ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទប់ស្កាត់និងឆ្លើយតបនឹងជំងឺអឹមផក (Mpox) ឬអុតស្វា ។

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។
គោលបំណងនៃការចុះត្រួតពិនិត្យ ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក (Mpox clade1.B) ឬអុតស្វា ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នកដំណើរទាំងអស់។ ពង្រឹងយន្តការបន្ថែមទៀតយ៉ាងហ្មត់ចត់ ក្នុងការ តាមដានកម្តៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេតតាមដានរាល់អ្នកដំណើរគ្រប់ច្រកចេញ-ចូលទាំងអស់។

ក្រសួងសុខាភិបាល បានណែនាំថា ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់និងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់។ ក្រុមការងារបានឯកភាពបន្ថែមម៉ាស៊ីនស្កែនកម្តៅ និង រៀបចំដំទ្បើងរូបភាពសារជាវីដេអូសំខាន់ៗ ជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីជំងឺអឹមផក (Mpox) ។

ការចុះពិនិត្យទីតាំងនេះដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុនបារាំង និងសហការី តំណាងនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) ព្រមទាំងក្រុមការងារចត្តាទ្បីស័ក ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីពាក់ព័ន្ធទាំងអស់ផងដែរ៕