ខេត្តសៀមរាប ៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មាន និងចែករំលែកតាមបណ្តាញសង្គម ពីដំណើរជីវិតក្មេងប្រុសស្រី២នាក់បងប្អូន ដែលត្រូវឪពុកម្តាយចងកសម្លាប់ខ្លួនជាបន្តបន្ទាប់ ទុកឱ្យទាំង២នាក់បងប្អូនរស់នៅកំព្រាគ្មានទីពឹង ខ្វះមុខខ្វះក្រោយ គ្មានទីពឹងរួចមក ក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប អាជ្ញាធរស្រុក អនុសាខាកាកបាទ ក្រហមស្រុក និងអាជ្ញាធរឃុំ រួមទាំង លោកមេភូមិ បានចុះ សួរសុខទុក្ខក្មេងទាំង២នាក់ និងសម្របសម្រួល ឱ្យក្មេងទាំង២ទៅរស់នៅមណ្ឌលកុមារកំព្រា តែក្មេងទាំង២នាក់បងប្អូន បដិសេធ ដោយចង់រស់នៅជាមួយម្តាយមីង។
ក្មេងកំព្រាទាំង២នាក់បងប្អូន ប្អូនប្រុសមានឈ្មោះថូ ថាវ អាយុ៨ឆ្នាំ ចំណែកបងស្រី មានឈ្មោះថូ សុឡាត់ អាយុ១២ឆ្នាំ ជាកូនកំព្រា រស់នៅក្នុងកូនខ្ទមកំសត់ដាច់ស្រយាល ស្ថិតក្នុងភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
តាំងពីឪពុកនិងម្តាយធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) អស់រយៈ៣ឆ្នាំមក និងត្រូវជីដូនស្លាប់ចោលថែមទៀតនោះ ក្មេងស្រីជាកូនច្បង បានដើរតួនាទីជាម្តាយផង ឪពុកផង មើលថែប្អូនប្រុសអាយុ៨ឆ្នាំ ខណៈគ្មានអាហារហូបចុកគ្រប់គ្រាន់ឡើយ។
ជុំវិញករណីខាងលើនេះ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា នាពេលថ្មីៗនេះ មានបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះអំពីជីវិតដ៏សង្វេគរបស់ក្មេងស្រី និងប្អូនប្រុស ដែលបានឪពុកម្តាយមានជីវភាព ក្រីក្រខ្វះខាតស្លាប់ចោល មានទីតាំងស្ថិតនៅភូមិប្រា សាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ចំពោះករណីខាងលើក្រុមការងារ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប អាជ្ញាធរស្រុក អនុសាខាកាកបាទ ក្រហមស្រុក និងអាជ្ញាធរឃុំ រួមទាំងលោកមេភូមិប្រាសាទចារ្យ បានចុះសួរសុខទុក្ខជាមួយកុមារីអាយុ១២ឆ្នាំ និងកុមារាអាយុ៨ឆ្នាំ ដែលកុមារ ទាំងពីររូប សព្វថ្ងៃរស់នៅជាមួយម្តាយមីងអាយុ២៧ឆ្នាំ ជាលើកទី២ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ រួចមកហើយ។
ជាមួយគ្នានេះ ករណីគួរឱ្យសង្វែកលើកុមារទាំងពីររូប បានកើតឡើងដោយសារឪពុកបានធ្វើអត្តឃាតកំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ហើយ ម្តាយក៏បានធ្វើ អត្តឃាតតាមក្រោយ នៅថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០២៣ ដោយបន្សល់ទុកកូនៗឱ្យរស់នៅជាមួយជីជូន រហូតដល់ទទួលអនិច្ចកម្ម ដោយសារជរាពាធនៅថ្ងៃ១៦ ខែឧសភា ២០២៤។ក្រោយពីទទួលបានដំណឹងនាពេលនោះ ក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តសៀមរាប និងក្រុមការ ងារពាក់ព័ន្ធដទៃទៀត បានចុះទៅសួរសុខទុក្ខប្រាស្រ័យ ទាក់ទង និងបានព្យាយាមសម្របសម្រួល ដើម្បីបញ្ជូនកុមារ កំព្រាទាំងពីររូបខាងលើទៅ រស់នៅក្នុងមណ្ឌលកុមារកំព្រាតាមរយៈអង្គការដៃគូម្តងទៀត ប៉ុន្តែត្រូវកុមារទាំងពីររូប បដិសេដមិនព្រមទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ដោយ ចង់រស់នៅជាមួយម្តាយមីង និងទីកន្លែងកំណើត។
លើសពីនេះ ក្រុមការងារ និងអង្គការដៃគូ ក៏បានផ្តល់នូវថវិកាចំនួន ១២០០ដុល្លារ កង់ ១គ្រឿង សម្រាប់ជាមធ្យោ បាយធ្វើដំណើរទៅសាលារៀន និងគ្រឿងឧបភោគ-បរិភោគ ជារៀងរាល់ត្រីមាស រួមទាំងបានដាក់ពាក្យស្នើសុំរៀបចំជួសជុលផ្ទះចាស់ ឱ្យមានសភាពប្រសើរឡើងវិញ ទៅកាន់អាជ្ញាធរអប្សរា ផងដែរ៕