Friday, November 29, 2024
Homeព័ត៌មានជាតិខេត្តកំពត សង់នាឡិកាយក្ស កម្ពស់៣៥ម៉ែត្រ

ខេត្តកំពត សង់នាឡិកាយក្ស កម្ពស់៣៥ម៉ែត្រ

ខេត្តកំពត ៖ លោកម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យដោយផ្ទាល់ទីតាំងសមិទ្ធផលទេសចរណ៍ថ្មីសន្លាងមួយបន្ថែមទៀត បន្ទាប់ពីឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក នោះគឺនាឡិកាធំ ដែលខ្ពស់ជាងគេ នៅកម្ពុជា។

តាមប្រភពមន្ត្រីជំនាញ បានបញ្ជាក់ប្រាប់ថា សមិទ្ធផលថ្មីរបស់ខេត្តកំពត គឺនាឡិកាដែលខ្ពស់ជាងគេនៅកម្ពុជា នេះ មានមុខកាត់អង្កត់ផ្ចិតទំហំ ៩,៧ម៉ែត្រ និងមានកម្ពស់៣៥ម៉ែត្រ ត្រូវបានលើកបំពាក់មុខនាឡិកា រួចរាល់ហើយ។

មន្ត្រីជំនាញ បានបន្តថា សមិទ្ធផលថ្មីនេះ នឹងធ្វើឱ្យខេត្តកំពត កាន់តែមានភាពទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តកំពត កាន់តែច្រើន ដោយសារសំណង់នាឡិកានេះ គឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជា ទាំងមូល បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់លោកម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្តមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ពិសេសលោកអភិបាលខេត្ត បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍ មុនគេ។

ជាមួយគ្នានេះដែរ តាមប្រសាសន៍របស់លោកអភិបាលខេត្ត កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា នៅពេលខាងមុខ ខេត្តនឹងបង្កើតឱ្យមានឆ្នេរសមុទ្រកម្សាន្តមួយបន្ថែមទៀត បន្ទាប់ពីនាឡិកាខ្ពស់និងធំជាងគេនេះ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេស ចរ ខេត្តគ្រោងនឹងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយ មួយបន្ថែមទៀត៕

RELATED ARTICLES