Friday, November 29, 2024
Homeព័ត៌មានជាតិរដ្ឋមន្ត្រីសុខាភិបាល ថាកម្ពុជា មិនទាន់មានជំ.../ងឺអុត.../ស្វាថ្មី

រដ្ឋមន្ត្រីសុខាភិបាល ថាកម្ពុជា មិនទាន់មានជំ…/ងឺអុត…/ស្វាថ្មី

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា មកទល់ពេលនេះ ជំងឺអុតស្វា (Mpox) ប្រភេទថ្មី clade1.B នៅមិនទាន់មានវត្តមានក្នុងប្រទេសកម្ពុជានៅឡើយទេ។

ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើឡើងក្នុងឱកាសចុះពិនិត្យទីតាំងរក្សាវ៉ាក់សាំងនៅមជ្ឍមណ្ឌលគាំពារមាតា ទារកនិងកុមារ និងនៅឃ្លាំងរក្សាទុកវ៉ាក់សាំង កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋមន្ត្រី បានថ្លែងថា “ករណីអុតស្វា ឬដែលហៅថា Mpox ប្រភេទថ្មី clade1.B មិនទាន់ឆ្លងចូលប្រទេសកម្ពុជា នៅឡើយទេ”។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងសុខាភិបាល ក្រុមចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែនគោក ក៏កំពុងតែតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះអ្នកជំងឺដែលចូលមកទឹកដីប្រទេសកម្ពុជា តាមរយៈការស្កេនមើលនៅលើដៃ និងរោគសញ្ញាលើអ្នកធ្វើដំណើរចូលមកកម្ពុជា។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ស្វែងយល់ពីការផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺអុតស្វា នេះ តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ហើយក្នុងករណីមានការសង្ស័យ សូមអញ្ជើញមកមន្ទីរពេទ្យ ឬមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីត្រួតពិនិត្យឱ្យកាន់តែច្បាស់ថា មែនឬ មិនមែន ពិសេសដើម្បីទទួលបានការព្យាបាលឱ្យបានត្រឹមត្រូវ សុវត្ថិភាព។

លោកបានបន្តថា នៅកម្ពុជា កន្លងទៅធ្លាប់តែមានតែជំងឺអុតស្វា ប្រភេទចាស់ (clade2) ដែលមានសភាពស្រាលៗ មិនបង្កហានិភ័យដល់ជីវិតមនុស្សឡើយ ក្នុងនោះមានតែ ២០ករណី និងបានព្យាបាលជាសះស្បើយអស់ហើយ។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ដោយទទួលបានអនុសាសន៍ណែនាំពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ប្រតិភូអន្តរក្រសួង ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋ លេខាធិការក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យនៅតាមច្រកចេញចូលអាកាសដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីពិនិត្យរួមគ្នាក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក (អុតស្វា) ចូលមកកម្ពុជា ក្នុងគោលបំណងដើម្បីពិនិត្យ រួម គ្នាទប់ស្កាត់ការនាំចូលជំងឺអុតស្វា ប្រភេទថ្មី (MPOX clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នកដំណើរទាំងអស់ផងដែរ។ លើសពីនោះ គឺពង្រឹងយន្តការបន្ថែមទៀតយ៉ាងហ្មត់ចត់ ក្នុងការតាមដានកម្តៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេតតាមដានរាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់៕

RELATED ARTICLES