសង្ស័យនេះ អាចបញ្ជាក់បានថា កូនប្រុសរបស់លោក ពិតជាមិនបានប្រព្រឹត្តអំពើចោរកម្មនេះទេ គួរតែត្រូវបានដោះលែងគេ ឲ្យបានត្រលប់មកផ្ទះ ជួបឪពុកម្ដាយវិញ តែខាងពន្ធនាគារខេត្ត នៅតែបន្តឃុំខ្លួនកូនរបស់លោក ទើបលោកនៅតែស្រែករកយកយុត្តិធម៌ ទាមទារឲ្យដោះលែងកូនរបស់លោកមកវិញ ។
បុរសខាងលើ បានថ្លែងថា “ចាប់បានអាចោរដែលប្លន់ហ្នឹងហើយ បានឃើញអត្តសញ្ញាណប័ណ្ណ ឃើញកាតគ្រីម៉ូតូ អស់ហើយ តែអត់ព្រមដោះលែងកូនខ្ញុំសោះ ។ កាលពីថ្ងៃទី២៥ (សីហា) គេកោះហៅតែខាងជនរងគ្រោះទៅ តែខាងគ្រួសារខ្ញុំ គេអត់ឲ្យដឹងផង… ។ កន្លងមក កូនខ្ញុំ និងកូនគេ (ឪពុកជនរងគ្រោះ) អត់ដែលមានទំនាក់ទំនងគ្នាជិតស្និទ្ធទេ នៅស្រុក នៅភូមិជាមួយគ្នាមែន តែមិនដែលទៅលេងទៅសើចហ្នឹងទេ ។ ឥឡូវខ្ញុំមិនទាន់បានដាក់ពាក្យបណ្ដឹងទៅខាងណា ខ្ញុំមិនដឹងទៅដាក់ឯណាផង ព្រោះខ្ញុំវាល្ងឹតល្ងង់ ។ មកដល់ឥឡូវ ក៏មិនឮសមត្ថកិច្ចសម្រេចយ៉ាងម៉េច ខណៈកូនខ្ញុំនៅក្នុងពន្ធនាគាររាល់ថ្ងៃ… ។ ខ្ញុំចង់ឲ្យបានកូនមកវិញ ព្រោះកូនអត់មានខុសអីសោះ…” ។
ទោះបីយ៉ាងណា ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការឆ្លើយតបពីខាងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ព្រះស្រែ អធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ និងពីខាងមន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺ បានទេ កាលពីម្សិលមិញ ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ ៕ កុលបុត្រ