ខេត្តកំពង់ស្ពឺ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានចុះងូតទឹកស្ទឹងតែម្នាក់ឯង រួចក៏លង់ស្លាប់យ៉ាង អាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្ទឹងកន្ទួត ស្ថិតក្នុងភូមិ កន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់។
ស្ត្រីរងគ្រោះមានឈ្មោះទេស ឃីម អាយុ ៨៣ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីលោកទេស ភឿង ជាមេភូមិ កន្ទួត និងត្រូវជាក្មួយបង្កើតរបស់លោកយាយ រងគ្រោះ បានរៀបរាប់ប្រាប់ថា ម្តាយមីងរបស់ លោក (ជនរងគ្រោះ) គឺជាមនុស្សចាស់ជរា និងឧស្សាហ៍កើតមានអាការវិលមុខឈឺក្បាល ហើយវង្វេងវង្វាន់ដើរបាត់ៗពីផ្ទះជាញឹកញាប់។ នៅមុនពេលកើតហេតុ ម្តាយមីងរបស់លោក បានដើរចេញទៅងូតទឹកស្ទឹងនៅកន្លែងកើតហេតុខាងលើតែម្នាក់ឯង ដោយគ្មានកូនចៅ ណាម្នាក់ បានទៅជាមួយមើលថែឡើយ បន្ទាប់ មកក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ទើបធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោតាមស្វែង រកមិនឃើញ ក៏នាំគ្នាចុះរាវរកនៅក្នុងទឹកស្ទឹង ស្រាប់តែប្រទះឃើញសពម្តាយមីងស្លាប់បាត់ ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹង ករណីអ្វីផ្សេងនោះទេ។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារដឹកមកកាន់លំនៅឋាន ដើម្បី រៀបចំធ្វើបុណ្យ តាមប្រពៃណី៕ អ៊ុំ ណូន