Friday, November 29, 2024
Homeសង្គម និងជីវិតព្រះអង្គចន្ទមុនី ក្រុមប្រ.../ឆាំងចោទ សម្តែងល្ខោនព្រំដែន អ្នកជឿបា.../ត់ជំនឿ

ព្រះអង្គចន្ទមុនី ក្រុមប្រ…/ឆាំងចោទ សម្តែងល្ខោនព្រំដែន អ្នកជឿបា…/ត់ជំនឿ

ភ្នំពេញ ៖ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ខេត្តកំពង់ឆ្នាំង ត្រូវបានអ្នកជឿបាត់ជំនឿ នាំគ្នាកម្ទេចយ័ន្ត និងរូបថត (ឆាយា) ចោល ដោយសារខឹងព្រះអង្គ បាននិមន្តចុះពិនិត្យព្រំដែន នៅភាគឦសាន ប្រទេសកម្ពុជា ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-វៀតណាម-ឡាវ (CLV-DTA)   ហើយបានមានថេរដីកាថា បង្គោលព្រំដែនកម្ពុជា បោះរាងចូលដីគេ (វៀតណាម) បន្តិចផង ។

ចំណែកអតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានចោទព្រះសង្ឃ ចន្ទមុនី ថាសម្តែងឆាកល្ខោនព្រំដែន តាមការរៀបចំរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា ទើបធ្វើឲ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទដែលធ្លាប់តែគោរពជឿព្រះអង្គ បាត់បង់ជំនឿ រហូតខឹងសម្បា បំផ្លាញរូបថត និងយ័ន្តរបស់ព្រះអង្គ ចោលអស់។

 គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ ព្រះធម្មវនាវាសី ចន្ទមុនី បាននិមន្តទៅទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-វៀតណាម-ឡាវ (CLV-DTA)  ។ នៅក្នុងដំណើរនិមន្តទស្សនកិច្ចនោះ ព្រះអង្គចន្ទមុនី មានថេរដីកាថា បង្គោលព្រំដែនកម្ពុជា មានតែចង់ចូលដីគេ (វៀតណាម) បន្តិចផង ។ ក្រោយពីព្រះអង្គ មានថេរដីកាបែបនេះ មានប្រជាពលរដ្ឋជាច្រើន បានផ្ទុះប្រតិកម្ម រិះគន់ព្រះអង្គ និងមានអ្នកខ្លះដែលធ្លាប់ជឿលើព្រះអង្គ ថាមានបារមីខ្លាំងពូកែ និងបានជាវរូបថត និងយ័ន្តរបស់ព្រះអង្គ ដាក់នៅផ្ទះ រថយន្តជាដើម បានយករូបថត យ័ន្តទាំងនោះ បោះចោល កាត់ ហែក ដំ ដុតចោល រហូតខ្លះបានយកជើងជាន់ ដោយសារបាត់ជំនឿលើព្រះអង្គ ។

ជុំវិញប្រតិកម្ម រិះគន់ព្រធម្មវនវាសី ចន្ទមុនី ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ថា ដោយសារតែព្រះសង្ឃ ចន្ទមុនី មានថេរដីកាមិនពិត ថាកម្ពុជាបោះបង្គោល ចង់ចូលដីវៀតណាមបន្តិចហ្នឹងហើយ បានជាប្រជាពលរដ្ឋ អស់ជំនឿ លែងគោរពព្រះអង្គ រហូតកម្ទេចរូបថត និងយ័ន្តរបស់ព្រះអង្គចោលបែបនេះ ។

 លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ការដែលសង្ឃ ចន្ទមុនី ថាកម្ពុជា បោះបង្គោលចូលដីគេបន្តិចហ្នឹង តាមពិត ចង់ថា ខ្មែរយើងបោះបង្គោលចូលដីយួនហ្នឹង វាមិនអាចនោះទេ យួន គេឆ្លាតណាស់ យើងមិនអាចទៅយកដីយួន បានទេ មានតែយួន ចូលដីខ្មែរយើង តាមប្រវត្តិសាស្រ្ត មិនដែលយួន ចូលដីយួន នោះទេ ហើយនិយាយនេះ ដូចលោកបណ្ឌិត សុខ ទូច និយាយដែរហ្នឹង ដែលថាលោកហេង សំរិន ទៅយកដីយួន អ៊ីចឹង ដោយអ្នកទាំងពីរហ្នឹង ឲ្យតែមានការរៀបចំពីលោកហ៊ុន សែន គឺទៅបំផ្លើសការពិតហើយ និយាយបោកប្រាស់ប្រជាពលរដ្ឋហើយ ។ ដូច្នេះព្រះសង្ឃ ចន្ទមុនី ហ្នឹង គឺលោកហ៊ុន សែន រៀបចំឆាកល្ខោនឲ្យសម្ដែងនោះទេ ដើម្បីបំបែរសភាពការណ៍ពីតំបន់អភិវឌ្ឍន៍ត្រីកោណ ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងជឿទៅលើព្រះអង្គ ហើយមេដឹកនាំអស់តម្រិះ ដែលប្រជាពលរដ្ឋលែងជឿ អ៊ីចឹងមានតែយកព្រះសង្ឃហ្នឹង ទៅជួយឃោសនាឲ្យខ្លួន ។ ដូច្នេះដោយសារតែព្រះសង្ឃ ចន្ទមុនី ហ្នឹង មានថេរដីកាមិនពិតហ្នឹងហើយ បានជាប្រជាពលរដ្ឋ អស់ជំនឿ លែងគោរពព្រះអង្គ ហើយនិងរហូតកម្ទេចរូបថត យ័ន្តរបស់ព្រះអង្គអីហ្នឹង ។ អាហ្នឹងដោយសារតែការពារជនផ្ដាច់ការ ការពារជនក្បត់ជាតិ កាត់ដីឲ្យយួន មិនការពារខ្មែរ មិនការពារទឹកដីខ្មែរ មិនការពារប្រជាពលរដ្ឋខ្មែរ ហើយនៅខាងជនផ្ដាច់ការ ជនក្បត់ជាតិ ដែលបម្រើឲ្យយួន ។ អ៊ីចឹងហើយបានជាប្រជាពលរដ្ឋអស់ជំនឿ ហើយនិងខឹងនឹងព្រះអង្គ“ ។

គួរបញ្ជាក់ថា ក្រោយពេលព្រះធម្មវនាវាសី ចន្ទមុនី ទស្សនកិច្ចព្រំដែន តំបន់អភិវឌ្ឍន៍ត្រីកោណ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ហើយនិយាយថា បង្គោលព្រំដែនកម្ពុជា បោះរាងចូលដីវៀតណាមបន្តិចផងនោះមក មានប្រតិកម្មពីប្រជាជនខ្មែរមួយចំនួន រហូតមានអ្នកដែលធ្លាប់ជឿថាព្រះអង្គមានបារមីខ្លាំងពូកែនោះ បាននាំគ្នាយករូបថត យ័ន្ត របស់ព្រះអង្គ មកហែក កាត់ ដំ បោះចោលនៅគំនរសំរាម រហូតមានអ្នកខ្លះយកជើងជាន់រូបថតព្រះអង្គទៀតផង ដោយគេប្រកាសថា ឈប់ជឿព្រះអង្គទៀតហើយ ។ ជាមួយគ្នានេះ ក៏មានអ្នកខ្លះបានយកវីដេអូចាស់ៗរបស់ព្រះអង្គ មកបង្ហោះសាជាថ្មី ដោយចោទថា ព្រះអង្គ ចន្ទមុនី កុហកពុទ្ធបរិស័ទ រឿងថាព្រះអង្គចូលក្នុងព្រៃ ធ្វើធុតង្គ រយៈពេល១០ឆ្នាំ ប៉ុន្តែមានភស្តុតាងថា ព្រះអង្គទើបតែបួសបានប្រមាណ ៥វស្សាប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២៤ (បួសក្នុងឆ្នាំ២០១៨ នៅវត្តមួយ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៌ ។ ក្រៅពីនេះក៏មានវីដេអូមួយ បានបង្ហោះថា កាលឆ្នាំ២០២០ ព្រះអង្គចន្ទមុនី បាននាំបងប្អូន សាច់ញាតិ ក្រុមគ្រួសារ ទៅលេងព្រៃហេមពាន្តប្រទេសឥណ្ឌា ដូច្នេះតើព្រះចូលព្រៃ ១០ឆ្នាំ បានយ៉ាងម៉េច? ឬក៏ព្រះអង្គ មានព្រះកាយពីរបី ទើបអាចបែងភាគទៅគង់ក្នុងព្រៃផង និងទៅប្រទេសឥណ្ឌា ផង?

 ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋខ្មែរ មួយចំនួនទៀត បានសម្ដែងការហួសចិត្តដែរ ដែលរដ្ឋាភិបាល លើកតម្កើងព្រះអង្គ ចន្ទមុនី បន្តដើរបក់ផ្លិតផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាល រឿងព្រំដែន តំបន់ CLV ដោយមជ្ឈដ្ឋានទាំងនោះ បានលើកឡើងថា នៅក្នុងរដូវចូលវស្សា រយៈពេល៣ខែ ភិក្ខុ សាមណេរ នៅតាមវត្តអារាម បានបវរណាចាំវស្សា ធ្វើកិច្ចវត្ត និងសិក្សារៀនសូត្រតាមព្រះវិន័យ ដោយមិនហ៊ាននិមន្ត ឬធ្វើដំណើរទៅកាន់ទីកន្លែងឆ្ងាយពីវត្ត ឱ្យកន្លងហួស ១រាត្រីឡើយ តែព្រះអង្គចន្ទមុនី បាននិមន្តបក់ផ្លិតនៅខេត្តជាប់ព្រំដែន ពីខេត្តមួយ ទៅខេត្តមួយ ដាច់យប់ ច្រើនថ្ងៃ ដោយមិនបានគង់ចាំវស្សា ដូចភិក្ខុ សាមណេរដទៃឡើយ ។

ជាក់ស្តែង លោកមុត ចន្ថា ជំនួយការលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកន្លងទៅតែងរិះគន់ វាយប្រហារព្រះអង្គ ចន្ទមុនី យ៉ាងចាស់ដៃនោះ បានលើកឡើងថា ព្រះអង្គ ចន្ទមុនី ជាសង្ឃបារាជិក មិនបានរៀននិងបដិបត្តិតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ តាំងខ្លួនជាមនុស្សមានបុណ្យបារមីខាងព្រហ្មញ្ញ ជំនឿលើមន្តអាគមផ្លូវក្នុង ខ្មោច ព្រាយបិសាច ដើរបក់ផ្លិត រហូតតាំងខ្លួនឯងជាអ្នកជំនាញព្រំដែន ហ៊ាននិយាយថា កម្ពុជា បោះបង្គោលព្រំដែនចូលទៅក្នុងដីយួន។

លោកមុត ចន្ថា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ថា «សង្ឃបារាជិក សុន ចាន់វីរ: មហាចង្រៃក្នុងព្រះពុទ្ធសាសនា! ភិក្ខុអគ្គធម្មោ ពិសី : “សង្ឃបួសហើយ មិនបានសិក្សាតាមធម៌ តាមវិន័យ ច្បាប់កម្មផល បានត្រឹមត្រូវទេ ដឹកនាំគេខុស លោកសង្ឃ គឺក្បាលម៉ាស៊ីនចង្រៃបំផុត…”។

នេះមិនខុសអីនឹងសង្ឃបារាជិក សុន ចាន់វីរ: ហៅ ចន្ទមុនី នោះទេ ដែលមិនបានរៀននិងបដិបត្តិតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ ដែលតាំងខ្លួនជាមនុស្សមានបុណ្យបារមីខាងព្រហ្មញ្ញ ជំនឿលើមន្តអាគម ផ្លូវក្នុង ខ្មោច ព្រាយ បិសាច ដើរបក់ផ្លិត ប្រោះព្រំ រហូតតាំងខ្លួនឯងជាអ្នកជំនាញព្រំដែនហ៊ាននិយាយថា កម្ពុជា បានបោះបង្គោលព្រំដែនចូលទៅក្នុងដីយួន។ សង្ឃប្រភេទនេះ គឺមហាចង្រៃក្នុងព្រះពុទ្ធសាសនា។ អ្នកដែលកំពុងប្រើប្រាស់សង្ឃបារាជិក សុន ចាន់វីរ: ឱ្យដើរបោកបញ្ឆោត បំភ្លៃ ភូតកុហកប្រជាពលរដ្ឋខ្មែរ និងបញ្ជាឱ្យមន្រ្តីតូចធំ រួមទាំងកងកម្លាំងប្រដាប់អាវុធ ដើរហែរហម ផ្តល់មធ្យោបាយគ្រប់យ៉ាង ក៏កំពុងបំផ្លាញព្រះពុទ្ធសាសនា យ៉ាងបើកចំហផងដែរ»។

ទោះបីជាយ៉ាងណា ជុំវិញប្រតិកម្ម និងការរិះគន់ខាងលើនេះ «នគរធំ» មិនអាចទាក់ទង់សុំព្រះយោបល់ ការបំភ្លឺឆ្លើយតបពីព្រះធម្មវនវាសី ចន្ទមុនី បានទេ កាលពីល្ងាចម្សិលមមិញ៕ កុលបុត្រ

RELATED ARTICLES