ភ្នំពេញ ៖ សម្ដេចចៅហ៊្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណ ភាព នៅថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងព្រះបរមរាជវាំង។
សេចក្តីជូនដំណឹង របស់ក្រសួងព្រះបរមរាជវាំង ចុះថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «ក្រសួងព្រះបរមរាជវាំង មានកិត្តិយស សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាជ្រាបថា សម្តេចចៅហ៊្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។
សពសម្តេចចៅហ៊្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បីប្រារព្ធពិធីបុណ្យ តាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៨) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាជ្រាប និងមេត្តាអញ្ជើញចូលរួមក្នុងពិធីបុណ្យសពខាងលើ តាមសទ្ធាជ្រះថ្លា» ។
សម្ដេចហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រីឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ចំពោះមរណភាពរបស់សម្ដេចចៅហ៊្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកស្រីឧកញ៉ាធម្មាមង្គលមុនី ដោយសម្តេច បានលើកឡើងថា មរណភាពសម្តេចចៅហ៊្វាវាំង គង់ សំអុល ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគំរូដ៏ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិត សម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិនិងប្រជាជន ពិសេសក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាមអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ច ការជាតិ និងអន្តរជាតិ ព្រមទាំងបានចូលរួមចំណែកដ៏ធំធេងនិងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយកាកបាទក្រហមកម្ពុជា។
សារលិខិតសម្តេចហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ចស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ផ្ញើជូនលោកស្រីឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល មានខ្លឹមសារទាំងស្រុងថា «លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ជាទីរាប់អាន!
ខ្ញុំនិងភរិយា មានសេចក្តីតក់ស្លុតនិងរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងក្រៀមក្រំជាទីបំផុតថា សម្ដេចចៅហ៊្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោកជំទាវឧកញ៉ាធម្មាមង្គលមុនី បានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាននេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមសម្តែងនូវការសោកស្តាយប្រកប ដោយក្តីសង្វេគ ចំពោះមរណភាពសម្តេចចៅហ៊្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគំរូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ ចំពោះ ក្រុមគ្រួសារ ដែលកន្លងមក សម្តេច តែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ខិតខំចិ ញ្ចឹមបីបាច់ថែរក្សានិងអប់រំទូន្មានប្រៀនប្រដៅបុត្រីធីតានិងចៅៗ រហូតបានក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពសម្តេចចៅហ៊្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគំរូដ៏ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិតសម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិនិងប្រជាជន ពិសេសក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាមអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើន លើកិច្ចការជាតិ និងអន្តរជាតិ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេងនិងយ៉ាងសកម្ម ក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ជាមួយសមាគមកាកបាទក្រហមកម្ពុជា។ ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធសម្តេចចៅហ៊្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំនិងសោកស្តាយបំផុត ពីខ្ញុំនិងភរិយា»៕ ខៀវទុំ